(បាត់ដំបង)៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានក្រុមសម្តេចឪ ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះមហាក្សត្រ រួមដំណើរដោយលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង, លោក ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង បានអញ្ជើញពិនិត្យសកម្មភាពការងារអន្តរាគមន៍យ៉ាងសកម្មផុលផុសរបស់មន្ត្រីបុគ្គលិកនៃក្រុម សម្តេចឪ ដែលបានដំណើរការជីកស្រះទឹកដ៏ធំមួយកន្លែងជាព្រះរាជអំណោយដ៏ឧត្តុងឧត្តម របស់ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានដល់ប្រជារាស្ត្រ ជាបងប្អូនកូនចៅរបស់ព្រះអង្គ មានទីតាំងស្ថិតនៅភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

ក្នុងឱកាសនោះមានការអញ្ជើញទទួលស្វាគមន៍ចំពោះវត្តមានសម្តេចចៅហ្វាវាំង និងការចូលរួមអបអរសាទរចំពោះជោគជ័យនៃសកម្មភាពរបស់ក្រុមសម្តេចឪ ពីសំណាក់ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ព្រមទាំងអាជ្ញាធរដែនដី និងប្រជារាស្ត្រក្នុងមូលដ្ឋាន។

ក្នុងឱកាសចុះបំពេញការងារនៅមូលដ្ឋាននេះ សម្តេចចៅហ្វាវាំងបានពិនិត្យលទ្ធផលការងារដ៏ប្រសើររបស់ក្រុមសម្តេចឪលើការជីកស្តារស្រះទឹក ព្រះរាជអំណោយដ៏ឧត្តុងឧត្តមមួយកន្លែងនេះ ដែលមានទំហំ ១០០ម៉ែត្រ គុណនឹង ១០០ម៉ែត្រ និងជម្រៅប្រវែង ៣ម៉ែត្រ ដែលក្រុមសម្តេចឪបានដំណើរការជីកស្តារចាប់តាំងពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ សម្រេចបានលទ្ធផលរួចរាល់ជាស្ថាពរ ១០០% ហើយ។

គួរបញ្ជាក់ជូនថា ការជីកស្រះទឹកមួយកន្លែងនេះ គឺត្រូវបានជីកស្តារនៅលើអាងទឹកបុរាណ ដែលមានឈ្មោះថា អាងព្រះស្រែធំ បានកសាងឡើងនៅក្នុងឆ្នាំ១៩៥៨ ក្នុងសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំដ៏ ភ្លឺស្វាងបំផុតរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាស្ថាបនាជាតិ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

អាងព្រះស្រែធំ នេះមានទំហំបណ្តោយ ៤៥០ម៉ែត្រ និងទទឹង២២៥ម៉ែត្រ។ អាស្រ័យដោយអាងព្រះស្រែធំមានសភាពគោករាក់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រកម្ពុជា ព្រះអង្គមានព្រះរាជតម្រិះដ៏ភ្លឺស្វាងបំផុតប្រោសព្រះរាជទានសម្តេចចៅហ្វាវាំង ចាត់ចែងមន្ត្រីក្រុមសម្តេចឪធ្វើការស្ថាបនា ដើម្បីជាឧត្តមប្រយោជន៍នៃការជួយលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជារាស្ត្រមានចំនួន៤ភូមិ ក្នុងឃុំស្នឹង ស្រុកបាណន់ មានការងាយស្រួលនៅក្នុង រដូវប្រាំង ដោយពុំចាំបាច់ដឹកជញ្ជូនទឹកពីទីឆ្ងាយ មកទទួលទាន និងប្រើប្រាស់បម្រើក្នុងជីវភាពប្រចាំថ្ងៃ។

ការប្រោសព្រះរាជទានព្រះរាជអំណោយជាស្រះទឹកដ៏ធំនេះ ពិតជាបានធ្វើឲ្យប្រជារាស្ត្ររស់នៅក្នុងភូមិចំនួន៤ របស់ឃុំស្នឹង ស្រុកបាណន់ ដែលខ្វះប្រភពទឹកសម្រាប់ប្រើប្រាស់ក្នុងពេលកន្លងមក មានលក្ខណៈងាយស្រួលក្នុងការនាំយកទឹកមកទទួលទានបម្រើ ការងារផ្សេងៗ និងការប្រកបរបរកសិកម្មដាំដុះដំណាំផ្សេងៗផងដែរ។

ការប្រោសព្រះរាជទាននូវព្រះរាជអំណោយជាស្រះទឹកតាមរយៈចលនាដ៏ល្អប្រពៃរបស់ក្រុមសម្តេចឪ គឺមានកិច្ចដំណើរការយ៉ាងល្អវិសេសវិសាល ស្របពេលទៅនឹងការប្រោសព្រះរាជទាន ព្រះរាជសមទ្ធិផលដ៏ឧត្តុងឧត្តមដទៃទៀតដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានប្រោសព្រះរាជទានជារៀងរាល់ខែរាល់ឆ្នាំ ដើម្បីចូលរួមចំណែកក្នុងកិច្ចដំណើរការអភិវឌ្ឍប្រទេសជាតិ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជារាស្ត្រ ជាពិសេសប្រជារាស្រ្តរស់នៅតាមតំបន់ទីជនបទឆ្ងាយៗឲ្យមានជីវភាពកាន់តែល្អប្រសើរឡើងជាបន្តបន្ទាប់។

