(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្ដីថ្លែងការណ៍ឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក ដោយបានចាត់ទុកការដាក់ទណ្ឌកម្មមកលើក្រុមហ៊ុន យូញៀន ឌីវេឡុបមេន គ្រុប ខូ អ៉ិលធីឌី (Union Development Group ) ហៅកាត់ថា UDG នេះ មិនបានឆ្លុះបញ្ចាំងពីការពិតទាល់តែសោះ។

សូមជម្រាបថា ក្រុមហ៊ុន យូញៀន ឌីវេឡុបមេន គ្រុប ខូ អ៉ិលធីឌី (UDG) ជាក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍នៅស្រុកបុទុមសាគរ និងស្រុកគិរីសាគរ ខេត្តកោះកុង។

ជុំវិញហេតុផលដែលនាំឱ្យក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក សម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុន UDG នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សូមធ្វើការគូសបញ្ជាក់ដូចខាងក្រោម៖

១៖ ករណីដែលក្រសួងរតនាគារសហរដ្ឋអាមេរិកអះអាងថា ក្រុមហ៊ុន UDG ជាក្រុមហ៊ុនរបស់រដ្ឋាភិបាលចិននោះ គឺមិនស្របទៅនឹងឯកសារតម្កល់ទុក នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទេ។ តាមឯកសារតម្កល់ទុក នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រុមហ៊ុន UDG ជាក្រុមហ៊ុនបរទេស ដែលមានវិញ្ញាបនបត្រចុះបញ្ជីនៅ ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា លេខ INV.1323 E/2008 មានភាគហ៊ុន ១០០% កាន់កាប់ដោយក្រុមហ៊ុន Tianjin Union Investment Development Group Co., Ltd ដែលបានចុះបញ្ជីនៅប្រទេសចិន។ ក្រុមហ៊ុន Tianjin Union Investment Development Group Co., Ltd ជាក្រុមហ៊ុនឯកជនសុទ្ធសាធ ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៥ នៅទីក្រុងធានជីង ប្រទេសចិន ដែលមានជំនាញលើផ្នែកវិនិយោគអចលនទ្រព្យ។ ជាក់ស្តែង មុនពេលមកបណ្តាក់ទុននៅកម្ពុជា ក្រុមហ៊ុន Tianjin Union Investment Development Group Co., Ltd បានដំណើរការអាជីវកម្មរបស់ខ្លួនប្រកបដោយជោគជ័យលើផ្នែកអចលនទ្រព្យនៅលើកោះហៃណាន ប្រទេសចិន។ ក្រុមហ៊ុន UDG បានលើកសំណើសុំវិនិយោគលើគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានលំហែកាយមាត់សមុទ្រ មកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០០៨។ ឆ្លងតាមការពិនិត្យសិក្សាស្រាវជ្រាវ និងការពិភាក្សាក្នុងអង្គប្រជុំ «ច្រកចេញ-ចូលតែមួយ» ជាបន្តបន្ទាប់រួចមក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសរុបមតិសុំការពិនិត្យសម្រេចពីប្រមុខរាជរដ្ឋាភិបាល អនុញ្ញាតឱ្យក្រុមហ៊ុនធ្វើការវិនិយោគតាមសំណើ។ ដូច្នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចេញវិញ្ញាបនបត្រចុះបញ្ជី ជាស្ថាពរលេខ១៥៣៣/០៨ គ.វ.ក ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០០៨។

២៖ ករណីផ្តល់ទីតាំងមានទំហំលើសពី ១០.០០០ហិកតា៖ ក្រសួងរតនាគារសហរដ្ឋអាមេរិកបានអះអាងថា ការផ្តល់ទីតាំងជូនក្រុមហ៊ុន UDG ធ្វើការអភិវឌ្ឍមានទំហំលើសពីចំនួនដីសម្បទានដែលច្បាប់កំណត់។ ជាការពិត ច្បាប់ភូមិបាលមិនអនុញ្ញាតឱ្យក្រុមហ៊ុនណាមួយ ទទួលបានដីសម្បទានលើសពី ១០០០០ហិកតាឡើយ ប៉ុន្តែគម្រោងរបស់ក្រុមហ៊ុន UDG នេះ ពុំមែនជាករណីទទួលបានដីសម្បទានសេដ្ឋកិច្ចទេ។ ករណីនេះជាការជួលទីតាំងដែលពុំមានច្បាប់ណាមួយកំណត់ពីទំហំអតិបរមាឡើយ។ ដូចនេះ ការជួលទីតាំងឱ្យក្រុមហ៊ុន UDG ក្នុងទំហំលើសពី ១០.០០០ហិកតានេះ ពុំមែនជាការអនុវត្តខុសច្បាប់ទេ។ ក្នុងការជួលទីតាំងនេះ រាជរដ្ឋាភិបាលបានគោរព និងអនុវត្តស្របតាមច្បាប់ បទប្បញ្ញត្តិ និងនីតិវិធីជាធរមាន។

