(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង មេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម នៃអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់គ្រប់ពេលវេលា ចំពោះយោធិនចូលនិវត្តន៍ តាមរយៈការដំឡើងប្រាក់បៀវត្ស ប្រាក់អត្ថប្រយោជន៍ផ្សេងៗ ព្រមទាំងមិនអាចបំភ្លេចបាន នូវគុណូបការៈរបស់អតីតយុទ្ធជន ដែលបានរួមចំណែកធ្វើពលិកម្មយ៉ាងធំធេងក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។

ការបញ្ជាក់បែបនេះ របស់នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម បានធ្វើឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ ក្នុងពិធីបំពាក់ឋានន្តរស័ក្កិ ជូនដល់យោធិនចូលនិវត្តន៍ ចំណុះឱ្យបញ្ជាការដ្ឋានវិស្វកម្ម ១២០នាក់ ដោយមានការចូលរួមពីសំណាក់មេបញ្ជាការរងបញ្ជាការដ្ឋានវិស្វកម្ម ស្នងការរង នាយការិយាល័យ បញ្ជាការដ្ឋានវិស្វកម្មមួយចំនួន នៅបញ្ជាការដ្ឋានវិស្វកម្មចោមចៅ រាជធានីភ្នំពេញ។

នៅក្នុងពិធីសំណេះសំណាល និងបំពាក់ឋាន្តសក្តិ ជូនយោធិនចូលនិវត្តន៍ឆ្នាំ២០២០ នាពេលនោះ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម បានលើកឡើងថា យោធិនបានចូលនិវត្តន៍នៅពេលនេះ គឺជាអ្នកចូលរួមធ្វើពលិកម្មយ៉ាងធំធេង ក្នុងការរំដោះប្រទេសជាតិបានផ្ដួលរលំទប់ស្កាត់របបប្រល័យពូជសាសន៍ ប៉ុល ពត និងចូលរួមយ៉ាងសកម្ម និងចលនាបង្រួបបង្រួមជាតិ តាមរយៈនយោបាយឈ្នះ ឈ្នះ នាំមកនូវសុខសន្តិភាពឯកភាពជាតិពេញលេញការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិរហូតមកដល់សព្វថ្ងៃនេះ។

នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គោលនយោបាយរបស់រាជរដ្ឋាភិបាល បានគិតគូរយកចិត្តទុកដាក់ចំពោះយោធិនគ្រប់ពេលវេលា តាមរយៈការដំឡើងប្រាក់បៀវត្ស ប្រាក់អត្ថប្រយោជន៍ផ្សេងៗ ទោះបីពេលកំពុងភារកិច្ច ពេលចូលនិវត្តន៍ ឬក្រោយចូលនិវត្តន៍ហើយ ក៏រដ្ឋាភិបាលមិនអាចបំភ្លេចបានឡេីយនូវគុណនូវបការៈរបស់អតីតយុទ្ធជន ដែលបានរួមចំណែកធ្វើពលិកម្មយ៉ាងធំធេងក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន»

នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម ក៏បានផ្តល់នូវអនុសាសន៍ចំនួន ៦ចំណុចដល់យោធិនចូលនិវត្តន៍ដូចខាងក្រោម៖

ទី១៖ ខិតខំបំពេញភារកិច្ចឱ្យបានជោគជ័យ កុំឱ្យយោធិនចូលនិវត្តន៍ទាំងអស់ អស់សង្ឃឹមលើយើង។

ទី២៖ រួមគ្នាគិត រួមគ្នាធ្វើ ពូនជ្រុំដើម្បីកសាងការពារជាតិមាតុភូមិដោយឥតលក្ខខ័ណ្ឌ តាមពាក្យប្រសិទ្ធនាមរបស់ សម្ដេចតេជោ ហ៊ុន សែន៖ «កងកម្លាំងវិស្វកម្មជាកម្លាំងឆ្អឹងខ្នងរបស់រាជរដ្ឋាភិបាល មិនត្រូវឱ្យបាត់បង់វប្បធម៌ដ៏ល្អផូរផង់របស់កម្លាំងវិស្វកម្មយើងឡើយ»។

