(មណ្ឌលគិរី)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរជាមួយ លោក ស្វាយ សំអ៊ាង អភិបាលខេត្ដមណ្ឌលគីរី នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញមកភូមិអូយ៉េះ និងភូមិចម្រើន ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដើម្បីពិនិត្យមើលវឌ្ឍនភាព នៃការចិញ្ចឹម កូនកង្កែប និងកូនត្រីអណ្តែង ដែលលោករដ្ឋមន្ត្រី បានចែកជូន កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។

ក្នុងខណៈចុះពិនិត្យនេះ លោករដ្ឋមន្រ្តី វេង សាខុន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងចិញ្ចឹម និងថែរក្សាត្រី និងកង្កែប ដែលបានចែកជូនកន្លងមកបានល្អប្រសើរ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី វេង សាខុន ក៏បានណែនាំឲ្យមន្រ្តីជំនាញ និងលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បន្តចុះជួយផ្សព្វផ្សាយ បណ្តុះបណ្តាលបន្ថែម លើការងារបច្ចេកទេសចិញ្ចឹម បង្កាត់ ភ្ញាស់កូន វិធីលាយផ្សំចំណី និងការថែទាំ ដើម្បីឲ្យយុទ្ធនាការនៃការពង្រឹង និងពង្រីកការចិញ្ចឹមត្រី និងកង្កែបនេះ ឲ្យមានលក្ខណៈទ្រង់ទ្រាយធំ ដើម្បីនិរន្តរភាពក្នុងផ្គត់ផ្គង់ទីផ្សារ។

សូមជម្រាបថា យុទ្ធនាការនៃការពង្រឹង និងពង្រីកវារីវប្បកម្មក្នុងស្រុក តាមរយៈការចិញ្ចឹមត្រី និងកង្កែបជាលក្ខណៈគ្រួសារ ដើម្បីបង្កើតចំណូល ធានាសុវត្ថិភាពស្បៀងក្នុងគ្រួសារ ស្របពេលដែលសេដ្ឋកិច្ចជាតិយើង កំពុងប្រឈមវិបត្តិជំងឺឆ្លងកូវីដ-១៩ គឺជាគំនិតផ្តួចផ្តើម និងការជួយឧបត្ថម្ភថវិការបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំនួន២,០០០លានរៀល។

ស្របពេលជាមួយគ្នានេះ តាមរយៈនៃការណែនាំរបស់ក្រសួងកន្លងមក មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគីរី ទទួលបានថវិកាពីដៃគូមួយចំនួន បានជួយដល់កសិករ ក្នុងការធ្វើស្រះជូនកសិករបានចំនួន ១៣៤ស្រះ។

ទន្ទឹមនេះ គម្រោងកម្មវិធី ផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE បានផ្តល់ជំនួយឧបត្ថម្ភ ដល់ការធ្វើស្រះធម្មជាតិចំនួន៤៥ស្រះ ដែលមកទល់ពេលនេះ ខេត្តមណ្ឌលគីរី បានទទួលស្រះ និងតង់ សរុបចំនួន២៧១តង់ និងស្រះជូនដល់កសិករ ក្នុងការធ្វើវារីវប្បកម្ម៕