(ព្រៃវែង)៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ក្នុងខេត្តព្រៃវែង ក្នុងរយៈពេលបីថ្ងៃ គិតពីថ្ងៃ១៦ ដល់ថ្ងៃ១៨ ខែកញ្ញា ឆ្នាំ២០២០ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ២៨,៣៤៤នាក់ ដែលមកទស្សនាកម្សាន្តនៅតាមរមណីយដ្ឋានានាទូទាំងខេត្ត។

បើតាមលោក ទឹម ទេពវង្សា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រៃវែង បានឱ្យដឹងថា នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះ មន្ទីរបានរៀបចំរមណីយដ្ឋាន និងតំបន់គោលដៅទេសចរណ៍ចំនួន ៦កន្លែង សម្រាប់ទទួលភ្ញៀវចូលទៅទស្សនាកម្សាន្ត ក្នុងនោះរួមមាន៖ រមណីយដ្ឋានធម្មជាតិនគរភ្នំ (ភ្នំឈើកាច់) ស្រុកបាភ្នំ, រមណីយដ្ឋានទួលបារាយណ៍អណ្តែត (បារាយលិច) ក្រុងព្រៃវែង, តំបន់អភិរក្សសត្វស្លាបទួលព័ន្ធតាឡី (ទ័ពស្តេច) ស្រុកបាភ្នំ, តំបន់សួនសត្វតាដាបាយ៉ាប ស្រុកកំចាយមារ គោលដៅទេសចរណ៍ស្ទឹងចា (ត្រពាំងរមាស) និងស្រុកកំចាយមារ គោលដៅទេសចរណ៍ដីដុះ (ស្វាយភ្លោះ) ស្រុកពាមជរ។

លោកបានបន្តទៀតថា សម្រាប់បុណ្យភ្ជុំបិណ្ឌគិត រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ខេត្តព្រៃវែងទទួលបានភ្ញៀវទេសចរជាតិចំនួន ២៨,៣២៩នាក់ ភ្ញៀវអន្តរជាតិចំនួន១៥នាក់ សរុប២៨,៣៤៤នាក់។

លោក ទឹម ទេពវង្សា បានបន្តថា ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ និងមិនឱ្យមានការតម្លើងថ្លៃលើសកំណត់ ចំពោះភ្ញៀវដែលទៅកម្សាន្តក្នុងខេត្តព្រៃវែង មន្ទីរបានសហការជាមួយអាជ្ញាធរកងកម្លាំងគ្រប់លំដាប់ថ្នាក់ និងមន្ទីរពាក់ព័ន្ធជុំវិញខេត្តចុះផ្សព្វផ្សាយតាមសណ្ឋាគារ ផ្ទះសំណាក់ និងអ្នកលក់នំចំណីអាហារនៅតាមរមណីយដ្ឋាន ក៏ដូចជាគោលដៅតំបន់ទេសចរណ៍មិនលក់ដូរ ឬជួលឱ្យភ្ញៀវលើសតម្លៃកំណត់ឡើយ។

មិនតែប៉ុណ្ណោះមន្ទីរ បានអនុវត្តតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ក្នុងដំណាក់កាលការពារជំងឺកូវីដ-១៩ ព្រមជាមួយការលើកកម្ពស់អនាម័យម្ហូបអាហារ បរិស្ថាន និងសេវាកម្មឱ្យបានសមរម្យ ព្រមទាំងបានយកចិត្តទុកដាក់ បន្ថែមលើការពិនិត្យគ្រប់គ្រងកន្លែងកម្សាន្តនានា មានរៀបចំក្រុមការងារសម្រាប់សង្គ្រោះបន្ទាន់នៅតាមគោលដៅទេសចរណ៍ និងរមណីយដ្ឋាននីមួយៗ បានល្អប្រសើរផងដែរ៕