(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញ បានប្រកាសថា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ នឹងរៀបចំសន្និសីទព័ត៌មានអបអរសាទរខួប២៧ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់ជាថ្មីនូវរដ្ឋធម្មនុញ្ញរបស់កម្ពុជាក្រោយការបោះឆ្នោតឆ្នាំ១៩៩៣។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ បានឱ្យដឹងថា សន្និសីទនេះនឹងរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ចាប់ពីវេលាម៉ោង៨ព្រឹក។

ក្នុងសេចក្តីប្រកាសព័ត៌មាន បានគូសបញ្ជាក់ថា សន្និសីទព័ត៌មាននេះ ធ្វើឡើងដើម្បីអបអរសាទរទិវារំលឹកខួប២៧ឆ្នាំនៃការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញដែលជាសមិទ្ធផលកើតចេញពីឆន្ទៈរួមរបស់ប្រជារាស្ត្រខ្មែរ សម្តែងឡើងតាមរយៈការបោះឆ្នោតជាសកលកាលពីឆ្នាំ១៩៩៣ ហើយរដ្ឋធម្មនុញ្ញនេះបានក្លាយជាមូលដ្ឋានគ្រឹះនៃស្ថិរភាពរបបនយោបាយ ក្របខ័ណ្ឌច្បាប់ និងក្របខ័ណ្ឌស្ថាប័ន នៅលើខឿនប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាមកដល់បច្ចុប្បន្ននេះ មានសុខសន្តិភាព ពេញលេញ ជារដ្ឋមានស្ថិរភាព ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក។

សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងទៀតថា សន្និសីទនេះ នឹងមានការចូលរួមបទអន្តរាគមន៍ពីសំណាក់នីតិបញ្ញវន្តខ្មែរ ដែលភាគច្រើនទទួលបានសញ្ញាប័ត្រជាន់ខ្ពស់ និងមាននិក្ខេបបទបណ្ឌិតពីសកលវិទ្យាល័យធំៗនៅកម្ពុជា និងពីបណ្តាប្រទេសនានា និងសុទ្ធសឹងតែបានចូលរួមប្រឡូកក្នុងកិច្ចការបម្រើរដ្ឋ ឬកិច្ចការក្នុងវិជ្ជាជីវៈជំនាញ ហើយបានស្គាល់នូវការលំបាក និងការងាយស្រួលនៃដំណើរការជាតិ។

សូមបញ្ជាក់ថា រដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលសម្រាប់ប្រទេសកម្ពុជា ដែលប្រកាន់នូវរបបប្រជាធិបតេយ្យ។ រដ្ឋធម្មនុញ្ញ គ្រប់គ្រង បញ្ហា អធិបតេយ្យភាព តួនាទី និង ឋានៈ របស់ព្រះមហាក្សត្រ សិទ្ធិ ជាមូលដ្ឋាន របស់ប្រជាពលរដ្ឋខ្មែរ សេដ្ឋកិច្ច ការអប់រំ វប្បធម៌ និងកិច្ចការសង្គម ការប្រព្រឹត្តទៅ នៃរដ្ឋសភា ព្រឹទ្ធសភា សមាជ និង រាជរដ្ឋាភិបាល ការប្រព្រឹត្តទៅ នៃស្ថាប័ន តុលាការ ក្រុមប្រឹក្សាធម្មនុញ្ញ រដ្ឋបាល និង សភាជាតិ។

ជាពិសេសរដ្ឋធម្មនុញ្ញ ក៏ជាបន្ទាត់ក្រឹត្យមួយសម្រាប់តម្រង់ទិសឲ្យប្រជាពលរដ្ឋកម្ពុជារស់នៅទៅតាមច្បាប់។ មិនតែប៉ុណ្ណោះរាល់ច្បាប់ និងឯកសារគតិយុត្តទាំងឡាយរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវអនុលោមទៅតាមរដ្ឋធម្មនុញ្ញ បើពុំនោះសោតច្បាប់ និងឯកសារគតិយុត្តទាំងនោះ នឹងអធមនុញ្ញភាព។

ប្រទេសកម្ពុជា បានចាប់ផ្តើមបង្កើតរដ្ឋធម្មនុញ្ញលើកដំបូងនៅក្នុងឆ្នាំ១៩៤៧។ រដ្ឋធម្មនុញ្ញដែលកម្ពុជា កំពុងប្រើប្រាស់នាពេលបច្ចុប្បន្នជារដ្ឋធម្មនុញ្ញលើកទី៦ ត្រូវបានអនុម័តដោយសភាធម្មនុញ្ញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ហើយត្រូវបានព្រះមហាក្សត្រ នៃប្រទេសកម្ពុជា ព្រះបរមរតនកោដ្ឋ ព្រះវររាជបីតា ឯករាជជាតិ នរោត្តម សីហនុ ប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ ដោយព្រះរាជក្រមចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ រដ្ឋធម្មនុញ្ញនេះ មាន១៦ជំពូក និង១៥៨មាត្រា។

រដ្ឋធម្មនុញ្ញ ដែលកម្ពុជាកំពុងនិងប្រើប្រាស់នាពេលបច្ចុប្បន្ននេះ បានកើតឡើងជាថ្មី បន្ទាប់ពីសង្រ្គាមដ៏រ៉ាំរៃជាច្រើនទសវត្សរ៍ត្រូវបានបញ្ចប់ក្រោមជំនួបកិច្ចចរចាស្វែងរកសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។ រដ្ឋធម្មនុញ្ញនេះ ក៏ជាសារបង្ហាញពីស្មារតីរួបរួមសាមគ្គីភាពរបស់ប្រមុខដឹកនាំខ្មែរ រួមមានសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលជាមេដឹកនាំចលនាតស៊ូ និង សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលសម័យរដ្ឋកម្ពុជា។

នៅក្នុងបុព្វកថារបស់រដ្ឋធម្មនុញ្ញ ក៏បានរំលេចសារដាស់តឿន និងរំលឹកដល់កូនខ្មែរផងដែរថា សង្រ្គាមបាននាំកម្ពុជាឲ្យអន្តរាយ ខ្ទេចខ្ទាំ ហើយការបង្កើតរដ្ឋធម្មនុញ្ញជាថ្មី ដើម្បីពង្រឹងនូវការរួបរួមជាតិជាថ្មីឡើងវិញ។ «យើងជាប្រជារាស្ត្រខែ្មរ ដែលធ្លាប់មានអារ្យធម៌ឧត្តុងឧត្តម ប្រទេសជាតិស្តុកស្តម្ភ ធំទូលាយថ្កុំថ្កើងរុងរឿង កិត្យានុភាពខ្ពង់ខ្ពស់ ភ្លឺចែងចាំងដូចពេជ្រ ពណ្ណរាយ បានធ្លាក់ខ្លួន ដ៏សែនរន្ធត់ ក្នុងអំទ្បុងពីរទសវត្សរ៍ចុងក្រោយនេះ ឆ្លងកាត់ទុក្ខសោក វិនាសអន្តរាយទ្រុឌទ្រោមឱនថយមហាសោកស្តាយ បានភ្ញាក់រលឹកក្រោកឈរទ្បើង ចងបាច់ឆន្ទៈមោះមុត ប្តូរផ្តាច់ រួបរួមគ្នាពង្រឹង ឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យ ថ្លៃថ្លា និងអារ្យធម៌អង្គរ ដ៏បវរ កសាងប្រទេសជាតិឱ្យទៅជា «កោះសន្តិភាព» ទ្បើងវិញ៕