(បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសាររំលែកមរណទុក្ខ គ្រួសារសពដែលរងគ្រោះ ដោយសាររន្ទះបាញ់ស្លាប់៨នាក់ និងរបួស៣នាក់ នៅស្រុករុក្ខគិរី ខេត្តបាត់ដំបង។ នេះបើតាមសាររំលែកមរណទុក្ខ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ។

ក្នុងសាររំលែកមរណទុក្ខ របស់សម្ដេចក្រឡាហោម ស ខេង មានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖

«ខ្ញុំ និងភរិយា មានសេចក្ដីរន្ធត់ក្តុកក្តួលសង្វេគសោកស្ដាយជាអនេក ប្រកបដោយសមានទុក្ខដ៏ ក្រៀមក្រំជាទីបំផុត ចំពោះមរណភាព នៃសមាជិកក្រុមគ្រួសារចំនួន០៨រូប កាលពីថ្ងៃព្រហស្បតិ៍ ១៥រោច ខែភទ្របទ ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងឧប្បទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ ដែលបានកើតឡើងនៅភូមិបឹងធ្លុយ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

ក្នុងនាមខ្ញុំផ្ទាល់ និងភរិយា ខ្ញុំសូមចូលរួមរំលែកមរណទុក្ខ និងទុក្ខព្រួយដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោក លោកស្រី ជាសមាជិកក្រុមគ្រួសារទាំង០៨រូប សូមបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ទន្ទឹមនេះ ខ្ញុំក៏សូមជូនពរអ្នករងរបួសចំនួន ០៣រូប ដែលកំពុងសម្រាកព្យាបាលជំងឺ សូមឆាប់បានជាសះស្បើយ ដើម្បីបានប្រកបជីវភាព រស់នៅប្រចាំថ្ងៃជាប្រក្រតីឡើងវិញ»។

សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ នៅវេលាម៉ោងប្រមាណ៦ល្ងាច មានករណីរន្ទះបាញ់២ករណី រួមមាន៖

* ករណីទី១៖ កើតឡើងចំពេលខណៈដែលប្រជាពលរដ្ឋ កំពុងជួបជុំគ្នានារដូវភ្ជុំបិណ្ឌ និងបានហូបបាយជុំគ្នា ក៏ត្រូវរន្ទះបាញ់ស្លាប់ចំនួន៧នាក់ និងរងរបួស ៣នាក់ នៅភូមិធ្នួយ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

* ករណីទី២៖ បុរសម្នាក់ដើរទៅវាលស្រែ ក៏បានរន្ទះបាញ់ស្លាប់ផងដែរ ហើយបច្ចុប្បន្នសពកំពុងតំកល់ ធ្វើបុណ្យតាមព្រៃណីសាសនា នៅវត្តព្រែកជីក ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង៕