(កំពង់ឆ្នាំង)៖ បន្ទាប់ពីពិនិត្យឃើញមានភាពមិនប្រក្រតីចំពោះរថយន្តធុនធំដឹកទំនិញចំនួន២គ្រឿង ដែលមានពាក់ស្លាកលេខដូចគ្នា ដឹកទំនិញចេញពីខេត្តបាត់ដំបងឆ្លង កាត់ខេត្តកំពង់ឆ្នាំង ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បញ្ជាឲ្យប៉ូលីសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តឃាត់ ដើម្បីត្រួតពិនិត្យស្លាកលេខ និងទំនិញនៅលើរថយន្ត។

រថយន្តធុនធំដឹកទំនិញទាំងពីរគ្រឿងនេះ គឺជាប្រភេទរថយន្តសឺមីសណ្ដោងរ៉ឺម៉ក បន្ទាប់ពីសមត្ថកិច្ចបានឃាត់ទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងរួចមក សមត្ថកិច្ចជំនាញបានរកឃើញថារថយន្តទាំង២គ្រឿងនេះ ប្រាកដជាប្រើប្រាស់ស្លាកលេខក្លែងក្លាយដូចគ្នាពិតមែន។

*ទី១៖ រថយន្តម៉ាក HYUNAI ពណ៌ទឹកប៊ិច ពាក់ផ្លាកកលេខតាកែវ 3A-1438 កន្ទុយរ៉ឺម៉កសណ្ដោង ពាក់ផ្លាកលេខ ភ្នំពេញ 4A-2487។ ឯកសារបង់ពន្ធផ្លូវ គឺផ្លាកលេខភ្នំពេញ 3A-3180 បើកបរដោយឈ្មោះ ជឿន បូទុំ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិស្នោ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

*ទី២៖ រថយន្តម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខតាកែវ 3A-1438 ដូចរថយន្តខាងលើដែរជាប្រភេទរថយន្ត សឺមីសណ្ដោងរ៉ឺម៉កដូចគ្នា កន្ទុយសណ្ដោងរ៉ឺម៉ក ពាក់ស្លាកលេខតាកែវ 4A- 0881 បើកបរដោយឈ្មោះ សុខ ពៅ អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានចាត់ឱ្យសមត្ថកិច្ចចំរុះដែលមានសមាសភាពរួមមាន៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច, នគរបាលចរាចរណ៍ផ្លូវគោក, មន្ត្រីគយសាខាខេត្ត ដឹកនាំដោយលោកព្រះរាជអាជ្ញារង ទី មុន្និន ដើម្បីធ្វើការឆែរឆេរត្រួតពិនិត្យផ្ទៀងផ្ទាត់ទំនិញនៅលើរថយន្តទាំង២គ្រឿងនេះ ខ្លាចមានបង្កប់ទំនិញគេចពន្ធ រីឯរថយន្តទាំង២គ្រឿងនេះ ជាកម្មសិទ្ធិរបស់ឈ្មោះ ធារី ភេទស្រី និងឈ្មោះ និត ដោយមានបិទឡូហ្គូដឹកជញ្ជូនរបស់ក្រុមហ៊ុនអក្សរ K នៅលើកញ្ចក់រថយន្តទាំង២គ្រឿងនេះផងដែរ។

លោក ឈឹម សារុន នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង លោកបានឲ្យអង្គភាពព័ត៌មាន Fresh News ដឹងនៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះថា ការឆែកឆេរទំនិញនៅលើរថយន្តទាំង២ គ្រឿងនេះ គឺបានប្រព្រឹត្តទៅតាំងពីព្រឹកថ្ងៃ ទី២១ ខែកញ្ញា ឆ្នាំ២០២០ នឹងរួចរាល់នៅវេលាម៉ោង ៣រសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២០នេះ។

លទ្ធផលនៃការឆែកឆេរត្រួត ពិនិត្យទំនិញនៅលើរថយន្តទាំងពីរគ្រឿងនោះ កម្លាំងចម្រុះបានរកឃើញមានតែមីមួយមុខតែប៉ុណ្ណោះ រីឯថាតើទំនិញលើសការ កំណត់បង់ពន្ធ ឬយ៉ាងណាៗនោះលោកមិនបានដឹងទេ រឿងនេះទាក់ទងទៅនឹងនីតិវិធីរបស់មន្ត្រីគយ។

ចំពោះរថយន្តទាំងពីរគ្រឿងខាងលើនេះប្រើ ប្រាស់ស្លាកលេខក្លែងក្លាយ គឺខុសទៅនឹងផ្លូវច្បាប់ទាំងស្រុងដែលគេអាចចោទបាន ពីបទប្រើប្រាស់ឯកសារសាធារណៈក្លែង។ ឥឡូវចំពោះរថយន្តទាំង២គ្រឿងនេះ បន្ទាប់ពីរើទំនិញចេញហើយលោក នឹងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំចំណាត់ការពីតុលាការ។

បើយោងតាមប្រភពក្រៅផ្លូវការ ដែលបានបង្ហើបប្រាប់ឲ្យដឹងថា ថ្ងៃដែលសមត្ថកិច្ចឃាត់រថយន្ដពីរគ្រឿងខាងលើនេះ គឺរថយន្តទាំងអស់មាន ៣គ្រឿងដែលពាក់ស្លាកលេខតែមួយដូចគ្នា ដោយឡែកមួយគ្រឿងទៀត បានបើកហួសទៅបាត់ នៅសល់តែពីរគ្រឿងត្រូវបានសមត្ថកិច្ចឃាត់បាន ហើយរថយន្តទាំងអស់ខាងលើនេះ ពេលឡើងអីវ៉ាន់នៅផែស្ងួត លីគា បាត់ដំបងរថយន្តទាំងអស់បានដូរស្លាកលេខទៅជាស្លាកលេខតាកែវ 3A-1438 វិញមុនគយធ្វើការត្រួតពិនិត្យ ហើយរថយន្តទាំងអស់ផងដែរគឺគេកំណត់២ម៉ោង ឲ្យចេញម្ដង។

ប្រភពបានបង្ហើបបន្តទៀតថា រថយន្តដឹក ទំនិញទាំងអស់ ពេលបើកឆ្លងកាត់ខេត្តពុំបានឆ្លងកាត់ការត្រួតពិនិត្យតាមខេត្តនីមួយៗរហូតដល់ភ្នំពេញ។ ហើយរថយន្តទាំងអស់ខាងលើនេះផងដែរ ពេលសមត្ថកិច្ចឃាត់ភ្លាមសួររកឯកសារអនុញ្ញាតិការដឹកជញ្ជូន រកពុំឃើញមានឯកសារដែលពាក់ព័ន្ធក្នុងការដឹកជញ្ជូននោះឡើយ។

ជុំវិញករណីទាំងអស់នេះ សមត្ថកិច្ចក៏ដូចជាប្រជាពលរដ្ឋសង្ឃឹមថា តុលាការនឹងស៊ើបអង្កេតយ៉ាងច្បាស់លាស់ដើម្បីវែកមុខ រកម្ចាស់រថយន្ត ក៏ដូចជាមន្ត្រីខូចមួយចំនួន ដែលបានពាក់ព័ន្ធ ដើម្បីយកមកកាត់ទោសក្នុងពេលឆាប់ៗខាងមុខនេះ៕