៣៖ ករណីចោទប្រកាន់ថា ក្រុមហ៊ុន UDG បានបង្ខំឱ្យប្រជាពលរដ្ឋចាកចេញពីដីរបស់ខ្លួន៖ ទីតាំង វិនិយោគរបស់ក្រុមហ៊ុន UDG គឺជាផ្នែកមួយនៃឧទ្យានជាតិបុទុមសាគរ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ ដោយផ្អែកតាមច្បាប់ ទីតាំងឧទ្យានជាតិនេះ ពុំអាចមានបុគ្គលណាម្នាក់មានសិទ្ធិកាន់កាប់ និងអាស្រ័យផលបានឡើយ ប៉ុន្តែ ជាក់ស្តែងមានប្រជាពលរដ្ឋមួយចំនួនបានរស់នៅ និងអាស្រ័យផលនៅលើទីតាំងដែលត្រូវបានជួលឱ្យក្រុមហ៊ុន UDG វិនិយោគ។ ក្នុងស្មារតីគិតគូរដល់ប្រជាពលរដ្ឋទាំងនោះ កិច្ចសន្យាជួលទីតាំងវិនិយោគនេះត្រូវបានរៀបចំឡើងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត ហើយបានដាក់ឆ្លងកិច្ចប្រជុំអន្តរក្រសួងជាច្រើន លើកច្រើនសារដើម្បីកំណត់យន្តការ និងនីតិវិធីដោះស្រាយមួយដ៏ត្រឹមត្រូវ ជាមួយប្រជាពលរដ្ឋទាំងនោះ ដោយជៀសវាងការបង្ខិតបង្ខំណាមួយ។ ជាក់ស្តែង បន្ទាប់ពីកិច្ចសន្យាជួលទីតាំងវិនិយោគត្រូវបានចុះហត្ថលេខារួច ក្រុមការងារអន្តរក្រសួងមួយត្រូវបានបង្កើតឡើង សម្រាប់ធ្វើជាយន្តការដោះស្រាយទីតាំងជូនប្រជាពលរដ្ឋខាងលើ។ ក្រុមការងារអន្តរក្រសួងនេះបានចុះស្រង់ស្ថិតិ សិក្សាលើគ្រប់ទិដ្ឋភាពទាំងអស់ មុននឹងធ្វើរបាយការណ៍សុំការពិនិត្យ និងសម្រេចពីរាជរដ្ឋាភិបាល។ ជារួម ការដោះស្រាយជាមួយប្រជាពលរដ្ឋ ដែលកំពុងរស់នៅលើទីតាំងជួល ត្រូវបានអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្ត សន្តិវិធីដោយគ្មានការបង្ខិតបង្ខំ និងស្របតាមខ្លឹមសារទាំងស្រុងនៃកិច្ចសន្យា។

៤៖ ករណីចោទប្រកាន់ថា ការអភិវឌ្ឍន៍នេះបានបំផ្លិចបំផ្លាញបរិស្ថាន៖ ក្នុងកិច្ចដំណើរការអនុវត្តគម្រោងវិនិយោគ ក្រុមហ៊ុន UDG ត្រូវអនុវត្តឱ្យបានត្រឹមត្រូវស្របតាមប្លង់មេ កម្មវិធីអភិវឌ្ឍន៍ និងរបាយការណ៍ស្តីពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) ដែលទទួលបានការឯកភាពពីក្រសួងបរិស្ថាន។ ប្លង់មេ និងកម្មវិធីអភិវឌ្ឍន៍ដែលក្រុមហ៊ុន UDG ត្រូវអនុវត្តនេះត្រូវបានពិនិត្យពិភាក្សានិងសម្រេចយ៉ាងត្រឹមត្រូវតាមរយៈកិច្ចប្រជុំអន្តរក្រសួង ដែលមានការចូលរួមពីតំណាងគ្រប់ក្រសួង-ស្ថាប័នជំនាញ បន្ទាប់ពីការវិភាគសិក្សា និងវាយតម្លៃយ៉ាងហ្មត់ចត់និងច្បាស់លាស់។ លើសពីនេះ បន្ទាប់ពីទទួលបានការអនុញ្ញាតឱ្យធ្វើការវិនិយោគ ក្រុមហ៊ុន UDG នៅបន្តមានកាតព្វកិច្ចក្នុងការផ្តល់នូវរបាយការណ៍សកម្មភាពលម្អិតពីការអភិវឌ្ឍនានានៃគម្រោងវិនិយោគរបស់ខ្លួនស្របតាមប្លង់មេ ជូនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីធ្វើការពិនិត្យ វាយតម្លៃ និងតាមដានជាប្រចាំ ដើម្បីធានាថាការអនុវត្តគម្រោងអនុលោមតាមច្បាប់ និងបទប្បញត្តិជាធរមាន។ ជាមួយនេះ គណៈកម្មការអន្តរក្រសួងបានកំណត់កម្មវិធីចុះ ពិនិត្យដល់ទីតាំងផ្ទាល់ការអនុវត្តគម្រោងរបស់សាមី ក្រុមហ៊ុននៅរៀងរាល់៦ខែម្តង។

