(ព្រះសីហនុ)៖ ភ្ញៀវទេសចរទាំង ១,៣៩១នាក់ ដែលបានជាប់នៅលើកោះរ៉ុង រយៈពេល៣ថ្ងៃ ដោយសារភ្លៀងព្យុះនៅសមុទ្រនោះ ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុជួយអន្តរាគមន៍ ដឹកជញ្ជូននាំត្រលប់មកដល់គោកវិញគ្រប់គ្នាអស់ហើយ។ នេះបើតាមរបាយការណ៍របស់អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ។

របាយការណ៍បានបន្តថា ប្រតិបត្តិការនេះធ្វើឡើងតាំងពីព្រឹកម៉ោង ១០ រហូតដល់រសៀលម៉ោង ៣ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ដោយបានប្រើប្រាស់កាណូតល្បឿនលឿនចំនួន ១៨គ្រឿង ចេញដឹកជញ្ជូនចំនួន ២៦ជើង។

កិច្ចអន្តរាគមន៍នេះដែរ គឺបានធ្វើឡើងក្រោមការដឹកនាំរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ដែលចូលរួមសហការដោយរដ្ឋបាលក្រុងកោះរ៉ុង រដ្ឋបាលក្រុងព្រះសីហនុ កងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ មន្ទីរ អង្គភាពពាក់ព័ន្ធ វិស័យឯកជន និងសមាគមទូកទេសចរណ៍ខេត្តព្រះសីហនុ។

របាយការណ៍របស់អ្នកនាំពាក្យបានបន្តទៀតថា ភ្ញៀវទេសចរទាំង ១,៣៩១នាក់ (ស្រី ៥៩៥នាក់) នោះមានក្មេងអាយុក្រោមអាយុ១៥ឆ្នាំ ១០៩នាក់ ក្នុងនោះមានភ្ញៀវបរទេសចំនួន ៣៧៣នាក់ (ស្រី ១៥៤នាក់)។

សូមបញ្ជាក់ថា ការជាប់គាំងរបស់ភ្ញៀវទេសចរនេះ ក៏ដោយសារឥទ្ធិពលព្យុះទី១១ មានឈ្មោះហៅថា នូល (Noul) ដែលបានបណ្ដាលឱ្យមានភ្លៀងធ្លាក់ ខ្យល់កន្រ្តាក់ រលកសមុទ្រខ្ពស់ៗ មិនអាចឱ្យទូកកាណូត ឬអូប័រធ្វើដំណើរនៅលើផ្ទៃសមុទ្របាន។

នៅចំពោះមុខកិច្ចអន្តរាគមន៍នេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្តព្រះសីហនុផងដែរ ដោយបានបញ្ជាក់ថា សកម្មភាពទាំងនេះឆ្លុះបញ្ចាំងឱ្យឃើញពីការគិតគូរយកចិត្តទុកដាក់ខ្ពស់ ប្រកបដោយការទទួលខុសត្រូវរបស់អាជ្ញាធរ កម្លាំងមានសមត្ថកិច្ច ផ្នែកពាក់ព័ន្ធ និងក្រុមហ៊ុនឯកជនទាំងអស់ ដែលបានសហការយ៉ាងល្អជាមួយគ្នាក្នុងការធានាសន្តិសុខ សុវត្ថិភាពជូនភ្ញៀរទេសចរ ដែលទៅកម្សាន្តនៅគោលដៅទេសចរណ៍ក្នុងមូលដ្ឋានរបស់ខ្លួន។

សូមជម្រាបថា មុនពេលកើតមានបញ្ហាគ្រោះធម្មជាតិនេះ ក្រសួងធនធានទឹក និងឧត្តុនិយម កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ ក៏បានព្រមានពីការជះឥទ្ធិពលរបស់ព្យុះនូលនេះមកលើប្រទេសកម្ពុជាផងដែរ ដែលបង្កឱ្យមានភ្លៀងធ្លាក់ និងមានជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តជាប់នឹងមាត់សមុទ្រ។

ឥទ្ធិពលព្យុះនេះទៀតសោតក៏បានបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង ដែលធ្វើឱ្យស្ថានភាពកម្ពស់ទឹកស្ទឹងជាច្រើននៅក្នុងប្រទេសកំពុងហក់ឡើងយ៉ាងគំហុក ដូច្នេះសូមប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសអ្នកដែលរស់នៅតាមដងស្ទឹង ជ្រលងអូរ បឹងបួរ ឬទីទំនាបជាដើមនោះ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពផ្ទាល់ខ្លួន គ្រួសារ សត្វចិញ្ចឹម និងទ្រព្យសម្បត្តិរបស់ខ្លួនឱ្យបានល្អ ជៀសវាងកើតមានបញ្ហាដោយប្រការណាមួយ៕