(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ កម្លាំងនគរបាលខេត្តព្រះសីហនុ សហការជាមួយក្រុមហ៊ុនឯកជន បានបញ្ចេញទូកតូចធំជាង១០គ្រឿង ទៅទទួលភ្ញៀវទេសចរ ជាង១,០០០នាក់ ដែលជាប់នៅលើកោះ រយៈពេលបីថ្ងៃ ដោយសារព្យុះ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា កោះដែលភ្ញៀវទេសចរជាប់នៅលើនោះ រួមមាន កោះរ៉ុង កោះរ៉ុងសន្លឹម និងកោះសង្សា។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ដោយសាររយៈពេលបីថ្ងៃកន្លងទៅនេះ កម្ពុជាទទួលរងឥទ្ធិពលព្យុះ ជាពិសេសនៅខេត្តព្រះសីហនុតែម្ដង ដូច្នេះហើយអាជ្ញាធរ និងសមត្ថកិច្ចផ្អាកការធ្វើដំណើរតាមផ្លូវទឹកជាបណ្ណោះអាសន្ន រង់ចាំអាកាសធាតុល្អឡើងវិញ។

លោកស្នងការបានបញ្ជាក់ថា នៅព្រឹកនេះ ដោយឃើញអាកាសធាតុស្រឡះល្អ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានទំនាក់ទំនងទៅកាន់ក្រសួងធនធានទឹក ដើម្បីបញ្ជាក់អំពីអាកាសធាតុនេះ។

ក្រោយទទួលបានព័ត៌មានថា អាកាសធាតុល្អអាចធ្វើដំណើរបាន លោកអភិបាលខេត្ត បានបញ្ជាមកកម្លាំងនគរបាល សហការជាមួយក្រុមហ៊ុនឯកជន ដើម្បីបញ្ចេញទូក និងអូប័រជាង១០គ្រឿង ទៅទទួលភ្ញៀវទេសចរជាង១,០០០នាក់នោះ ត្រឡប់មកលើដីគោកវិញ ក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានអះអាងថា នៅពេលទូក និងអូប័រចេញទៅទទួលភ្ញៀវទេសចរ ក៏មាននគរបាលទេសចរណ៍ និងនគរបាលផ្លូវទឹក អមដំណើរនៅលើនោះផងដែរ ដើម្បីធានាសុវត្ថិភាព។ លោកបានបន្ថែមថា រហូតមកដល់ពេលនេះ ភ្ញៀវទេសចរទាំងជាង១,០០០នាក់ ដែលជាប់នៅលើកោះនោះបានត្រឡប់មកលើដីគោកដោយសុវត្ថិភាព។

សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០។

ក្រសួងបានបញ្ជាក់ថា តាមរយៈតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតីបង្កើនល្បឿន បក់មកលើកម្ពុជា។ សម្ពាធទាបសកម្មនៅលើសមុទ្រប៉ាស៊ីហ្វិក និងវិវត្តខ្លួនជាបន្ត បន្ទាប់ទៅជាវិសម្ពាធទាបរួចនឹងទៅជាកូនព្យុះ ពេលដែលឆ្លងកាត់ប្រទេស ហ្វីលីពីន។ ព្យុះនេះ នៅថ្ងៃទី១៦ ខែកញ្ញា នឹងបន្តដំណើរចូលទៅក្នុងឈូងសមុទ្រតុងកឹង រួចចូលប្រទេសវៀតណាមភាគកណ្ដាល កៀកព្រំ ប្រទល់ភាគខាងជើង។

ក្រសួងធនធានទឹក ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានជាអាទិ៍៖

* តំបន់ជាប់ផ្លូវទឹក និងជាប់ជួរភ្នំ មូលហេតុបង្កឡើងដោយជំនន់ទឹកភ្លៀង។
* អ្នកដំណើរ និងអ្នកនេសាទសមុទ្រ មូលហេតុភ្លៀងខ្យល់ និងរលកសមុទ្រដែលអាចមានកម្ពស់ខ្ពស់ ពិសេសចាប់ពីថ្ងៃទី ១៨-២១ ខែកញ្ញា៕