(បាត់ដំបង)៖ ក្រោយពីទទួលដំណឹងថានៅមូលដ្ឋានឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង មានករណីរងគ្រោះដោយសាររន្ទះបាញ់បណ្ដាលឱ្យស្លាប់៨នាក់ និងរបួស៣នាក់រួចមក សម្តេចក្រឡាហោម ស ខេង បានផ្តល់អំណោយមួយចំនួនដល់គ្រួសារសពរងគ្រោះនោះ ព្រមទាំងបានផ្ញើសាររំលែកទុក្ខជូនគ្រួសារសពផងដែរ។

សាររំលែកទុក្ខ និងអំណោយទាំងនោះត្រូវបាននាំយកទៅប្រគល់ជូនដល់ដៃគ្រួសារសព ដោយលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ដោយក្នុងនោះក៏មានបច្ច័យសម្រាប់សពម្នាក់ចំនួន ៣,០០០,០០០រៀល និងប្រគល់ជូនអ្នករងរបួសម្នាក់ ២,០០០,០០០រៀល សរុបជាទឹកប្រាក់ ៣០,០០០,០០០រៀល។

ជាមួយគ្នានោះ លោកអភិបាលខេត្តក៏បាននាំយកសាររំលែកទុក្ខរបស់រដ្ឋបាលខេត្ត និងថវិកា ៤,០០០,០០០រៀល សម្រាប់ឧបត្ថម្ភចាត់ចែងវិធីបុណ្យតាមទំនៀមទម្លាប់ព្រៃណីសាសនា។ ដោយឡែក សាខាកាកបាទក្រហមកម្ពុជាចូលរួមក្នុងវិធីបុណ្យផងដែរ រួមមាន៖ អង្ករ ១០០គីឡូក្រាម ទឹកបរិសុទ្ធ ១០កេស និងថវិកា ៥០០,០០០រៀល។

សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ នៅវេលាម៉ោងប្រមាណ ៦ល្ងាច មានករណីរន្ទះបាញ់ ២ករណី ដោយករណីទី១ កើតឡើងចំពេលខណៈដែលប្រជាពលរដ្ឋកំពុងជួបជុំគ្នានារដូវភ្ជុំបិណ្ឌ និងបានហូបបាយជុំគ្នា ក៏ត្រូវរន្ទះបាញ់ស្លាប់ចំនួន ៧នាក់ និងរងរបួស ៣នាក់ នៅភូមិធ្នួយ ឃុំព្រែកជីក ចំណែករណីទី២ បុរសម្នាក់ដើរទៅវាលស្រែ ក៏បានរន្ទះបាញ់ស្លាប់ផងដែរ ហើយបច្ចុប្បន្នសពកំពុងតំកល់ធ្វើបុណ្យតាមព្រៃណីសាសនា នៅវត្តព្រែកជីក ឃុំព្រែកជីក ស្រុករុក្ខគិរី៕