(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ បានចាប់ផ្តើមបិទផ្សាយបញ្ជីបោះឆ្នោតឆ្នាំ២០១៩ នៅតាមសាលាឃុំ-សង្កាត់ ទូទាំង២៥រាជធានី-ខេត្ត មុននឹងឲ្យប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១-១៩ ខែតុលា ឆ្នាំ២០២០ខាងមុខ។

បើតាមមន្ត្រី គ.ជ.ប បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា សម្រាប់អ្នកគ្មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រូវរាយការណ៍ទៅក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីរៀបចំបញ្ជីសារជាថ្មី។

សូមបញ្ជាក់ថា គ.ជ.ប បានប្រកាសដល់ប្រជាពលរដ្ឋ ខ្មែរទាំងអស់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ត្រូវចាប់ ផ្តើម ពី ថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ មានគោលដៅធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាពប្រកបដោយសុវត្ថិភាព តាមរយៈ៖

* ការស្រង់ និងលុបឈ្មោះអ្នកបោះឆ្នោត៖

១៖ ដែលបានទទួលមរណភាព
២៖ ដែលត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន
៣៖ ដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេង
ដោយមា ន ឯកសារ ជា សំអាងត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីលុបចេញពីបញ្ជីបោះឆ្នោត ។

* ការកែតម្រូវឈ្មោះ ឬទិន្នន័យអ្នកបោះឆ្នោត៖ តាមសំណើរបស់សាមីខ្លួនដោយផ្អែកលើឯកសារសំអាងត្រឹ ម ត្រូវ ។

* ការចុះឈ្មោះបោះឆ្នោត សំដៅលើ៖

១៖ ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក
២៖ ប្រជាពលរដ្ឋខ្មែរដែលមានអាយុ ១៨ឆ្នាំឡើង (កើតមុន ឬកើតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៣)
៣៖ ប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី ត្រូវទៅចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់ ដែលសាមីខ្លួនកំពុងរស់នៅ ឬស្នាក់អាស្រ័យនៅ៕