(ភ្នំពេញ)៖ លោក រដ្ឋា វិសាល អតីតបុគ្គលិករបស់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញមុខលាតត្រដាងការពិតអំពីល្បិចកល់របស់ លោក ជុន ចាន់បុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ដែលតែងបំភ្លៃការពិតជុំវិញស្ថានភាពនៅកម្ពុជា។

លោក រដ្ឋា វិសាល ដែលជាអតីតមនុស្សជំនិតរបស់ លោក ជុន ចាន់បុត្រ បានបញ្ជាក់ថា វិទ្យុអាសុីសេរី កាលពីជាង ១០ឆ្នាំមុន បានប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈល្អណាស់ ប៉ុន្តែពេលនេះ បានក្លាយទៅជាវិទ្យុដែលបម្រើនយោបាយឲ្យគណបក្សប្រឆាំងទៅវិញ។ ដោយឡែក លោក ជុន ចាន់បុត្រ កាលពីកន្លងទៅ ក៏ជាអ្នកកាសែតប្រកាន់ខ្ជាប់វិជ្ជាជីវៈដែរ ប៉ុន្តែបន្ទាប់ពីមានបញ្ហាលួចចូលពន្ធនាគារ ហើយចេញពីប្រទេសកម្ពុជា កាលពីឆ្នាំ២០១៧មក លោកជុន ចាន់បុត្រ លែងក្លាយទៅជាអ្នកសារព័ត៌មានអាជីពទៀតហើយ ដោយលោកបានក្លាយទៅជាសកម្មជនបម្រើឱ្យនយោបាយរបស់គណបក្សប្រឆាំងតែម្តង។

លោកអះអាងថា ជាក់ស្តែងអ្នកធ្លាប់គាំទ្រវិទ្យុនេះពីមុន ក្រោយមកគេលែងស្តាប់ ដោយសារថាពីមួយថ្ងៃទៅមួយថ្ងៃ ព័ត៌មានរបស់វិទ្យុអាស៊ីសេរី គ្មានអ្វីក្រៅពីការ បំភ្លៃការពិតសភាពការណ៍នៅកម្ពុជា ក៏ដូចជាបំភ្លៃចោទប្រកាន់ដោយគ្មានមូលដ្ឋានទៅលើថ្នាក់ដឹកនាំជាតិនោះទេ។

ការចេញមកបំភ្លឺរបស់ លោករដ្ឋា វិសាល បានធ្វើឡើងបន្ទាប់ពី លោក ជុន ចាន់បុត្រ ដែលកំពុងមានជំងឺមហារីកខួរក្បាលដំណាក់កាលទី៣ បានសរសេរអត្ថបទមួយចំនួនក្នុង Blog របស់លោក វាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជា និងបំភ្លៃការពិតអំពីរឿងរ៉ាវដែលលោកមកកម្ពុជា កាលពីឆ្នាំ២០១៧។ ចំពោះការសរសេរបំភ្លៃការពិតនេះ លោក រដ្ឋា វិសាល ដែលជាសាក្សីដ៏សំខាន់ក្នុងរឿងរ៉ាវនោះ ក៏បានចូល Comment បំភ្លឺ និងចោទជាសំណួរមួួយចំនួនទៅកាន់ លោក ជុន ចាន់បុត្រផងដែរ។

ក្នុងការលាតត្រដាងការពិតនៅថ្ងៃនេះ លោក រដ្ឋា វិសាល បានរៀបរាប់អំពីទំនាក់ទំនងស៊ីជម្រៅរបស់លោក ជាមួយនឹង លោក ជុន ចាន់បុត្រ។ លោកអះអាងថា ជុន ចាន់បុត្រ ធ្លាប់មករស់ខេត្តរតនគិរីពី ៣-៦ខែ នៅពេលដែលវិទ្យុអាស៊ីសេរី បានបណ្តេញគាត់ចេញអំឡុងឆ្នាំ២០០៥ ឬ២០០៧ ពាក់ព័ន្ធកំហុសបេសកកម្ម។ លោកបន្តថា នៅពេលនោះ គាត់បានចូលបម្រើការងារជាមន្ត្រី យូនីសេហ្វ (UNICEF) ហើយគាត់រៀបចំគម្រោងមួយនៅខេត្តរតនគីរី ពាក់ព័ន្ធសហគមន៍ជនជាតិ ដើមភាគតិច។ ពេលនោះ លោក ជុន ចាន់បុត្រ មកហូបបាយផ្ទះលោកសឹងរាល់ថ្ងៃ ធ្វើឲ្យអ្នកទាំង២ មានភាពស្និទ្ធស្នាលនឹងគ្នា។

