(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ បានសព្វព្រះរាហឫទ័យយាងសម្ពោធបណ្ណាល័យសម្តេចម៉ែ នៃវិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។

ពិធីនេះក៏មានអមដោយការតាំងពិព័រណ៍ពិសេសចំនួនពីរ៖
១៖ ព្រះឆាយាលក្ខ័ណ៍របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ។
២៖ ការរចនាប្លង់អគារវិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដោយស្ថាបត្យករលំដាប់ពិភពលោក គឺលោកស្រី ហ្សាហា ហាឌីដ។

បណ្ណាល័យសម្តេចម៉ែ បានបង្កើតឡើងជាផ្លូវការដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីថ្វាយព្រះរាជកិត្តិយសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជូនសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដែលបានខិតខំប្រឹងប្រែងដើម្បីសម្តេច ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ប្រទេសជាតិកម្ពុជា និងប្រជាជនកម្ពុជា។

បណ្ណាល័យសម្ដេចម៉ែ មានតម្កល់ទុកសមុច្ច័យជាសៀវភៅប្រមាណជាង ៣,០០០ក្បាល និងឯកសារចំនួន ២,៨០០ប្រអប់ ដែលប្រមែប្រមូលដោយលោកឯកអគ្គរាជទូត ហូលីយ៉ូ អេ. ជែលដ្រេស ក្នុងរយៈពេលជាច្រើនឆ្នាំនៃការងារចងក្រងកត់ត្រាឯកសាររបស់លោកស្ដីពីរាជវង្សានុវង្ស និងប្រវត្តិសាស្ត្រប្រទេសកម្ពុជា។ លោកឯកអគ្គរាជទូត ជែលដ្រេស បានបរិច្ចាគដោយសប្បុរសនូវសមុច្ច័យដ៏ធំធេងនេះដល់មជ្ឈមណ្ឌលឯកសារកម្ពុជា នាចុងឆ្នាំ២០១៩។

ឯកសារដែលតម្កល់នៅក្នុងបណ្ណាល័យសម្តេចម៉ែ រួមមាន៖ សៀវភៅជាច្រើនទៀតស្ដីពីប្រវត្តិសាស្ត្រប្រទេសកម្ពុជា និងឯកសារស្តីពីរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) យ៉ាងហោចណាស់ ១,៧០០,០០០ទំព័រ ដែលស្រាវជ្រាវដោយបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាអស់រយៈពេលប្រមាណជាង ២០ ឆ្នាំកន្លងមក។ ទន្ទឹមនឹងនេះ បណ្ណាល័យសម្តេចម៉ែ ថែមទាំងមានតម្កល់នូវឯកសារក្នុងទម្រង់ដទៃទៀត ដូចជា រូបថត ភាពយន្ត និងខ្សែអាត់សំឡេងជាច្រើនម៉ឺននាទីរបស់ជនរងគ្រោះក្នុងសម័យ ប៉ុល ពត ដែលត្រូវបានធ្វើឲ្យទៅជាទម្រង់ឌីជីថលមានគុណភាពខ្ពស់ ដើម្បីធានាដល់ការអភិរក្សលើឯកសារឲ្យបានគង់វង្ស និងផ្តល់ភាពងាយស្រួលដល់សាធារណជនក្នុងការប្រើប្រាស់។

