(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការពន្យារកាលបរិច្ឆេទកំណត់ឱ្យប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធ តាមអនឡាញ (E-Filing)។

អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថា ការពន្យារពេលនេះ ធ្វើឡើងតបតាមសំណូមពររបស់វិស័យឯកជន ឱ្យផ្តល់ពេលវេលាបន្ថែមក្នុងការត្រៀមខ្លួន និងបណ្ដុះបណ្ដាលបុគ្គលិក ដើម្បីអាចប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិត ប្រកាសពន្ធតាមអនឡាញ (E-Filing) ប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាព។

អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចពន្យារកាលបរិច្ឆេទកំណត់ឱ្យប្រើ ប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (E-Filing) រហូតដល់ដំណាច់ឆ្នាំ ២០២០ ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ ២០២១ តទៅ»

ទន្ទឹមនឹងនេះ អ្នកជាប់ពន្ធដែលមិនទាន់ត្រៀមខ្លួនរួចរាល់ អាចដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធប្រចាំខែ ស្របតាមទម្រង់លិខិតប្រកាស ដែលកំពុងអនុវត្តជាធរមាន និងបន្តប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (Online-VAT Refund and Online-VAT Credit)។ ដោយឡែក អ្នកជាប់ពន្ធដែលបានចាប់ផ្តើមដាក់លិខិតប្រកាសតាមរយៈប្រព័ន្ធ E-Filing អាចបន្តប្រើប្រាស់ប្រព័ន្ធនេះជាធម្មតា។

អគ្គនាយកដ្ឋានពន្ធដារ ក៏សង្ឃឹមជឿជាក់ថា ការពន្យារកាលបរិច្ឆេទកំណត់ឱ្យប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធ តាមអនឡាញ (E-Filing) នឹងច្បាស់ជាជួយសម្រួល និងផ្តល់លទ្ធភាពគ្រប់គ្រាន់ដល់ អ្នកជាប់ពន្ធទាំងអស់ក្នុងការបំពេញកាតព្វកិច្ច សារពើពន្ធឱ្យត្រឹមត្រូវ ស្របតាមច្បាប់ និងបទប្បញ្ញត្តិ ស្ដីពីពន្ធដារជាធរមាន៕