(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា នៅវេលាម៉ោង០១៖៣០នាទីថ្ងៃត្រង់ ទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ មានករណីអគ្គិភ័យមួយបានកើតឡើង នៅទីតាំងអគារឃ្លាំងដាក់សម្ភារ នៃរោងចក្រលីនស័ តិចថាយ៍ (ជ្រលក់ក្រណាត់) ក្នុងភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ។

លោកឧត្តមសេនីយ៍ស្នងការ បានអះអាងថា ភ្លាមៗរថយន្តពន្លត់អគ្គីភ័យ៤គ្រឿង (របស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន២គ្រឿង,កងរាជអាវុធហត្ថខេត្ត ចំនួន១គ្រឿង,កំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន១គ្រឿង) ចេញអន្តរាគមន៍ពន្លត់។

ជាមួយគ្នានេះ ក្រុមពន្លត់អគ្គិភ័យ៧១១ របស់កងពលតូចលេខ៧០ នៅសាលាហ្វឹកហ្វឺនសង្គ្រោះមិត្តភាពកម្ពុជា-ជប៉ុន ខេត្តព្រះសីហនុ ក៏បានបញ្ជូនរថយន្ដពន្លត់អគ្គិភ័យ ចំនួន២គ្រឿង ទៅជួយសង្គ្រោះក្នុងហេតុការណ៍នេះផងដែរ។

បើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បច្ចុប្បន្នសកម្មភាពពន្លត់អគ្គីភ័យនៅកន្លែងកើតហេតុកំពុងដំណើរការយ៉ាងយកចិត្តទុកដាក់៕