បណ្ណាល័យសម្ដេចម៉ែ មិនមែនគ្រាន់តែជាទីតាំងសម្រាប់សិក្សាអំពីប្រវត្តិសាស្ត្រប្រទេសកម្ពុជាតែប៉ុណ្ណោះនោះទេ។ មជ្ឈមណ្ឌលឯកសារកម្ពុជា មានមោទកភាពក្នុងការថ្វាយ និងជូនបណ្ណាល័យនេះ ជាកេរដំណែលរបស់សម្តេចម៉ែ និងស្ត្រីកម្ពុជាគ្របរូប។ ស្ត្រីកម្ពុជាបានខិតខំប្រឹងប្រែងដោយមិនរួញរាក្នុងការស្ដារ លើកស្ទួយ និងកសាងប្រទេសជាតិសាជាថ្មី តាមរយៈការចិញ្ចឹមបីបាច់គ្រួសារ ក្តាប់យកនិងពង្រីកឱកាសសេដ្ឋកិច្ច អភិរក្ស ការពារ និងពង្រឹងសហគមន៍ វប្បធម៌ និងប្រទេសជាតិរបស់ខ្លួន ក្រោយពេលដែលរបបខ្មែរក្រហមបានដួលរលំទៅនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ នេះសបញ្ជាក់ឲ្យឃើញថា ស្ត្រីកម្ពុជា គឺជានិមិត្តរូបនៃដួងព្រលឹងជាតិកម្ពុជា។ បណ្ណាល័យសម្ដេចម៉ែ បង្កើតឡើងដើម្បីឧទ្ទិសដល់ស្ត្រីកម្ពុជា ទាំងនៅក្នុងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។

ក្នុងអំឡុងព្រះរាជដំណើរទស្សនកិច្ចរបស់ទ្រង់ សម្តេចព្រះមហាក្សត្រី ព្រះវររាជាមាតាជាតិខ្មែរ សព្វព្រះរាជហឫទ័យប្រោសប្រទានអំណោយដែលមិនអាចកាត់ថ្លៃបាន រួមមាន៖ សៀវភៅ មេដាយ លិខិតសរសើរ គ្រឿងឥស្សរិយយស និងសម្បត្តិផ្ទាល់ព្រះកាយដ៏មានតម្លៃរបស់ទ្រង់ដល់បណ្ណាល័យ ដើម្បីឲ្យសាធារណជនបានទស្សនា សិក្សា និងយល់ដឹងអំពីតម្លៃ។ ដោយគ្មានមន្ទិលសង្ស័យ បណ្ណាល័យសម្ដេចម៉ែ គឺជាធនធានជាតិដ៏មានសារៈសំខាន់ សម្រាប់ការអប់រំសាធារណជន និងយុវជននាពេលបច្ចុប្បន្ន និងជាច្រើនជំនាន់តទៅមុខទៀតនាពេលអនាគត។

មជ្ឈមណ្ឌលឯកសារកម្ពុជា ចាត់ទុកសុវត្ថិភាពសាធារណជាអាទិភាព។ ស្របពេលដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិនៃជំងឺរាតត្បាតកូវីដ-១៩ ឯសកម្មភាពអប់រំ សកម្មភាពវប្បធម៌ និងព្រឹត្តិការណ៍ជាតិផ្សេងៗនៅតែបន្ត មជ្ឈមណ្ឌលឯកសារកម្ពុជាជឿជាក់ថាសកម្មភាពទាំងអស់នេះ ត្រូវតែប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងបានគិតគូរទុកជាមុនអំពីសុខភាព និងសុខមាលភាពរបស់មនុស្សគ្រប់រូប។ អាស្រ័យហេតុនេះហើយ នាខណៈពេលបច្ចុប្បន្ន មជ្ឈមណ្ឌលឯកសារកម្ពុជា សូមរក្សាសិទ្ធិអនុញ្ញាតឲ្យសាធារណជនចូលប្រើប្រាស់ បណ្ណាល័យសម្ដេចម៉ែ តាមប្រព័ន្ធអនឡាញ។

* ពិព័រណ៍ព្រះឆាយាលក្ខ័ណ៍របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ។

កម្រងព្រះឆាយាលក្ខ័ណ៍នេះ បានសម្រិតសម្រាំងចេញពីសមុច្ច័យរបស់លោកឯកអគ្គរាជទូត ហូលីយ៉ូ ជែលដ្រេស ដែលបានប្រមែប្រមូលនៅចន្លោះឆ្នាំ១៩៨១ និងឆ្នាំ២០១៩។ ព្រះឆាយាលក្ខ័ណ៍ភាគច្រើនមានប្រភពមកពីសមុច្ច័យផ្ទាល់របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ដែលត្រូវបានថតចម្លងទុកនៅឯទីក្រុងប៉េកាំង ក្នុងចន្លោះឆ្នាំ១៩៩៦ និងឆ្នាំ២០០៤ មុនពេលព្រះឆាយាលក័្ខណ៍ទាំងនោះត្រូវបានបញ្ចូន ដើម្បីអភិរក្សនៅបណ្ណសារដ្ឋានក្នុងប្រទេសបារាំង។

