(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបើកកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តការងារ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ ការកេងប្រវ័ញ្ច និងទម្រង់ផ្សេងៗទៀត នៃការរំលោភបំពាន រវាងអង្គការមិនមែនរដ្ឋាភិបាលដៃគូ និងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងសមាហរណកម្ម ជនរងគ្រោះនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នាទីស្តីការក្រសួងសង្គមកិច្ច។

កិច្ចប្រជុំនេះដឹកនាំដោយលោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមន្រ្តីពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នរដ្ឋាភិបាល រួមនឹងដៃគូសហការជាច្រើនទៀត។

ថ្លែងឲ្យដឹងនៅក្នុងកិច្ចប្រជុំនោះ លោក ញ៉ឹក វណ្ណារ៉ា បានលើកឡើងថា កិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តការងារ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ ការកេងប្រវ័ញ្ច និងទម្រង់ផ្សេងៗទៀតនាពេលនេះ គឺបានពិភាក្សាដោយផ្តោតសំខាន់ទៅលើ៖

*ទី១៖ ពិនិត្យមើលសកម្មភាពការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស
*ទី២៖ ផ្តោតលើកិច្ចពង្រឹងបន្ថែមលើកិច្ចការពារ និងជួយជនរងគ្រោះ
*ទី៣៖ ផ្លាស់ប្តូរបទពិសោធន៍ការងារ រវាងអង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នរដ្ឋាភិបាល ពាក់ព័ន្ធនឹងការជួញដូរជនរងគ្រោះ ឲ្យស្នាក់នៅមណ្ឌលស្តារនីតិសម្បទា
*ទី៤៖ រកដំណោះស្រាយគ្នា ដើម្បីជួយជនរងគ្រោះដោយអំពើជួញដូរមនុស្ស ក្នុងកំឡុងការរីករាលដាលនៃជំងឺកូវីដ១៩

សូមជម្រាបថា អំពើជួញដូរមនុស្ស ត្រូវបានប្រទេសលើពិភពលោកទទួលស្គាល់ថា ជាបទឧក្រិដ្ឋដែលមិនអាចអត់ឱនឲ្យបាន ហើយគឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលមានចែងក្នុងច្បាប់ជាតិ និងច្បាប់អន្ដរជាតិ៕