ទី៣៖ ប្រឆាំងវាយបំបាក់ដាច់ខាតពួកភេរវករដែលចង់បំផ្លាញសន្តិភាព បំផ្លាញកម្ពុជា។

ទី៤៖ ខិតខំរៀនសូត្រ ហ្វឹកហ្វឺនមិនចេះនឿយហត់ ខិតខំផ្ទេរចំណេះដឹងទៅឱ្យអ្នកជំនាន់ក្រោយ កសាងសមត្ថភាព និងកសាងធនធានមនុស្ស។

ទី៥៖ ខិតខំយកចិត្តទុកដាក់ និងឧបត្ថម្ភតាមលទ្ធភាពដល់យោធិនដែលបានចូលនិវត្តន៍។

និងទី៦៖ ចំពោះយោធិនដែលចូលនិវត្តន៍ ត្រូវរក្សាសេចក្តីថ្លៃថ្នូរ ស្រឡាញ់រាប់អានជាមួយអាជ្ញាធរភូមិឃុំ និងប្រជាជនក្នុងមូលដ្ឋានដែលខ្លួនរស់នៅ ចូលរួមអនុវត្តគោលការណ៍ភូមិ ឃុំ មានសុវត្ថិភាព ៩ចំណុចជាគំរូ ព្រមទាំងចូលរួមផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាល រួមទាំងកម្មវិធី៣ នយោបាយទាំងការទប់ស្កាត់វាយបកសង្គ្រាមចិត្តសាស្រ្តរបស់ពួកប្រឆាំង ត្រូវខិតខំកសាងជីវភាពថ្មី ជាមួយក្រុមគ្រួសារឱ្យបានរុងរឿង និងជាគំរូ។

ជាមួយគ្នាននេះដែរ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ការបំពាក់ឋានន្តរសក្កិជូនយោធិនសោធននិវត្តន៍នៅពេលនេះ គឺជាការបំពាក់ឋានន្តរសក្កិគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលយោធិនសោធននិវត្តន៍ ត្រូវបានតម្លើងឋានន្ដរសក្តិមួយថ្នាក់បន្ថែមទៀត។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ បានបន្តថា នាយទាហាន ពលទាហាន ដែលត្រូវនិវត្តន៍ត្រូវបានចាត់ទុកជាគំរូវីរភាព សម្រាប់ប្រជាជនកម្ពុជា និងកងយោធពលខេមរភូមិន្ទទាំងមូលចងចាំទុកមិនអាចភ្លេចបាន ដោយឈរលើមូលដ្ឋានសន្តិភាពស្ថិរភាពនយោបាយ និងការរីកចម្រើនលើគ្រប់វិស័យ ដែលកម្ពុជាសម្រេចបាន ព្រមទាំងបានឆ្លងកាត់សម័យការថ្មី និងទាមទារឱ្យមានធនធានមនុស្សប្រកបដោយសមត្ថភាព ដើម្បីសម្រេចគោលដៅនេះកងយោធពលខេមរភូមិន្ទ ត្រូវការហ្វឹកហ្វឺនពង្រឹងការដឹកនាំការគ្រប់គ្រងកងកម្លាំង ការប្រមូលផ្ដុំកែសម្រួលរៀបចំកម្លាំងក្របខណ្ឌឱ្យច្រើនសម្ព័ន្ធចាត់តាំង តាមរយៈការផ្ទេរកម្លាំងបាត់បង់សមត្ថភាព ពលកម្មការបំពេញក្របខណ្ឌជាជំហ៊ានៗ ដេីម្បីពង្រឹងទាំងបរិមាណ និងគុណភាពនៅក្នុងជួរកងទ័ពកាន់តែរឹងមាំ។

នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម ក៏សំណូមពរដល់បងប្អូនចូលសោធននិវត្តន៍ទាំងអស់ ពេលទៅដល់មូលដ្ឋានវិញត្រូវចូលជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីទទួលបានការមើលថែទាំពីអតីតយុទ្ធជនកម្ពុជា នៅតាមមូលដ្ឋានខេត្ត ក្រុង ដែលបងប្អូនបានរស់នៅក្នុងពិធីសំណេះសំណាលនាពេលនោះមិនត្រូវចូលនិវត្តន៍ចំនួន១២០នាក់។ ក៏បានទទួលការដូរអនុស្សាវរីយ៍ពីនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម ដែលក្នុងម្នាក់ៗទទួលបានក្រណាត់១ដុំ និងថវិកាចំនួន ២០០,០០០មុឺនរៀល ផងដែរ៕