ព្រះឆាយាលក្ខ័ណ៍ភាគច្រើនរួមបញ្ជូលសម័យកាលស្ថិតនៅចន្លោះឆ្នាំ១៩៥០ និងឆ្នាំ១៩៩១ ដែលបង្ហាញអំពីព្រះរាជសកម្មភាពផ្សេងៗរបស់សម្តេចព្រះបរមរតនកោដ្ឋ អតីតព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ រួមមាន៖ អំឡុងពេលដែលព្រះអង្គបានយាងព្រះរាជដំណើរនៅទូទាំងប្រទេសកម្ពុជាក្នុងបុព្វហេតុទាមទារឯករាជ្យ ដោយពេលខ្លះទ្រង់មានសេះជាព្រះទីនាំង ដើម្បីពន្យល់ប្រជាជនកម្ពុជា អំពីហេតុផលដែលប្រទេសកម្ពុជាត្រូវការឯករាជ្យភាពពីប្រទេសបារាំង។

ព្រះឆាយាលក្ខ័ណ៍មួយចំនួន បង្ហាញអំពីរយៈកាលក្រោយពីប្រទេសកម្ពុជាទទួលបានឯករាជ្យ គឺជាខណៈពេលមួយដែលប្រទេសកម្ពុជាមានសុខសន្តិភាព និងព្រះរាជសកម្មភាពដឹកនាំរបស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ក្នុងការកសាងជាតិ តាមរយៈការស្ម័គ្រព្រះកាយចូលរួម និងសកម្មភាពដទៃទៀតជាមួយនឹងប្រជាជនកម្ពុជា។

ព្រះឆាយាលក្ខ័ណ៍ដទៃទៀត បង្ហាញពីព្រះរាជសកម្មភាពការទូតរបស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ នាគ្រាដ៏លំបាកលំបិន នៅចន្លោះឆ្នាំ១៩៧០ និងឆ្នាំ១៩៧៥ បន្ទាប់ពីព្រះអង្គត្រូវបានបង្ខំឲ្យភៀសព្រះកាយទៅគង់នៅក្រៅប្រទេសកម្ពុជា។ រូបថតក្នុងបណ្តុំនេះ រួមមាន ព្រះរាជទស្សនកិច្ចរបស់ព្រះអង្គទៅកាន់ប្រទេសស៊ូដង់ (ជាទីកន្លែងដែលព្រះអង្គបានគ្រងសម្លៀកបំពាក់ប្រពៃណីរបស់យុទ្ធជនស៊ូដង់) សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងតំបន់រំដោះក្នុងប្រទេសឡាវ ដែលជាព្រះរាជទស្សនកិច្ចមួយប្រកបដោយគ្រោះថ្នាក់ ដោយសារមូលហេតុថាយន្តហោះទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក បានហោះហើរកាត់តំបន់នោះជាញឹកញាប់ក្នុងសម័យសង្គ្រាមវៀតណាម។

ព្រះឆាយាលក្ខ័ណ៍ផ្សេងៗទៀត បង្ហាញអំពីការសម្រាកលំហែនៅទីក្រុងប៉េកាំងរបស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ, សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងព្រះរាជវង្សានុវង្សដទៃទៀត។ ព្រះឆាយាលក្ខ័ណ៍ខ្លះបង្ហាញអំពីព្រះរាជសកម្មភាពទ្រង់កីឡាវាយសីរបស់សម្តេច ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ នៅឯព្រះរាជដំណាក់នាទីក្រុងប៉េកាំង ដែលរដ្ឋាភិបាលចិនថ្វាយជូនទ្រង់។ ព្រះឆាយាលក្ខ័ណ៍ដទៃទៀតបង្ហាញពីព្រះរាជសកម្មភាពនិពន្ធតន្ត្រី ដែលជាព្រះរាជកិច្ចមួយ ព្រះអង្គសព្វព្រះរាជហឫទ័យធ្វើនៅពេលទ្រង់សម្រាកព្រះកាយ។

