(បន្ទាយមានជ័យ)៖ លោក ណុប ដារ៉ា តំណាងរបស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានចុះពិនិត្យការកែលំអរ ជួសជុលឡើងវិញសាលប្រជុំ និងពិនិត្យមើលការខូចខាត អគារបណ្ណាល័យ នៃសាកលវិទ្យាល័យមានជ័យ ស្ថិតនៅក្នុងភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២០។

សូមបញ្ជាក់ថា សាកលវិទ្យាល័យមានជ័យ បានសាងសង់ឡើងកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០០៦ លើផ្ទៃដីជាង ២១ហិកតា ក្នុងគម្រោងថវិកាជាង ៣លាន ៥សែនដុល្លារ ដែលផ្តួចផ្ដើមកសាង ដោយឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ នៅក្នុងភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដែលមានឈ្មោះផ្លូវការថា សាកលវិទ្យាល័យមានជ័យ ស្ថិតនៅក្រោមក្រសួងអប់រំ យុវជន និងកីឡា។

សាកលវិទ្យាល័យ មានជ័យ បានបើកបវេសនកាលដំបូងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៩ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ព្រមទាំងសាស្រ្តាចារ្យ និស្សិត សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