(កណ្តាល)៖ រមណីយដ្ឋានភ្នំព្រះរាជទ្រព្យទទួលបានភ្ញៀវទេចរមួយថ្ងៃជាង ១ម៉ឺននាក់ និងរំពឹងទុកថានឹងទទួលបានភ្ញៀវទេសចរចំនួន ៥ម៉ឺននាក់ នាកំលុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ដែលចំនួននេះមានការកើនឡើងជាងឆ្នាំមុន។ នេះបើតាមលោក ដាំ ទុម ប្រធានគ្រប់គ្រងរមណីយដ្ឋានភ្នំព្រះរាជទ្រព្យបានប្រាប់ភ្នាក់ងារ Fresh News នាថ្ងៃទី១៨ ខែកញ្ញា។

លោកប្រធានបានបន្តថា បើទោះបីជាជំងឺកូវីដ-១៩ បាននិងកំពុងរាតត្បាតជុំវិញពិភពលោក ប៉ុន្តែកម្ពុជាមានប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានទប់ស្កាត់ជំងឺនេះមិនឲ្យឆ្លងទ្រង់ទ្រាយធំ ដែលកត្តានេះបានញាំងឲ្យប្រជាពលរដ្ឋមានទំនុកចិត្តខ្ពស់មកលើរាជរដ្ឋាភិបាល ទើបពួកគាត់បាននាំក្រុមគ្រួសារសាច់ញាតិ បងប្អូន និងមិត្តភក្តិ មកធ្វើបុណ្យយ៉ាងច្រើនកុះករនៅតាមទីវត្តអារាមនានា ពិសេសគឺរមណីយដ្ឋានភ្នំព្រះរាជទ្រព្យនេះ ដែលមានទាំងទីសក្ការបូជា ទីទេសចរណ៍បែបប្រវត្តិសាស្ត្រ ទីតាំងលក់វត្ថុអនុស្សាវរីយ៍ ព្រមទាំងមានអាហារដ្ឋានយ៉ាងសម្បូរបែប ដែលញ៉ាំឲ្យទាក់ទាញភ្ញៀវទេសចរមកចូលរួមកម្សាន្តយ៉ាងច្រើនកុះករអធិកអធម។

លោក ដាំ ទុម បានបន្តទៀតថា ទន្ទឹមនឹងភាពអ៊ូអរនេះ គណៈគ្រប់គ្រងរមណីយដ្ឋានបានដាក់កម្លាំងជាង ៤០នាក់ ពង្រាយតាមទីតាំងសំខាន់ៗ ដើម្បីរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរទាំងទ្បាយ។

អភិបាលស្រុកពញ្ញាឮ លោក ថន សុវណ្ណា ក៏បានប្រាប់ឱ្យដឹងដែរថា រដ្ឋបាលស្រុកបានរៀបចំសេវាកម្មទេសចរណ៍នេះឱ្យបានល្អប្រសើរបំផុត ដោយមានទាំងការរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ ការដាក់ធុងសំរាមនានារាប់រយធុង បន្ទប់អនាម័យ ព្រមទាំងតម្លៃក៏ត្រូវបានពិនិត្យបានម្មត់ចត់ផងដែរ ដោយមិនអនុញ្ញាតឱ្យម្ចាស់តូបកាប់តម្លៃភ្ញៀវទេចរតាមតែអំពើចិត្តនោះឡើយ ពោកគឺស្ថិតក្រោមការគ្រប់គ្រងបានត្រឹមត្រូវ។

លោកក៏ស្នើរឱ្យភ្ញៀវទេចរទាំងឡាយដែលមកលេងកម្សាន្ត និងអ្នកលក់ដូរត្រូវចូលរួមក្នុងការរក្សាបរិស្ថានអនាម័យឱ្យបានខ្ពស់ផងដែរ ដើម្បីសោភ័ណភាពតំបន់ទេចរណ៍ប្រវត្តិសាស្ត្រឱ្យមានកេរ្តិ៍ឈ្មោះស្ថិតស្ថិរ និងនៅតែជាទីរមណីយដ្ឋានដក់ជាប់ក្នុងដួងចិត្តភ្ញៀវទេចរទាំងឡាយផងទាំងពួង៕