(ភ្នំពេញ)៖ មន្ត្រីឧទ្យានុរក្សស្នាក់ការអូរអំបិល បានប្រទះឃើញគ្រោងឆ្អឹងសត្វខ្ទីង ១ក្បាល ដែលបន្សល់តែគ្រោងឆ្អឹងនៅក្បែរមាត់ត្រពាំងតាសារូ ក្នុងបរិវេណដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។

បើតាមការផ្សាយរបស់ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ក្រុមការងារល្បាតមិនទាន់រកឃើញមូលហេតុនៃការបាត់បង់ជីវិតរបស់សត្វខ្ទីង ១ក្បាលនេះឡើយ។ ដោយក្រុមការងារល្បាតរបស់ក្រសួងបរិស្ថាន បានសន្និដ្ឋានថាសត្វខ្ទីងនេះ គឺបានងាប់អស់រយៈជិត ២ខែមកហើយ ព្រោះស្អុយរលួយអស់នៅតែគ្រោងឆ្អឹង។

ជាមួយគ្នានេះ ក្រសួងបរិស្ថានបានបញ្ជាក់ថា ក្បាល និងគ្រោងឆ្អឹងមួយផ្នែកនៃសាកសពសត្វខ្ទីងនេះ គឺបានបាត់ដោយបន្សល់នូវគ្រោងតែមួយផ្នែកប៉ុណ្ណោះ ហើយគ្រោងឆ្អឹងដែលសេសសល់នោះខាងក្រុមការងារល្បាតបានប្រមូលយកទៅរក្សទុកនៅទីស្នាក់ការអង្គការអភិរក្សសត្វព្រៃកម្ពុជា និងអនុរក្សសត្វដំរី។

ខ្ទីងជាប្រភេទសត្វមួយដែលទទួលរងនូវការគំរាមកំហែងយ៉ាងខ្លាំង ហើយចំនួនរបស់វាមានការថយចុះគួរឱ្យព្រួយបារម្ភ។ សត្វខ្ទីងកំពុងប្រឈមមុខនឹងការរងគ្រោះថ្នាក់ដោយសារបាត់បង់ទីជម្រករស់នៅ ការបរបាញ់ដើម្បីយកសាច់, ស្នែង, ឆ្អឹង និងការជួញដូរ។

ខ្ទីងស្ថិតនៅក្នុងក្រុមប្រភេទមានដោយកម្រ និងជាប្រភេទមានដង់ស៊ីតេរស់នៅកម្រិតទាប ហើយគេកម្រឃើញវារស់នៅតាមវាលទំនាបណាស់ពីព្រោះតែវាមិនចូលចិត្តកម្ដៅ។ សត្វប្រភេទនេះ ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ថា ជាប្រភេទងាយរងគ្រោះថ្នាក់ជាសកល៕