(ភ្នំពេញ)៖ ក្នុងកិច្ចសន្ទនាប្រមាណ២ម៉ោង នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ លោក ជុន ច័ន្ទបុត្រ បានទម្លាយអំពីកិច្ចការផ្ទៃក្នុង មួយចំនួនរបស់វិទ្យុអាស៊ីសេរី។ លោកបញ្ជាក់ថា នៅក្នុងវិទ្យុប្រឆាំងរបស់អាមេរិកនេះ ទោះបីជាលោកជាអនុប្រធានវិទ្យុនេះក៏ដោយ ក៏លោកត្រូវបានបិទសិទ្ធិមិនឱ្យនិយាយអ្វី ដែលជាជំហររបស់ខ្លួនឡើយ ខណៈដែលលោកមានបំណង់ចង់ឱ្យ CPP បានប្រើប្រាស់វិទ្យុអាស៊ីសេរីផងដែរដើម្បីឱ្យមានតម្លាភាព។

កិច្ចសន្ទនារវាងលោក ជុន ច័ន្ទបុត្រ និងលោក ហ៊ុន ម៉ាណែត ទាំងស្រុងកាលពី៣ឆ្នាំមុន ទើបនឹងត្រូវបានទម្លាយដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមបណ្តាញព័ត៌មានផ្លូវការរបស់ Fresh News កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅនេះ បន្ទាប់ពីលោកជុន ច័ន្ទបុត្រ ដែលកំពុងស្ថិតនៅក្នុងស្ថានភាព មានជំងឺមហារីកដំណាក់កាលទី៣ បានសរសេរនៅក្នុងប្លុករបស់លោក ដោយបំភ្លៃ និងមួលបង្កាច់ទៅលើ លោក ហ៊ុន ម៉ាណែត ថាខ្វះភាពគួរសម និងសុភាពរាបសារ ចំពោះរូបលោក ដែលមានវ័យចាស់ជាងប្រមាណ១៤ឆ្នាំ។

ទោះជាយ៉ាងនេះក្តី ក្នុងសំឡេងសន្ទនាទាំងស្រុង បានបង្ហាញថា ការចោទប្រកាន់របស់លោក ជុន ច័ន្ទបុត្រ គឺជាការបំភ្លៃការពិត ដោយសារតែក្នុងកិច្ចសន្ទនានេះ មានការស្វាគមន៍គ្នារហូតដល់ហៅពូក្មួយ, លោក ហ៊ុន ម៉ាណែត ប្រើពាក្យសុភាពរាបសា ដោយសួរលោក ជុន ច័ន្ទបុត្រ បានពិសារអាហារហើយឬនៅ? (ដោយសារតែជំនួបធ្វើឡើងក្នុងភោជនីយដ្ឋាន) និងបានសុំទោសចំពោះភាពយឺតយ៉ាវ ដោយសារតែលោកជាប់រវល់កម្មវិធីកងទ័ព នៅខេត្តកណ្តាលជាដើម។

បើតាមសម្លេងក្នុងកិច្ចសន្ទនានេះ លោក ជុន ច័ន្ទបុត្រ ហាក់ចង់យកចិត្តលោក ហ៊ុន ម៉ាណែត ដោយបានគាស់កកាយអាថ៌កំបាំងផ្ទៃក្នុងមួយចំនួនរបស់វិទ្យុអាស៊ីសេរី និងសុំឱ្យមានកិច្ចសហការជាមួយលោក ហ៊ុន ម៉ាណែត ថែមទៀតផង។ លោកបានបញ្ជាក់ដូច្នេះថា៖ «ពេលដែលបានជួបក្មួយថ្ងៃនេះ ក៏ជារឿងល្អមួយដែរដើម្បីស្វែងយល់ពីគ្នា តើយើងសហការគ្នាបែបណា ដើម្បីឱ្យខាងគណបក្សដ៏ធំមួយ CPP ហ្នឹង អាចប្រើប្រាស់អាស៊ីសេរីហ្នឹងបាន ពីព្រោះថាកន្លងមកពួកខាង CNRP ប្រើច្រើនណាស់ ការពិត ហើយមិនមែនយើងប្រគល់ឱ្យគាត់ច្រើនទេ មកពីខាង CPP អត់សូវចូល»