គួរបញ្ជាក់ជូនផងដែរថា ទន្ទឹមនឹងការសម្រេចបាននៅស្រះទឹកដែលមានឧត្តមប្រយោជន៍ដ៏ធំធេងនេះ ក្រុមសម្តេចឪខិតខំសម្រេចបានសមិទ្ធផលសំខាន់ៗ បានមួយចំនួនទៀត ក្នុងនោះមានជណ្តើរស្រះចំនួន៦, ផ្លាកព្រះរាជអំណោយ១, ជួសជុលក្រាល ក្រួសក្រហមផ្លូវលំចូលស្រះទឹក៥ខ្សែ ប្រវែង ៦៨០ម, ជួសជុសក្រាលក្រួសក្រហម ទំនប់អាងព្រះស្រែធំប្រវែង១៣៥០ម, ចាក់ដីបំពេញទីធ្លាសាលាអនុវិទ្យាល័យស្នឹងបាន៧០០ឡាន, ចាក់ដីបំពេញទីធ្លាបឋមសិក្សាភូមិគ បាន៤០០ឡាន, ចាក់ដីលុបស្រះភូមិបឹងចែងបាន៣០០ឡាន, ចាក់ដីបំពេញទីធ្លាបឋម សិក្សាសម្តេចឪ សម្តេចម៉ែ ភ្នំសំពៅ បាន៥៤៩ឡាន, និងក្រាលគ្រួសក្រហមផ្លូវលំចូលសាលាប្រវែង១២០ម ទទឹង៨ម កម្ពស់០,៣ម។

ទន្ទឹមនឹងការសម្រេចបានជោគជ័យដ៏ត្រចះត្រចង់នេះ ក្រុមសម្តេចឪកំពង់បន្តការខិតខំអន្តរាគមន៍យ៉ាងសកម្មថែមទៀត ក្នុងការជីកស្តារស្រះទឹកមួយកន្លែងទៀត ដែលជាព្រះរាជអំណោយដ៏ឧត្តុងឧត្តមរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ព្រះមហាក្សត្រនៃកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជដល់ប្រជារាស្ត្រជាបងប្អូនកូនចៅរបស់ព្រះអង្គ ដែលខ្វះប្រភពទឹកសម្រាប់ប្រើប្រាស់រស់នៅភូមិ ស្នឹងលិច ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

ស្រះទឹកមួយកន្លែងនេះមានទំហំបណ្តោយ៧០ម៉ែត្រ ទទឹង៦០ម៉ែត្រ និងជម្រៅ៣ម៉ែត្រ ក្រុមសម្តេចឪ បានចាប់ផ្តើមដំណើរការ ជីកស្តារស្រះទឹកមួយកន្លែងនេះ តាំងពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ មានរយ:ពេលចំនួន១៥ថ្ងៃ សម្រេចបានលទ្ធផលប្រមាណ ៨០% ហើយ។

ក្រុមសម្តេចឪ និងបន្តការខិតខំក្នុងការជីកស្តារស្រះទឹកព្រះរាជអំណោយដ៏ថ្លៃថ្លានេះឲ្យបានចប់រួចរាល់ នៅក្នុងពេលដ៏ឆាប់ៗខាងមុខ ដើម្បីប្រជារាស្ត្រក្នុងមូលដ្ឋានមានលក្ខណៈងាយស្រួលក្នុងការនាំយកទឹកមកទទួលទាន និងប្រើប្រាស់បម្រើការងារផ្សេងៗ។

ប្រជារាស្ត្ររស់នៅឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង បានថ្លែងនូវអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតចំពោះព្រះរាជទានព្រះរាជសមិទ្ធផលដ៏ឧត្តុងឧត្តមនេះ និងបានបួងសួងដ៏គុណបុណ្យព្រះរតនត្រ័យ ព្រះតេជៈបារមីនៃវត្ថុសក្តិសិទ្ធិគ្រប់ព្រះអង្គក្នុងលោក សូមព្រះអង្គជួយបីបាច់ថែរក្សា និងប្រោសព្រះទាននូវព្រះពរជ័យសិរីមង្គលដ៏បវរមហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានប្រកបតែនឹងសិរីសួស្តី ជ័យមង្គល ព្រះបរមសុខគ្រប់ប្រការ ព្រះរាជសុខមាលភាពដ៏ល្អបរិបូរណ៍ ព្រះកាយពលមាំមួរ និងមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាមហាម្លប់ដ៏ត្រជាក់សុខសាន្តសម្បូរសប្បាយដល់កូនចៅ ចៅទួតរបស់ព្រះអង្គ ជាដរាបតរៀងទៅ៕