* ពិព័រណ៍ការរចនាប្លង់អគារវិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដោយស្ថាបត្យករលំដាប់ពិភពលោក គឺលោកស្រី ហ្សាហា ហាឌីដ

នៅឆ្នាំ២០១៤ លោកស្រី ហ្សាហា ហាឌីដ នាយកស្ថាបត្យកម្ម ហ្សាហា ហាឌីដ និងលោកឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានធ្វើសេចក្ដីប្រកាសរួមអំពីកិច្ចសហប្រតិបត្តិការជាមួយស្ថាបត្យកម្មរបស់លោកស្រី ហាឌីដ ក្នុងការរចនាប្លង់អគារវិទ្យាស្ថានស្លឹករឹត ដែលគឺជាទីតាំងអចិន្ត្រៃយ៍របស់មជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដើម្បីរំឭក និងឧទ្ទិសដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបានបាត់បង់ជីវិតប្រមាណ ២លាននាក់ នាអំឡុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។

ការជ្រើសរើសយកស្ថាបត្យកម្មរបស់លោកស្រី ហាឌីដ ដែលមានភាពល្បីល្បាញកម្រិតពិភពលោក លើផ្នែកស្ថាបត្យកម្មបែបបង្កើតថ្មីនិងទំនើប បង្ហាញអំពីការសម្រេចចិត្តរបស់លោក ឆាំង យុ ដើម្បីធ្វើឲ្យមានភាពខុសប្លែកពីគំរូបែបអភិរក្សនៃសំណង់ស្ថាបត្យកម្ម បម្រើនាទីជាបូជនីយដ្ឋានរំឭកពីអំពើប្រល័យពូជសាសន៍ ដែលធ្លាប់សាងសង់កាលពី៧០ឆ្នាំមុនមក។

ការរចនាប្លង់អគារបែបអភិរក្ស គឺសង្កត់ធ្ងន់លើផ្នែកខាងក្រៅដែលមានពណ៌ស្រអាប់ និងមានជ្រុងច្រើន ហើយសាងសង់ឡើងដោយប្រើប្រាស់ថ្ម ដែក និងកញ្ចក់ខ្លះ ដើម្បីរំលេចនិងបញ្ជាក់អំពីសណ្ឋាននៃភាពឃោឃៅរបស់អំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មសង្គ្រាម។ ទស្សនវិស័យរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីផ្ដល់តម្លៃដល់អតីតកាល ដែលផ្ដោតសំខាន់ក្នុងការធានាឲ្យអ្នកទស្សនាមានបទពិសោនធ៍វិជ្ជមាន មានអារម្មណ៍ធូរស្រាល និងផ្ដោតជាសំខាន់ទៅលើអនាគត។
ថ្វីដ្បិតតែអ្នកទស្សនាអញ្ជើញមកកាន់វិទ្យាស្ថានស្លឹករឹតដែលមានទីតាំងក្នុងរាជធានីភ្នំពេញនេះ នឹងបានឃើញកេរដំណែលពោរពេញទៅដោយសោកនាដកម្មនៃរបបខ្មែរក្រហម ចងចាំពីជនរងគ្រោះក្នុងនាមជាមនុស្សដែលបានធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាម មនោគមវិជ្ជាជ្រុលនិយម និងការគិតដោយមិនសមហេតុផលយ៉ាងណាក្ដី វិទ្យាស្ថានស្លឹករឹតនឹងផ្ដោតទៅលើអ្វីដែលត្រូវធ្វើ ដើម្បីបង្ការមិនឲ្យស្ថានការណ៍ខាងលើកើតឡើងសាជាថ្មី ដោយប្រើប្រាស់កម្មវិធីអប់រំណែនាំជាច្រើនប្រភេទ។

