(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍រដ្ឋសភា និងសហការី បានអញ្ជើញចុះពិនិត្យដំណើរការ បើកសាលារៀនឡើងវិញ ក្នុងដំណាក់កាលទី២ នៅវិទ្យាល័យបាក់ទូក ជាមួយលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។

រយៈកាលកន្លងនេះ បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា ប្រកាសឲ្យមានការបើកគ្រឹះស្ថានសិក្សាឡើងវិញ ក្នុងដំណាក់កាលទី២ គណៈកម្មការទី៧ ក្នុងនាមជាសេនាធិការឲ្យរដ្ឋសភា និងក្នុងនាមជាគណៈកម្មការទទួលបន្ទុកលើវិស័យអប់រំផ្ទាល់ បានបំពេញតួនាទីរបស់ខ្លួនក្នុងការពិនិត្យ តាមដាន ស្វែងយល់ពីបញ្ហាប្រឈម ក្នុងការអនុវត្តការងាររបស់ក្រសួងអប់រំ យុវជន និងកីឡា។

ការស្វែងយល់នេះ ធ្វើឡើងតាមរយៈការជួបប្រជុំពិភាក្សា ជាបន្តបន្ទាប់ជាមួយថា្នក់ដឹកនាំក្រសួង ការប្រជុំផ្តល់យោបល់ និងធាតុចូលជាលក្ខណៈបច្ចេកទេស រវាងមន្ត្រីជំនាញ នៃស្ថាប័នទាំងពីរ ហើយការចុះបេសកម្មទៅតាមបណ្តាខេត្ត ដើម្បីស្វែងយល់បន្ថែមពីស្ថានភាពអប់រំក្នុងក្របខណ្ឌខេត្ត ជាពិសេសខណៈការអនុញ្ញាតឲ្យបើកសាលារៀនឡើងវិញនេះ។

ជាក់ស្តែង ការចុះពិនិត្យដំណើរការបើកសាលារៀនឡើងវិញ ក្នុងដំណាក់កាលទី២ នៅវិទ្យាល័យបាក់ទូក របស់លោក ហ៊ុន ម៉ានី និងលោក ហង់ ជួនណារ៉ុន មិនត្រឹមតែដើម្បីចុះត្រួតពិនិត្យលើការរៀបចំឲ្យដំណើរការសាលាឡើងវិញតែប៉ុណ្ណោះទេ តែជាការឆ្លុះបញ្ចាំងពីការគាំទ្រទាំងស្មារតី និងកម្លាំង របស់គណៈកម្មការទី៧ ចំពោះក្រសួងអប់រំ យុវជន និងកីឡា ក្នុងកិច្ចខិតខំប្រឹងប្រែងអនុវត្តការងារកន្លងមក ជាពិសេសការរៀបចំត្រៀមខ្លួនបើកដំណើរការ គ្រឹះស្ថានសិក្សាឡើងវិញ ស្របពេលដែលត្រូវបន្តការអនុវត្តវិធានការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩។

ក្នុងឱកាសចុះជួបដោយផ្ទាល់ ជាមួយថ្នាក់ដឹកនាំក្រសួង មន្ទីរអប់រំ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យបាក់ទូក លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធ លើវិស័យអប់រំទាំងអស់ ចំពោះការខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការសហការ និងចូលរួមអនុវត្តការងារស្របតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡានាពេលកន្លងមក។

គណៈកម្មការទី៧ បានលើកទឹកចិត្តឲ្យគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូអ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ បន្តការយោគយល់ និងសហការយ៉ាងសកម្មជាមួយក្រសួងអប់រំ យុវជន និងកីឡា ដោយអនុវត្តយ៉ាងម៉ឹងម៉ាត់នូវគោលការណ៍ប្រតិបត្តិស្តង់ដាររបស់ក្រសួង និងសេចក្តីណែនាំនានា របស់ក្រសួងសុខាភិបាល ដើម្បីធានាបានថា ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញនេះ អាចប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងមានការត្រួតពិនិត្យ ត្រឹមត្រូវ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ទាំងអស់គ្នា។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី បានបន្តថា គណៈកម្មការទី៧ នឹងនៅបន្តតាមដាន ពិភាក្សារួមគ្នា ក្តាប់គ្រប់ជ្រុង នៃបញ្ហាចុះពិនិត្យក្នុងមូលដ្ឋានជាក់ស្តែង ដើម្បីលើកទឹកចិត្ត គាំទ្រ និងផ្តល់យោបល់ ជាធាតុចូលបន្ថែមក្នុងការបំពេញការងារ និងដោះស្រាយនូវបញ្ហាទាំងឡាយ ដែលស្ថិតក្នុងសមត្ថកិច្ច របស់គណៈកម្មការ។

សូមជម្រាបថា បន្ទាប់ពីការចុះបេសកកម្មទៅកាន់ ខេត្តព្រៃវែង និងស្វាយរៀង កាលដើមខែកញ្ញាកន្លងនេះ គណៈកម្មការទី៧ នៃរដ្ឋសភា ដឹកនាំដោយ លោក ហ៊ុន ម៉ានី គ្រោងនឹងចុះបេសកកម្មទៅខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដែលជាខេត្តជាប់ព្រំដែន ចាប់ពីថ្ងៃទី២២ ដល់ ២៥ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីជួបប្រជុំជាមួយគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា និងមន្ត្រីអប់រំនៃខេត្តទាំងពីរ។

គោលបំណង នៃបេសកកម្មនេះ គឺដើម្បីបន្តស្វែងយល់បន្ថែម និងក្តាប់យកព័ត៌មានអំពីការវិវត្តថ្មីៗ លើស្ថានភាពអប់រំ ដែលនឹងក្លាយជាធាតុចូលសំខាន់ សម្រាប់គណៈកម្មការផ្ទាល់ ហើយគណៈកម្មការទី៧ អាចផ្តល់ធាតុចូលបន្តជូនដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាជំរុញ និងធានាដំណើរការបើកគ្រឹះស្ថានសិក្សា អាចប្រព្រឹត្តទៅបានឡើងវិញ ប្រកបដោយប្រសិទ្ធភាព ហើយអនុញ្ញាតឲ្យសិស្សានុសិស្ស អាចត្រលប់មកសិក្សាក្នុងសាលារៀនវិញបាន៕