(បន្ទាយមានជ័យ)៖ ជនសង្ស័យម្នាក់ និងវត្ថុតាងថ្នាំញៀនជាច្រើនកញ្ចប់ ត្រូវកម្លាំងអាវុធហត្ថស្រុកម៉ាឡៃ ដេញតាមបង្ក្រាបបាន នៅវេលាម៉ោង ១រសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ក្នុងភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានប្រាប់ឲ្យដឹងថា តាមការអង្កេតជាក់ស្ដែង លោកបានដឹកនាំកម្លាំងអាវុធ ហត្ថមួយក្រុម ចុះបង្រ្កាបអ្នកលក់ថ្នាំញៀនបាន១នាក់ឈ្មោះ កង់ បួន ភេទប្រុស អាយុ២៥ឆ្នាំ នៅចំណុចផ្លូវ៥០២ រស់នៅក្នុងភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយបានដកហូតបានវត្ថុតាងរួមមាន៖ គ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន៣កូនថង់ ស្មើនឹង ៥.០៦ក្រាម ទូរស័ព្ទដៃ១គ្រឿង នាឡិការដៃ ១គ្រឿង និងសម្ភារៈសម្រាប់ច្រក និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ប្រភពដដែលបានបន្ថែមថា ក្រោយពីកម្លាំងជំនាញបទល្មើសគ្រឿងញៀនសាកសួរចម្លើយរួចមក ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនគេបានទិញថ្នាំញៀន ពីក្រុងប៉ែតប៉ែត ហើយយកមកលក់ចែកចាយបន្តនៅស្រុកម៉ាឡៃនេះ។

ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងកម្លាំងជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងខេត្តដើម្បី ចាត់ការតាមនីតិវិធី៕