បន្ទាប់ពីរៀបរាប់អំពីទំនាក់ទំនងមិនធម្មតានេះ លោក រដ្ឋា វិសាល ក៏បានរៀបរាប់រឿងរ៉ាវលម្អិត ដែលលោក ជុន ចាន់បុត្រ មកកាន់កម្ពុជា កាលពីអំឡុងខែមីនា ឆ្នាំ២០១៧ ដែលពេលនោះ លោក ជុន ចាន់បុត្រ បានពឹងពាក់ឱ្យលោក ស្នើសុំអង្គរក្សរបស់ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោកពេលមកដល់កម្ពុជា ដោយលោក ជុន ចាន់បុត្រ ខ្លាចមានការបាញ់សម្លាប់ពីជនបាត់ដៃទី៣ ដូចលោកបណ្ឌិត កែម ឡី។

លោក រដ្ឋា វិសាល បាននិយាយថា «យើងបារម្ភណាស់ ពីព្រោះគាត់ (ជុន ចាន់បុត្រ) ប្រាប់ថា : គាត់មកលើកនេះ គាត់មានអារម្មណ៍ថា គាត់អាចស្លាប់។ គាត់ថា គាត់ត្រៀមសរសេរលិខិតបណ្តាំទៀត ហើយគាត់ ប្រាប់ចំណុចពិសេស មួយទៀតថា :ប្រធានអាស៊ីសេរីនៅវ៉ាស៊ីនតោនឌីស៊ី បានតម្រូវឲ្យគាត់ ចុះហត្ថលេខាលើលិខិតមួយដែលបញ្ជាក់ថា នឹងមិនប្តឹងផ្តល់វិទ្យុ(អាស៊ីសេរី)នេះទេ ប្រសិនបើគាត់គ្រោះថ្នាក់។ នេះគាត់ ប្រាប់ខ្ញុំផ្ទាល់អញ្ចឹង»

លោករដ្ឋា វិសាល បានរៀបរាប់អំពីជំនួបរវាង លោក ជុន ចាន់បុត្រ និងលោក ម៉ៅ សុផាន់ និងជំនួបរវាង លោក ជុន ចាន់បុត្រ និង លោក ហ៊ុន ម៉ាណែត នៅភោជនីយដ្ឋានកូរ៉េមួយនៅទួលគោក រាជធានីភ្នំពេញ។

លោកបញ្ជាក់ថា៖ «យើងបានពិភាក្សាគ្នាថា គួរតែរៀបចំជំនួបមួយរវាង លោក ជុន ចាន់បុត្រ និងឯកឧត្តម ហ៊ុន ម៉ាណែត។ គាត់ (ជុន ចាន់បុត្រ) យល់ព្រម ពីព្រោះគាត់ ចង់ជួប ឯកឧត្តម ហ៊ុន ម៉ាណែត ដែរ ដើម្បីបង្ហាញពីទស្សនៈការយល់ឃើញរបស់គាត់ ចំពោះកិច្ចការជាតិ»

