(ភ្នំពេញ)៖ វេលាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឲ្យលោកស្រី Portia Clare Stratton ប្រធានគម្រោងសកម្មភាពមីន នៃជំនួយប្រជាជនន័រវេស្ស (Norwegian People’s Aid-NPA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូលើវិស័យសកម្មភាពមីននៅកម្ពុជា។

ក្នុងកិច្ចជំនួបនេះ លោកទេសរដ្ឋមន្រ្តី បានជម្រាបប្រាប់លោកស្រី Portia Clare Stratton អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានដាក់ចេញនូវចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់ ដូចមានចែងក្នុងគោលបំណងទាំង៨ នៃផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន២០១៨-២០២៥ ក្នុងការបញ្ចប់ការគំរាមកំហែងដោយសារមីនប្រឆាំងមនុស្សដែលបានស្គាល់ អោយអស់ត្រឹមនៅឆ្នាំ២០២៥។

លោកបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា ដោយមានការចូលរួមគាំទ្រពីបណ្តាប្រទេសជាមិត្ត ម្ចាស់ជំនួយ និងដៃគូ ក្នុងនោះក៏មានប្រទេសន័រវេស្សផងដែរ បានសម្រេចនូវសមិទ្ធផល យ៉ាងច្រើនគួរជាទីមោទនៈ លើវិស័យបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា។

លោកទេសរដ្ឋមន្រ្តី បញ្ជាក់បន្ថែមថា អង្គការ NPA បានចូលរួមការងារសកម្មភាពមីននៅកម្ពុជា អស់រយៈពេលជាងទស្សវត្សរ៍ ក្នុងនោះរួមមានការបោសសម្អាតមីននិងគ្រាប់បែកចង្កោម ការលើកកម្ពស់សមត្ថភាពថ្នាក់ជាតិ និងការបង្ហាត់សុនខហិតមីននៅកម្ពុជាផងដែរ។

លោកស្រី Portia Stratton បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានឆន្ទៈ និងគោលដៅច្បាស់លាស់ ដើម្បីដោះស្រាយនូវសំណល់ជាតិផ្ទុះពីសង្រ្គាម សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា។

លោកស្រី បានបង្ហាញអំពីការតាំងចិត្តរបស់ រាជរដ្ឋាភិបាល និងប្រជាជនន័រវេស្ស តាមរយៈអង្គការ NPA នឹងបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ក្នុងការងារបោសសម្អាតមីនមនុស្សធម៌ ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា គ្មានមីននៅឆ្នាំ២០២៥។

ឆ្លៀតក្នុងឱកាសនោះ ក្នុងនាម សម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី បានផ្ញើលិខិតសម្តែងការសោកស្ដាយចំពោះមន្រ្តី NPA ពីរនាក់ គឺលោក Stephen “Luke” Atkinson និង លោក Trent Lee ដែលបានបាត់បង់ជីវិតនៅកោះសូឡូម៉ុន ដោយសារការផ្ទុះគ្រាប់បែក តាមរយៈលោកស្រី Portia Clare Stratton ប្រធានគម្រោងសកម្មភាពមីននៃអង្គការ NPA ប្រចាំនៅកម្ពុជា។ ក្នុងសារលិខិតនេះ លោកទេសរដ្ឋមន្រ្តី ក៏បានស្នើសុំឲ្យប្រទេសន័រវេស្ស បន្តជួយគាំទ្រដល់វិស័យបោសសម្អាតមីននៅកម្ពុជាផងដែរ៕