ទន្ទឹមនឹងការបញ្ជាក់អំពីបំណងរបស់លោកកាលនោះ លោក ជុន ច័ន្ទបុត្រ ក៏បានបកស្រាយចំពោះការលំបាកក្នុងការធ្វើឱ្យសម្រេចបំណងនេះ ដោយសារតែមានការកៀបសង្កត់ និងកំណត់ជាគោលការណ៍ពីមេធំរបស់វិទ្យុអាស៊ីសេរី ដែលលោកសំដៅលើចៅហ្វាយនាយអាមេរិក។ លោក ជុន ច័ន្ទបុត្រ បានលើកឧទាហរណ៍អំពីការផ្លាស់ប្តូរគម្រោង យកព័ត៌មានរបស់លោក ដែលដំបូងមានផែនការទៅរដ្ឋអាឌឺឡែន ដើម្បីចូលរួមយកព័ត៌មានបុណ្យសព លោក កែម ឡី ប៉ុន្តែត្រូវប្តូរទៅយកព័ត៌មាននៅទីក្រុងមែលប៊នវិញ ដោយសារដឹងអំពីគម្រោងបាតុកម្មប្រឆាំងនឹងលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានទៅធ្វើពិធីជប់លៀងនៅទីនោះ។

លោកបានបញ្ជាក់ថា «ប៉ុន្តែបើមិនដូរទេ ក៏មេយើងស្តីឱ្យដែរ គឺមេអាស៊ីសេរីធំ គឺមេខាង Editorial នៅវ៉ាស៉ីនតោន។ ការពិតនៅខ្មែរពូសឹងតែធំជាងគេបំផុតហើយ អនុប្រធានមែនតែពូទទួលបន្ទុក Editorial ក៏ប៉ុន្តែនៅពេលហ្នឹង ខាង Editorial មេនោះ គេនឹងសួរថា ហេតុអ្វីបានជាអ្នកឯងសុខចិត្តទៅទីនោះ (រដ្ឋអាឌឺឡែន) ដែលជារឿងសាមញ្ញធម្មតា ដែលជា Plan event? តែគេធ្វើបាតុកម្មប្រឆាំងក្មួយ អាហ្នឹងជា Breaking News»

លោកបានបន្តថា៖ «អញ្ចឹងប្រសិនបើក្មួយយល់ពីពូហើយ ថាតើយើងអាចសហការបែបណាបាន? ប្រើសិនបើក្មួយបានលឺ Editorial មេធំ biting មកពូ នៅពេលហ្នឹងបានក្មួយអាចទទួលយកបាន ពូសឹងតែលួចថតឱ្យក្មួយស្តាប់ ថ្ងៃណាក៏ដោយ យើងអាចជជែកគ្នាថាតើ មាន Solution story អីខ្លះដែលក្មួយយល់ថាជាព័ត៌មានវិជ្ជមានមកខាងរដ្ឋាភិបាល យើងត្រូវការអាហ្នឹង»

បើតាមសម្តីរបស់ លោក ជុន ច័ន្ទបុត្រ ក្នុងពេលសន្ទនានោះ, លោកធ្លាប់ត្រូវបានមេធំអាស៊ីសេរីប្រើប្រាស់ដោយឱ្យតាមដាននូវអ្វីដែលជាសកម្មភាព និងការថ្លែងរបស់ លោក ហ៊ុន ម៉ាណែត ហើយនិងការផ្សាយនៅលើ Fresh News ដោយត្រូវបកប្រែទាំងអស់ បូកទាំងរូបភាពដើម្បីផ្ញើជូនមេធំៗនៅអាមេរិកដើម្បីតាមដាន៕