Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីយោធាម្នាក់ ដកកាំភ្លើងខ្លីបាញ់សម្លាប់ពលរដ្ឋ បណ្ដាលឱ្យស្លាប់ទាំងកណ្ដាលហ្វូងមនុស្ស នៅស្រុកក្រគរ ខេត្តពោធិ៍សាត់

19-09-2020 07:00

(ពោធិ៍សាត់)៖ ពលរដ្ឋម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម នៅកណ្ដាលផ្លូវ បន្ទាប់ពីត្រូវមន្ត្រីយោធាម្នាក់ បានដកកាំភ្លើងខ្លីមកបាញ់សម្លាប់ចោល ដោយមិនដឹងមូលហេតុ។

ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ នៅម្ដុំអូរជ័រ ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សេចក្តីរាយការណ៍បឋម បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ត្រូវបានគេស្គាល់ឈ្មោះ ទូច ភេទប្រុស អាយុជាង ៣០ឆ្នាំ មានលំនៅឋានក្នុងភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ចំណែកជនដៃដល់ត្រូវបានគេស្គាល់ឈ្មោះ ផល ជាមន្រ្តីយោធា។

សេចក្ដីរាយការណ៍ បានឱ្យដឹងទៀតថា៖ នៅមុនពេលកើតហេតុមិនដឹងថាមានរឿងអ្វីនោះទេ? ស្រាប់តែមន្ត្រីយោធាឈ្មោះ ផល បានដកកាំភ្លើងខ្លីមកបាញ់សំដៅជនរងគ្រោះ បណ្ដាលឱ្យស្លាប់ភ្លាមៗតែម្តង។

ក្រោយបាញ់សម្លាប់គេហើយ ជនដៃដល់បានទៅសម្ងំនៅក្នុងផ្ទះប្រជាជន តែត្រូវបានសមត្ថកិច្ចអន្តរាគមន៍ចាប់បានជនដៃដល់ យកទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកក្រគរ៕