អ្នកទស្សនានឹងបានយល់ដឹងថាតើ តម្លៃទាក់ទងទៅនឹងចំណេះដឹង ការអត់ឱន ការផ្សះផ្សា និងការយោគយល់អធ្យាស្រ័យ នឹងផ្ដល់ឲ្យមនុស្សនូវមធ្យោបាយឆ្ពោះទៅកាន់អនាគតមួយ ដែលពោរពេញទៅដោយភោគផលនិងភាពវិជ្ជមានបានយ៉ាងដូចម្តេច។ ទន្ទឹមនឹងនេះ អ្នកទស្សនាអាចយល់ដឹងបន្ថែមទៀតពីរបៀបដាក់បញ្ចូលព្រឹត្តិការណ៍ ដែលនាំឲ្យឈានដល់របបខ្មែរក្រហម ទៅក្នុងបរិបទនៃប្រវត្តិសាស្ត្រយូរលង់របស់ប្រទេសកម្ពុជា និងអាចយល់ដឹងថាហេតុអ្វីបានជាបិរបទនោះ គួរតែលើកយកមករំឭកឡើងវិញជាសាធារណៈ។

ស្ថាបត្យកម្មបែបពត់ពេនប៉ុន្តែមានឥទ្ធិពលរបស់លោកស្រី ហ្សាហា ហាឌីដ ផ្ដោតទៅលើរូបរាងបត់បែន ជាជាងរូបរាងមុតនិងមានសណ្ឋានធរណីមាត្របង្ហាញពីជ្រុងជាក់លាក់ ដែលប្រៀបដូចទៅនឹងអគារឧស្សាហកម្ម។ ស្នាដៃស្ថាបត្យកម្មរបស់លោកស្រី មានសក្ដានុពលអាចកែប្រែគំនិតរចនានៃសំណង់ស្ថាបត្យកម្ម បម្រើតួនាទីជាបូជនីយដ្ឋានរំឭកដល់ឧក្រិដ្ឋកម្មសង្គ្រាម ឲ្យផ្លាស់មុខមាត់ថ្មីនិងប្រសើរជាងមុន។ លើសពីនេះទៅទៀត ដោយសារតែជនរងគ្រោះស្លូតត្រង់នៃឧក្រិដ្ឋកម្មសង្គ្រាមតែងតែរួមមានស្ត្រី និងកុមារជាច្រើន នេះគឺជាពេលវេលាដ៏សាកសម ដែលស្ត្រីគួរតែដើរតួនាទីជាអ្នកដឹកនាំការងាររចនាបូជនីយដ្ឋាន ដើម្បីទទួលស្គាល់ និងរំលេចនូវការបាត់បង់ជារួមរបស់ជនរងគ្រោះទាំងនោះ។

បេតិកភណ្ឌវប្បធម៌របស់ប្រទេសកម្ពុជា រួមមានស្ថាបត្យកម្មអច្ឆរិយនៃចក្រភពអង្គរពីបុរាណ គឺជានិមិត្តរូបដែលទទួលស្គាល់ជាអន្តរជាតិ បង្ហាញអំពីកេរដំណែលដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា។ ក្រុមការងាររចនាអគារវិទ្យាស្ថានស្លឹករឹតបានធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ ដោយផ្សាភ្ជាប់នឹងអតីតកាល ទៅនឹងប្រាសាទបន្ទាយស្រី ដែលជាប្រាសាទមួយដ៏ផ្ចិតផ្ចង់សាងសង់ឡើងក្នុងសម័យអង្គរ។ ដោយសារតែមូលហេតុថា កម្រិតល្អិតល្អន់នៃស្នាដៃសិល្បៈនៅលើប្រាសាទនេះ មានសភាពសព្វជ្រុងជ្រោយនិងស៊ីជម្រៅ និងជារឿយៗប្រាសាទបន្ទាយស្រីតែងតែត្រូវបានប្រៀបប្រដូចទៅនឹង «រតនវត្ថុនៃសិល្បៈខ្មែរ» នៅក្នុងអក្សរសិល្ប៍ខ្មែរ។ ប្រាសាទបន្ទាយស្រី មានទំហំតូចប៉ុន្តែជាប្រាសាទយ៉ាងសំខាន់និងប្រកបដោយសិល្បៈល្អឯក រំលេចនូវព្រេងនិទានជាគ្រឿងលម្អដ៏វិសេសវិសាលនៅតាមហោរជាងនិងផ្តែរនៃប្រាសាទ ដែលគឺជានិមិត្តរូបជំរុញចិត្តដ៏សមស្របបំផុតសម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការចងចាំនិងការរចនាសារមន្ទីរ។