សម្រាប់ជំនួបរវាង លោក ជុន ចាន់បុត្រ និង លោក ហ៊ុន ម៉ាណែត លោករដ្ឋា វិសាល ពុំបានដឹងថា អ្នកទាំងពីរ ពិភាក្សាអំពីអ្វីខ្លះនោះទេ ប៉ុន្តែលោកបានទទួលព័ត៌មានពី លោក ជុន ចាន់បុត្រថា នៅក្នុងជំនួប នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នោះ គឺបាន បង្ហាញពីការយល់ឃើញពីទស្សនវិស័យប្រាប់គ្នាទៅវិញទៅមក គឺខុសពីក្នុងសាររបស់ ជុន ចាន់បុត្រ ថា «ឯកឧត្តម ហ៊ុន ម៉ាណែត ប្រមាថគាត់ ពេលដែលគាត់ទៅដល់ ប្រៀបទៅឪពុកជានាយក រដ្ឋមន្ត្រីប្រើពាក្សសម្តី ច្រងេងច្រង៉ាង។..ជុន ចាន់បុត្រ មិនដែល និយាយដូច្នេះប្រាប់ខ្ញុំទេ គាត់មានតែសម្តែងក្តីត្រេកអរនៅពេលបានជួបឯកឧត្តម ហ៊ុន ម៉ាណែត»

លោកបញ្ជាក់ទៀតថា «ជុន ចាន់បុត្រ ប្រាប់ខ្ញុំថា នឹងមានគម្រោង មួយទៀត សុំជួបឯកឧត្តម ហ៊ុន ម៉ាណែត ជាលើក ទីពីរ។ អញ្ចឹង ជុន ចាន់បុត្រ, ខ្ញុំ, ម៉ៅ សុផាន់ បានជជែកគ្នារឿងហ្នឹង ហើយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏សន្យាថា នឹងធ្វើម៉េចឲ្យបានជួបជាលើកទីពីរ ដើម្បីឲ្យកាន់តែយល់ចិត្តគ្នា។ នេះជារឿងពិត។...យើងបានទទួលភ្លើងខៀវពី ឯកឧត្តម ហ៊ុន ម៉ាណែត តាមរយៈ ឧត្តមសេនីយ៍ ម៉ៅ សុផាន់ ថា នឹងជួបមុនចូលឆ្នាំបន្តិច ឬក្រោយចូលឆ្នាំបន្តិច»

លោករៀបរាប់ទៀតថា ៖ «កំពុងរង់ចាំថ្ងៃជួប ក៏មានព្រឹត្តិការណ៍មួយកើតឡើង។ ខ្ញុំបានទទួលសារមួយពី ជុន ចាន់បុត្រ គាត់ថា "មានរឿងហើយ", ហើយក៏ឃើញប្រភពសារព័ត៌មានផ្សេងៗទៀត ដែលគេផ្សាយថា ជុន ចាន់បុត្រ បានលួចចូល ពន្ធនាគារជាមួយគណបក្សសង្គ្រោះជាតិ មាន ឡុង រី ទាញ ជុន ចាន់បុត្រ ឲ្យបន្លំជាមួយក្រុមខ្លួនជាក្រុមការងារដើម្បីសួរសុខទុក្ខអតីតគណបក្សសង្គ្រោះជាតិ ដែលជាប់ពន្ធនាគារនោះ។ មិនមែនដូចគាត់ថា ទៅក្នុងនាមជាអ្នកកាសែតទេ គឺចេតនាបន្លំតែម្តង ពីព្រោះយើងឃើញហើយ វីដេអូដែលខាងពន្ធនាគារគេថតបាន ហើយតាមដែលធ្លាប់ដឹងវិទ្យុអាស៊ីសេរីធ្លាប់លួចចូលម្តងពីរដងហើយ មិនមែនដូច ជុន ចាន់បុត្រ ថា គាត់ធ្លាប់ចូលច្រើនលើក មិនមែនទេ គឺអ្នកផ្សេងគេចូល។ នេះជាអំពើខុសច្បាប់ មិនមែន ដូច ជុន ចាន់បុត្រ ថា ជារឿងរបស់អ្នកកាសែតត្រូវទៅសម្ភាសន៍ក្នុងគុកអីទេ វាអត់អាចធ្វើអញ្ចឹងបានទេ, ច្បាប់។ លោកចង់ជួប អាចចូលទៅជួបបាន ដោយសុំការអនុញ្ញាតពីឆ្មាំពន្ធនាគារ ពីអនុរក្សពន្ធនាគារ មិនមែនលោក សុំគេចូលដោយត្រឹមត្រូវឯណា ទៅលួចបន្លំក្នុងនាមជាប្រតិភូរបស់អតីតបក្សសង្គ្រោះជាតិ»

