(ភ្នំពេញ)៖ នារីស្រស់ស្អាត២នាក់ បានកើតជម្លោះជាមួយបុរសម្នាក់ ដែលជាដៃគូក្នុងវង់ផឹកស៉ីជាមួយគ្នា ក្នុងហាងមួយកន្លែង រហូតឈានដល់ការវាយគ្នាទៅវិញទៅមក បណ្តាលឲ្យឈាមច្រមុះនារីម្នាក់ ផ្អើលដល់មហាជនមកចោមមើលយ៉ាងកុះករ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១៖០០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃ ទី២១ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅផ្សារហ្គោដិន សូរិយា ម៉ល ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីភាគីខាងស្រី បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ដើមហេតុដំបូងភាគីខាងប្រុសហៅពួកខ្លួនមកផឹកស៉ីនៅហាងមួយកន្លែង ដែលមាន ទីតាំងនៅផ្សារហ្គោលដិនសូរិយាម៉ល ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ផឹកបានមួយសន្ទុះ បន្ទាប់មកក៏ឈ្លោះគ្នា បង្កឲ្យមានការវាយប្រតាយប្រតប់គ្នា រហូតដល់មានរបួសស្នាមតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ទីតាំងកន្លែងកើតហេតុ ហើយបានហៅភាគីទាំងសងខាង យកទៅកាន់ប៉ុសិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី៣ ដើម្បីសាកសួរជុំវិញករណីខាងលើ៕