(តាកែវ)៖ អគ្គិភ័យឆេះផ្សារសំរោងយ៉ោង នៅស្រុកបាទី ខេត្តតាកែវ ដែលកើតឡើងនាយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ បានបំផ្លាញតូបអស់២៣០តូប ក្នុងចំណោមតូប២៨៣តូប ដែលមាននៅក្នុងផ្សារ។ ទំហំនៃការខូចខាតនេះ បើការវាយតម្លៃជាបឋម ខ្ទង់លានដុល្លារអាមេរិក។

របាយការណ៍រប់សអធិការដ្ឋាននគរបាលស្រុកបាទី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ក្នុងហេតុការណ៍អគ្គិភ័យធំមួយនេះ សមត្ថកិច្ចបានប្រើប្រាស់ឡានទឹក២៧គ្រឿង ហើយប្រើទឹក៩២ឡាន ទើបអាចគ្រប់គ្រងបានទាំងស្រុង រហូតដល់ម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទៅ១៨ ខែកញ្ញា។

សមត្ថកិច្ចបានបញ្ជាក់ថា រថយន្ដពន្លត់អគ្គិភ័យទាំងអស់នោះរួមមាន៖ មកពី ស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន១១គ្រឿង, អគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន៤គ្រឿង, កងពលតូចលេខ៧ ចំនួន០៣គ្រឿង, ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចំនួន០២គ្រឿង, អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ចំនួន០២គ្រឿង, ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំនួន០៣គ្រឿង និងស្រាបៀកម្ពុជា ចំនួន០១គ្រឿង។

ប្រភពព័ត៌មានពីមន្ដ្រីនគរបាល បានអះអាងថា អគ្គិភ័យនេះកើតឡើងដោយសារតែឆ្លងចរន្ដអគ្គិសនី៕