(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្ត បានថ្លែងថា មន្ត្រីនគរបាលយុត្តិធម៌នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម បានពង្រឹងវិធានការ និងបង្ក្រាបបទល្មើសគ្រឿងញៀនបានជិត ២០០ករណី ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ មានការកើនឡើងជាងឆមាសនៃឆ្នាំកន្លងទៅ។

លោក អ៊ុន ចាន់ដា បានលើកឡើងដូចនេះ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម ក្នុងឱកាសបើកកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២០ ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត-អភិបាលស្រុក-ក្រុងទាំង១០ និងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ជាច្រើននាក់ផងដែរ។

លោកអភិបាលខេត្តបានថ្លែងបន្តថា ក្នុងរយៈកាលកន្លងទៅនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម បានធ្វើការណែនាំជាប្រចាំ ទៅដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាសមត្ថកិច្ចមន្ត្រីជំនាញឱ្យអនុវត្តទៅតាមតួនាទីភារកិច្ច ដែលខ្លួនទទួលខុសត្រូវ នៅក្នុងមូលដ្ឋាន។

លោកអភិបាលខេត្តបានបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ សមត្ថកិច្ចបានខិតខំប្រឹងប្រែង អនុវត្តការងារប្រកបដោយការទទួលខុសត្រូវ លើវិជ្ជាជីវៈរបស់ខ្លួន ក្នុងនោះបញ្ហាបទល្មើសគ្រឿងញៀន សមត្ថកិច្ចបានបង្ក្រាបបានច្រើនបូករួមជាមួយវិធានការមួយចំនួនដូចជា វិធានការអប់រំផ្សព្វផ្សាយ វិធានការរដ្ឋបាល វិធានការច្បាប់ វិធានការស្ដារនីតិសម្បទា និងសមាហរណកម្ម និងវិធានការកិច្ចសហប្រតិបត្តិការថ្នាក់ជាតិ និងអន្តរជាតិ ។

ទន្ទឹមនឹងនេះដែររដ្ឋបាលខេត្ត បានអនុវត្តវិធានការថ្មី គឺបានធ្វើការជួបជុំជាមួយនឹងម្ចាស់សប្បាយដ្ឋាន ម្ចាស់សណ្ឋាគារ ឬផ្ទះសំណាក់ជាដើម ដើម្បីអប់រំ និងធ្វើកិច្ចសន្យា ក្នុងគោលបំណងឱ្យពួកគាត់រួមសហការជាមួយសមត្ថកិច្ច ជួយទប់ស្កាត់បទល្មើសគ្រឿងញៀនទាំងអស់គ្នា។

លោកបានបញ្ជាក់ទៀតថា ដោយការខិតខំប្រឹងប្រែងនេះ ជាលទ្ធផលធ្វើឱ្យសមត្ថកិច្ចឈានទៅបង្ក្រាបបទល្មើសគ្រឿងញៀនបាន១៩៩ករណី ធ្វើការឃាត់ខ្លួនជនល្មើស ចំនួន៧០៣នាក់ គិតត្រឹមឆមាសទី១ ឆ្នាំ២០២០ ពោលគឺការបង្ក្រាបនេះមានការកើនឡើង ៩៩ករណី បើធៀបជាមួយឆមាសទី១ ឆ្នាំ២០១៩ បង្ក្រាបបាន១០០ករណី និងឃាត់ខ្លួនជនល្មើសបានជាង២០០នាក់ប៉ុណ្ណោះ។

លោកអភិបាលខេត្តបានថ្លែងបន្តថា ទោះបីជាភូមិសាស្រ្តខេត្តកំពង់ចាម មិនមែនជាកន្លែងផលិតយ៉ាងណាក៏ដោយ ប៉ុន្តែគ្រឿងញៀននេះបានធ្វើចរាចរណ៍ នឹងត្រូវបានឧក្រិដ្ឋជនប្រើប្រាស់ជាកន្លែងជួញដូរ និងចែកចាយ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ ដែលចាំបាច់ត្រូវឱ្យសមត្ថកិច្ច បង្កើនសមត្ថភាព ខិតខំប្រឹងប្រែងអនុវត្តវិធានការ ទប់ស្កាត់ បង្ការនិងបង្រ្កាបឱ្យមានប្រសិទ្ធភាព។

ស្ថិតក្នុងឱកាសនោះដែរនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀន បានកោតសរសើរដល់ប្រធាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ក៏ដូចជាកងកម្លាំងសមត្ថកិច្ចនគរបាលយុត្តិធម៌ ដែលបានរួមគ្នាខិតខំប្រឹងប្រែងក្នុងការបង្ការនិងបង្ក្រាប បទល្មើស គ្រឿងញៀនទទួលបានលទ្ធផលល្អ ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ។

លោកក៏បានផ្ដាំផ្ញើដល់សមត្ថកិច្ចជំនាញ សូមឲ្យបន្តខិតខំប្រឹងប្រែងបង្កើនការប្រមូលព័ត៌មាន បង្កើនការស៊ើបអង្កេត និងឈានទៅបង្ក្រាបទទួលបានជោគជ័យ បន្ថែមទៀត៕