(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងអំណរគុណដល់ លោក Veerathai Santiprabhob ទេសាភិបាលធនាគារកណ្តាលថៃ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងបានជួយគាំទ្រធនាគារជាតិនៃកម្ពុជាកន្លងមក។

ការថ្លែងអំណរគុណនេះធ្វើឡើងតាមេយៈកិច្ចជុំតាម Video Conference ជាមួយលោក Veerathai Santiprabhob ក្នុងឱកាសលោក នឹងបញ្ចប់អាណត្តិជាទេសាភិបាល ធនាគារកណ្តាលថៃ នាពេលខាងមុខ។

លោក ជា ចាន់តូ បានថ្លែងអំណរគុណដល់ លោក Veerathai Santiprabhob ដែលបានផ្តល់កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងបានជួយគាំទ្រធនាគារជាតិនៃកម្ពុជា ដោយបានផ្តល់អាហារូបករណ៍ដល់មន្ត្រីធនាគារជាតិនៃកម្ពុជា ទៅសិក្សានៅប្រទេសថៃ និងផ្លាស់ប្តូរបទពិសោធន៍នានា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ។

លោកទេសាភិបាលទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះការបន្តរីកចម្រើន នៃកិច្ចសហការរបស់ធនាគារកណ្តាល និងវិស័យធនាគារនៃប្រទេសទាំងពីរ ជាពិសេសការរួមចំណែករបស់ធនាគារពាណិជ្ជថៃ នៅក្នុងការអភិវឌ្ឍប្រព័ន្ធធនាគារកម្ពុជា និងការភ្ជាប់ប្រព័ន្ធធនាគារ និងការទូទាត់ដូចជា តាមរយៈប្រព័ន្ធទូទាត់អេឡិចត្រូនិក QR កូដ ដែលគាំទ្រដល់ការវិនិយោគ, ពាណិជ្ជកម្ម, ទេសចរណ៍ និងសកម្មភាពសេដ្ឋកិច្ចនានា របស់ប្រទេសទាំងពីរ៕