លោក រដ្ឋា វិសាល ជឿជាក់ថា រឿងបន្លំចូលពន្ធនាគារនេះជាការរៀបចំទុកមុនរវាង អតីតគណបក្សសង្គ្រោះជាតិ និង ជុន ចាន់បុត្រ ដោយលោកបានរកឃើញចំណុចកត់សម្គាល់ជាច្រើន ដែលវិទ្យុអាស៊ីសេរីបង្កើតឡើងដើម្បីបម្រើឲ្យនយោបាយ បង្កើតឡើងដើម្បីឃោសនានយោបាយ។

លោកបានបញ្ជាក់ទៀតថា រឿងលួចចូលពន្ធនាគារនេះ បានធ្វើឱ្យមានពាក្យបណ្តឹងប្រឆាំងនឹង លោក ជុន ចាន់បុត្រ ដែលពេលនោះហើយ លោក ជុន ចាន់បុត្រ បានធ្វើទំនាក់ទំនងមកលោកឱ្យពឹងលោក ហ៊ុន ម៉ាណែត ដើម្បីអន្តរាគមន៍ធានាថា លោកមិនត្រូវចាប់ខ្លួន ប៉ុន្តែជំហររបស់លោក ហ៊ុន ម៉ាណែតពេលនោះ គឺឱ្យអនុវត្តតាមច្បាប់។ ដោយមិនអស់ចិត្ត លោក ជន ចាន់បុត្រ ក៏បានទាក់ទងសុំអន្តរាគមន៍ពី លោក ហ៊ុន ម៉ាណែត ដោយផ្ទាល់ទៀត ហើយលោក ហ៊ុន ម៉ាណែត នៅតែរក្សាជំហរដដែល ទើបលោកជុន ចាន់បុត្រ បានរត់គេចខ្លួន ទៅកាន់សហរដ្ឋអាមេរិកតែម្តង ដោយចងកំហឹងជាមួយរាជរដ្ឋាភិបាលកម្ពុជា។

លោក រដ្ឋា វិសាល រៀបរាប់ទៀតថា៖ «កន្លះម៉ោងក្រោយមក ជុន ចាន់បុត្រ ប្រាប់ខ្ញុំថា គាត់អត់ទទួលយកបានទេ ឯកឧត្តម ហ៊ុន ម៉ាណែត នៅតែនិយាយពាក្យដដែលហ្នឹង។ ពេលនោះ ក្នុងសាររបស់គាត់ ប្រើពាក្យមួយដែលខ្ញុំចាត់ទុកថា គាត់មានកំហឹងណាស់។ គាត់សរសេរថា : ឯកឧត្តម ហ៊ុន ម៉ាណែត នៅតែនិយាយអញ្ចឹង គាត់អត់ជឿទុកចិត្តទេ គាត់អត់អាចត្រឡប់មកវិញ បានទេ គាត់ត្រូវតែទៅអាមេរិក ហើយទៅដល់អាមេរិកគាត់នឹងធ្វើដូចដើម មិនមែន ប្រើពាក្យផ្សាយទេ។ ខ្ញុំយល់ន័យហ្នឹង។ ខ្ញុំសរសេរសួរគាត់ថា បងសរសេរថា នឹងធ្វើដូចដើម ធ្វើយ៉ាងម៉េច? គាត់ថា នឹងផ្សាយវ៉ៃប្រហារដូចតែមុនអញ្ចឹង»

អតីតបុគ្គលិកអាស៊ីសេរីរូបនេះ បានចាត់ទុកថា សាររបស់ លោក ជុន ចាន់បុត្រ នាថ្មីៗនេះ មានចរិតជា គំនុំសងសឹកជាមួយ លោក ហ៊ុន ម៉ាណែត៕