(ឧត្តរមានជ័យ)៖ ស្ពានអូរជីក ឬស្ពានតាម៉ុក ស្ថិតក្នុងភូមិអូរចិញ្ជៀន ឃុំងន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានផ្អាកធ្វើចរាចរណ៍ឆ្លងកាត់ហើយ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ ដោយសារស្ថានភាពទឹកហូរកាត់ស្ពានមានកម្រិតខ្លាំង។

លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តឧត្តរមានជ័យ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ស្ថានភាពទឹកនៅស្ពានអូរជីក ឬស្ពានតាម៉ុកក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ មានកម្ពស់ ៣.៩៥ម៉ែត្រ លើសកម្រិតប្រុងប្រយត្ន័ ដែលមានកម្ពស់ ៣.៨០ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្នកម្ពស់ ៤.២០ម៉ែត្រ។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា ដោយសារកម្រិតទឹកហូរឆ្លងកាត់ស្ពានខ្លាំង ស្ពានតាម៉ុកត្រូវបានផ្អាកធ្វើចរាចរណ៍ជាបណ្តោះអាសន្នរយៈពេលខ្លី។ លោកបន្តថា សម្រាប់ខេត្តឧត្តរមានជ័យ មិនមានបញ្ហាគ្រោះទឹកជំនន់ទេ ពោលគឺកម្ពស់ទឹកខ្ពស់ តែកន្លែងស្ពានតាម៉ុកមួយទេ ក្រៅពីនេះនៅទីតាំងផ្សេងៗ គឺមានសភាពធម្មតា។

លោកប្រធានមន្ទីរបញ្ជាក់ទៀតថា «អាងទឹកបឹងតាម៉ុកក៏មិនមានបញ្ហាអី្វដែរ អាចទឹកហូរកាត់ស្ពាន ផ្អាកចរាចរណ៍រយៈពេលខ្លី ប៉ុន្តែឲ្យបង្កជាមហន្តរ៉ាយផ្សេងៗមិនមានទេ ហើយស្អែកនេះ ទឹកចាប់ផ្តើមស្រកហើយ»

ជាមួយគ្នានេះដែរលោក ញឺក កួន បានថ្លែងអំពាវនាវប្រជាពលរដ្ឋត្រូវមានលក្ខណៈប្រុងប្រយ័ត្នត្រៀមជានិច្ច កុំឲ្យមានគ្រោះថ្នាក់ណាមួយជាយថាហេតុ ទោះជាស្ថានភាពទឹកមិនទាន់គម្រាមកំហែងក៏ដោយ។ លោកថា ទាំងអាជ្ញាធរ និងសមត្ថកិច្ច បានត្រៀមលក្ខណៈគ្រប់គ្រាន់ និងគ្រប់ពេលវេលា ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ៕