៥៖ ការចោទប្រកាន់ថា គម្រោងវិនិយោគរបស់ក្រុមហ៊ុន UDG អាចនឹងត្រូវបានប្រើប្រាស់ជាមូលដ្ឋានយោធា៖ យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គ្មានមូលដ្ឋានកងទ័ពបរទេសណាមួយ អាចត្រូវបានបង្កើតនៅកម្ពុជាឡើយ ទោះជាមូលដ្ឋានកងទ័ពចិន អាមេរិក ឬប្រទេសណាមួយក៏ ដោយ។ រាជរដ្ឋាភិបាលកម្ពុជាក៏ធ្លាប់បានបដិសេធជាច្រើនលើកច្រើនសាររួចហើយដែរ ចំពោះព័ត៌មានដែលថា កម្ពុជាអាចទទួលយកកងទ័ពបរទេស មកឈរជើងនៅក្នុងទឹកដីរបស់ខ្លួន។ ដូចនេះកម្ពុជាស្វាគមន៍ចំពោះដំណើរទស្សនកិច្ច ស្វែងរកការពិតរបស់សហរដ្ឋអាមេរិក ឬប្រទេសជាមិត្តនានា ដើម្បីបញ្ចប់ការចោទប្រកាន់ និងការមន្ទិលសង្ស័យនេះ។

គួររំលឹកផងដែរថា នាពេលកន្លងមក តំណាងស្ថានទូតនៃប្រទេសមួយចំនួន រួមទាំងអនុព័ន្ធយោធាអមស្ថានទូត ក៏ធ្លាប់បានទៅទស្សនកិច្ចនៅតំបន់អភិវឌ្ឍន៍តារាសាគរ នាថ្ងៃទី១២ ខែកុម្ភៈ និងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ នេះរួចហើយផងដែរ។ បន្ថែមពីការគូសបញ្ជាក់ខាងលើ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាពិនិត្យឃើញថា គម្រោងវិនិយោគរបស់ក្រុមហ៊ុន UDG នេះបានចូលរួមចំណែកក្នុងការទាក់ទាញក្រុមហ៊ុនជាច្រើនបន្ថែមទៀត មកវិនិយោគនៅទីតាំង វិនិយោគខាងលើ តាមរយៈការជួលបន្តនូវទីតាំងតាមផ្នែកៗ ដល់ក្រុមហ៊ុនវិនិយោគនានាស្របតាមកិច្ចសន្យាជួល។ ដូចនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាយល់ឃើញថា ការដាក់ទណ្ឌកម្មរបស់ក្រសួងរតនាគារសហរដ្ឋ អាមេរិកនេះ នឹងជះឥទ្ធិពលជាអវិជ្ជមាន ដែលមិនត្រឹមតែប៉ះពាល់ធ្ងន់ធ្ងរដល់ក្រុមហ៊ុន UDG ប៉ុណ្ណោះទេ តែក៏អាចប៉ះពាល់ធ្ងន់ធ្ងរផងដែរ ដល់ការងារប្រជាជនស្លូតត្រង់ជាច្រើន ក៏ដូចដល់បរិស្ថានធុរកិច្ចនិងវិនិយោគទាំងមូលនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងទៀតថា ក្នុងនាមស្ថាប័នដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងការទាក់ទាញលំហូរវិនិយោគ ពីគ្រប់មជ្ឈដ្ឋានលើសកលលោក ដើម្បីចូលមកអភិវឌ្ឍន៍ប្រទេស ដែលបានខិតខំប្រឹងប្រែងងើបឈរពីគំនរផេះផង់ រហូតត្រូវបានគេទទួលស្គាល់ថា ជាប្រទេសដែលមានឯកត្តកម្មកំណើន ក្នុងរយៈពេលជាងពីរទសវត្សកន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសង្ឃឹមថារដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងពិចារណាឡើងវិញចំពោះការសម្រេចចិត្តដាក់ទណ្ឌកម្មលើក្រុមហ៊ុន យូញៀន ឌីវេឡុបមេន គ្រុប ខូ អិលធីឌី (UDG) ជាក់ជាមិនខាន៕