(បាត់ដំបង)៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានក្រុមសម្តេចឪ ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះមហាក្សត្រ រួមដំណើរដោយលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង, លោក ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំងបានពិនិត្យសកម្មភាពការងាររបស់មន្ត្រីបុគ្គលិកនៃក្រុមសម្តេចឪ ដែលបានយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការ កសាងអគារសិក្សាដែលជាព្រះរាជអំណោយដ៏ឧត្តុងឧត្តមរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជា តិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានដល់កូនចៅ ចៅទួតរបស់ព្រះអង្គ ដែលមានទីតាំងស្ថិតនៅក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចឳ សម្តេចម៉ែភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

ក្នុងឱកាសនោះមានចូលរួមទទួលស្វាគមន៍ចំពោះវត្តមានសម្តេចចៅហ្វាវាំង ព្រះរាជតំណាង និងការចូលរួមអបអរសាទរចំពោះសកម្មភាពដ៏ប្រពៃរបស់ក្រុមសម្តេចឪពីសំណាក់ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ព្រមទាំងអាជ្ញាធរដែនដី ភូមិ ឃុំ ស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជារាស្ត្រក្នុងមូលដ្ឋាន។

សូមបញ្ជាក់ជូនថា ព្រះរាជសមិទ្ធផលដែលជាព្រះរាជអំណោយដ៏ឧត្តុងឧត្តមរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្តេចឪ សម្តេចម៉ែ ប្រោសព្រះរាជទានដល់ប្រជារាស្ត្រជាកូនចៅ ចៅទួតរបស់ព្រះអង្គនៅក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ ភ្នំសំពៅ ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននៅឆ្នាំ១៩៥៧ ក្នុងសម័យសង្គមរាស្ត្រនិយមដ៏រុងរឿង។

អាស្រ័យដោយព្រះរាជសមិទ្ធផលនេះមានសភាពចាស់ទ្រោឌទ្រោម មិនអាចឲ្សិស្សានុសិស្សដំណើរការរៀនសូត្រតទៅមុខទៀតបាននោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជតម្រិះប្រោសព្រះរាជទាន សម្តេចចៅហ្វាវាំង គង់ សំអុល ដឹកនាំចាត់ចែងមន្ត្រីក្រុមសម្តេចឪ ធ្វើការកសាង អគារសិក្សាថ្មី នៅលើទីតាំងអគារសិក្សាចាស់ ដែលបានបន្សល់ទុកតាំងពីក្នុងសម័យសង្គមរាស្រ្តនិយម។

ចំពោះគម្រោងនៃការកសាងអគារសិក្សាថ្មីដែលជាព្រះរាជអំណោយដ៏ឧត្តុងឧត្តមរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គប្រោសព្រះរាជទាននូវការសាងសង់តាមរយៈក្រុមសម្តេឪនៅក្នុងពេលនេះ មានអគារធ្វើអំពីបេតុងចំនួន១ខ្នង ២ជាន់ស្មើនឹង២០បន្ទប់ ក្នុងនោះមានបណ្តោយប្រវែង ៩៤.៥៦ម៉ែត្រ ទទឹង៩ម៉ែត្រ ។

អគារនេះត្រូវបានរៀបចំជាថ្នាក់រៀនចំនួន១៥បន្ទប់ និង៥បន្ទប់ទៀត បានរៀបចំជាបណ្ណាល័យ និងមន្ទីរពិសោធន៍។ ក្រៅពីនេះបានសាងសង់នៅព្រះរាជសមិទ្ធិផល មានអាងទឹកមួយកន្លែងកម្ពស់ ៨ម៉ែត្រ ចំណុះ៩០០០លីត្រ បង្គន់អនាម័យ១ខ្នង ស្មើនឹង៦បន្ទប់ ទៀតផង។

ក្រុមសម្តេចឪបានចាប់ផ្តើមកសាងព្រះរាជសមិទ្ធផលដ៏ថ្លៃថ្លានេះ ចាប់តាំងពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២ ០ រហូតមកដល់ពេលនេះ សម្រេចបានលទ្ធផលប្រមាណ ៦០% ហើយ។

ព្រះរាជកិច្ចស្ថាបនាព្រះរាជសមិទ្ធផលជាអគារសិក្សាព្រះរាជអំណោយដ៏ឧត្តុងឧត្តមរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គឺជាព្រះរាជកិច្ចដ៏វិសេសវិសាល មួយដែលព្រះអង្គ បានគោរពប្រណិប័តយ៉ាងខ្ជាប់ខ្ជួនឧត្តុងឧត្តមបំផុត ដង្ហែតាមព្រះរាជគម្រូវីរភាពដ៏ថ្លៃថ្លារបស់ព្រះករុណា ព្រះវររាជបិតាអប់រំសិក្សាធិការជាតិ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានប្រោស ព្រះរាជទាននៅគ្រប់ទីកន្លែង ទូទាំងព្រះរាជា ណាចក្រកម្ពុជា ជាពិសេសព្រះអង្គបានប្រោសព្រះរាជទានដល់ប្រជារាស្រ្តនៅក្នុងមូលដ្ឋានទាំងឡាយណា ដែលជួបការលំបាកខ្វះខាតអគារសិក្សា ដើម្បីទុកធ្វើជាថ្នាលបណ្តុះចំណេះដឹង ដល់កុលបុត្រកុលធីតាខ្មែរ ដែលជាទំពាំងស្នងឫស្សី សម្រាប់បន្តវេន ធានារ៉ាប់រងចំពោះជោគវាសនា អនាគតរបស់ប្រទេសជាតិ។

ការប្រោសព្រះរាជទាននូវអគារសិក្សាព្រមទាំងព្រះរាជសមិទ្ធផលព្រះរាជអំណោយដ៏ថ្លៃថ្លារបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចឳ សម្តេចម៉ែភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានធ្វើឲ្យលោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរដែនដី និងប្រជារាស្ត្រ ជាកូនចៅនៅក្នុងមូលដ្ឋានមានសេចក្តីត្រេកអរ ដោយឥតឧបមា សូមថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅជាទីបំផុត ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមថ្វាយព្រះពរ ព្រះអង្គបានសមប្រកបតែនិង សិរីសួស្តី ជ័យមង្គល ព្រះបរមសុខគ្រប់ប្រការ ព្រះរាជសុខមាលភាពដ៏ល្អបរិបូរណ៍ ព្រះកាយ ពលមាំមួន និងមានព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ នៅជាមហាម្លប់ ដ៏ត្រជាក់សុខសាន្តចម្រើនរុងរឿងដល់កម្ពុជា និងជនរួមជាតិជាកូនចៅ ចៅទួតរបស់ព្រះអង្គជារៀងរហូតតទៅ៕