(កណ្ដាល)៖ ព្រះអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា នឹងយាងជាព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់បំផុត សម្ភោធដាក់ឱ្យប្រើប្រាស់នូវប៉ុស្តិ៍សុខភាពសម្ដេចព្រះសង្ឃរាជ បួរ គ្រី ដែលមានទីតាំងនៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្ដាលនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ខាងមុខនេះ ។

នាថ្ងៃទី២២ ខែកញ្ញានេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបើកកិច្ចប្រជុំដាក់ផែនការការពារ សន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងពិធី។

លោកឧត្តមសេនីយ៍ស្នងការ បានលើកឡើងពីផែនការយុទ្ធសាស្តនានាជាច្រើនចំណុច ពោលគឺសំដៅដល់ការការពារផែនសន្តិសុខតាំងពីលើដងផ្លូវ រហូតដល់កន្លែងកម្មវិធី ព្រមទាំងការ ត្រៀមកម្លាំងជាច្រើននាក់ ក្នុងការរក្សាសុវត្ថិភាពជូនទ្រង់ទាំងយាងទៅទាំងក្នុងកម្មវិធី និងទាំងយាងត្រឡប់ទៅរាជធានីភ្នំពេញវិញ។

លោកឧត្តមសនេយ៍ទោស្នងការ បានសង្កត់ធ្ងន់ចំពោះកងកម្លាំងដែលមានឈ្មោះត្រូវត្រៀមការពារព្រះអង្គ និងកម្មវិធីទាំងមូល ត្រូវគោរព និងប្ដេជ្ញាធ្វើការងារឱ្យបានល្អបំផុតចៀសវាងកំហុស ទោះបីតូចក្ដីសំខាន់ឈរលើសន្តិសុខ ការពារសុវត្ថិភាពឱ្យបានម៉ឺងម៉ាត់ជាទីបំផុត។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ក៏បានណែនាំដល់លោក លោកស្រី ស្នងការរង អធិការយកចិត្តទុកដាក់ណែនាំ និងពិនិត្យមន្ត្រីក្រោមឱវាទ ពេលចុះឈរជើងតាមគោលដៅ ត្រូវខិតខំថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពថ្វាយព្រះមហាក្សត្រ និងជូនចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងធានាសុវត្ថិភាពខ្ពស់៕