ស្ទើរតែគ្រប់សាសនាធំៗទាំងអស់ សុទ្ធសឹងតែមានក្រិត្យក្រមជាមូលដ្ឋាននៃជំនឿនិងរឿងព្រេង ស្តីអំពីវត្តមាននិងតួនាទីនៃឋានសួគ៌និងឋាននរក។ គ្មានសាសនាណាមួយដែលបកស្រាយអំពីរឿងព្រេងនិទាននិងទំនាក់ទំនងរបស់ព្រះទេវតានៅឋានសួគ៌និងយាមានៅឋាននរក បានសព្វជ្រុងជ្រោយនិងស៊ីជម្រៅជាងព្រះពុទ្ធសាសនានិងសាសនាហិណ្ឌូនៅក្នុងទ្វីបអាស៊ី ដែលជាសាសនាចម្បងរបស់ប្រទេសកម្ពុជានោះទេ។ ភាពសម្បូរបែបនៃទំនៀមទម្លាប់ប្រពៃណីសាសនាទាំងពីរ គឺមិនអាចមាននៅលើតួអង្គល្អនិងតួអង្គអាក្រក់របស់លោកខាងលិច ឬសាសនាដែលកើតក្រោយដទៃទៀតដូចជា សាសនាជីហ្វ, គ្រិស្តសាសនា និងសាសនាឥស្លាមនោះឡើយ។ យោងតាមព្រេងនិទានរបស់ព្រះពុទ្ធសាសនានិងសាសនាហិណ្ឌូ ឋាននរកនិងឋានសួគ៌មានសារៈសំខាន់ក្រៃលែង ក្នុងការទទួលស្គាល់និងការយល់ដឹងថាតើ មូលហេតុអ្វីបានជាប្រជាជនកម្ពុជា មានប្រតិកម្មចំពោះកេរដំណែលដ៏អសោចនៃរបបខ្មែរក្រហម ខុសពីការយល់ឃើញរបស់លោកខាងលិច ដែលពោរពេញទៅដោយការចងកំហឹង ការដាក់ទោសទណ្ឌ និងការចងអាឃាត។

ស្ថាបត្យកម្មរបស់លោកស្រី ហាឌីដ និងលោក ឆាំង យុ បានរួមគ្នាបង្កើតជាអគារមួយនេះឡើង ដែលដើរតួនាទីពង្រីកនិងពង្រឹងកិច្ចការរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីបង្កើនការទទួលជ្រាបនិងការយល់ដឹងជាសាធារណអំពីសោកនាដកម្មដែលបានកើតឡើង និងស្វះស្វែងរកផលប្រយោជន៍សង្គមចេញពីការផ្សះផ្សា តាមរយៈការអប់រំ ការបញ្ជ្រាបចំណេះដឹង និងការធ្វើឲ្យធូរស្បើយអារម្មណ៍ ដោយផ្អែកលើការចងចាំនិងការប្តេជ្ញាចិត្ត។ ការរចនាបូជនីយដ្ឋានរបស់លោកស្រី ហាឌីដ គឺជាស្នាដៃមួយប្រកបដោយសម្រស់ល្អឯកនិងជានិមិត្តរូបដ៏កម្រក្នុងសតវត្សរ៍ទី២១៕