ប្រជាពលរដ្ឋងាយរងគ្រោះ និងប្រជាការពារចំនួន ៣៤គ្រួសារ ទទួលបានអំណោយពីព្រះគ្រូចៅអធិការវត្តក្រឡាញ់ចាស់

(កំពង់ឆ្នាំង)៖ ព្រះគ្រូបញ្ញាបទីបោ ម៉ុច សៅលី ទីប្រឹក្សាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តសម្តេចនន្ទង៉ែតសែនជ័យសត្ថារាម ហៅវត្តក្រឡាញ់ចាស់ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ បានចែកទេយ្យទានដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងប្រជាការពារចំនួន៣៤គ្រួសារ នៅក្នុងវត្តក្រឡាញ់ចាស់ ស្ថិតក្នុងភូមិស្រង៉ាំទេរ ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ព្រះគ្រូបញ្ញាបទីបោ ម៉ុច សៅលី មានសង្ឃដីកាបញ្ជាក់ថា ជំនួយទាំងអស់នេះជាសទ្ធាជ្រះថ្លា របស់ពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានយកមកប្រគេនក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃ ទុកសម្រាប់ផ្គត់ផ្គង់ព្រះសង្ឃក្នុងវត្ត តែដោយមើលឃើញថា ទេយ្យទានពុទ្ធបរិស័ទមានច្រើន ព្រះអង្គ និងអាចារ្យ គណៈកម្មការវត្ត បានឯកភាពគ្នាទុកមួយចំណែកសម្រាប់ព្រះសង្ឃ និងមួយចំណែកទៀតយកមកចែករំលែក ជាទេយ្យទានជូនប្រជាពលរដ្ឋងាយរងគ្រោះ និងប្រជាការពារ ចំនួន៣៤គ្រួសារ ក្នុងនោះមានលោកតា លោកយាយ១២គ្រួសារ ដែលជួយបម្រើការងារជូនវត្តក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃនេះផងដែរ។

ព្រះគ្រូបញ្ញាបទីបោ ម៉ុច សៅលី មានសង្ឃដីកាបន្ថែមទៀតថា នេះជាសកម្មភាពមនុស្សធម៌របស់ព្រះពុទ្ធសាសនា បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះដោយយថាហេតុផ្សេងៗ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ដែលកំពុងរីករាលដាល នៅលើពិភពលោក ហើយនៅប្រទេសកម្ពុជាក៏រងផលប៉ះពាល់ជំងឺនេះផងដែរ។

ព្រះគ្រូបញ្ញាបទីបោ ម៉ុច សៅលី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនបុណ្យកុសល ដល់លោក លោកស្រី និងពុទ្ធបរិស័ទ ដែលជាម្ចាស់សទ្ធា និងថ្លែងអំណរគុណដល់អង្គភាពសារព័ត៌មានមួយចំនួន ជាពិសេសអង្គភាពព័ត៌មាន Fresh News ដែលបានមើលឃើញពីផលលំបាកក្នុងវត្តពីការដាក់វេនបិណ្ឌ និងជួយផ្សព្វផ្សាយឱ្យបានដល់ម្ចាស់ទានជាច្រើនបានដឹងជាដំណឹង និងបានយកជាទេយ្យទាន និងចង្ហាន់មកដល់វត្តក្រឡាញ់ចាស់ និងសូមជូនពរដល់ម្ចាស់ទាន និងបុគ្គលិកអង្គភាពព័ត៌មាន Fresh News ទាំងអស់មានសុខភាពល្អ ជួបតែសេចក្ដីសុខ សេចក្ដីចម្រើន និងសូមចំរើនពរជូននូវពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

ក្នុងឱកាសនោះដែរតំណាងប្រជាពលរដ្ឋ និងប្រជាការពារបានថ្លែងនូវព្រះរាជអំណរ ព្រះគុណយ៉ាងជ្រាលជ្រៅដល់ព្រះគ្រូបញ្ញាបទីបោ ម៉ុច សៅលី និងសូមឱ្យព្រះអង្គមានសុខភាពល្អ ព្រះជន្មយឺនយូរ ដើម្បីបន្តកសាងសមិទ្ធផលនានា ក្នុងវត្តឱ្យកាន់តែរីកចំរើនថែមទៀត ទុកសម្រាប់កូនចៅជំនាន់ក្រោយគោរពបូជា។

សូមបញ្ជាក់ថា ទេយ្យទានដែលបានចែកជូនដល់គ្រួសារងាយរងគ្រោះចំនួន២២គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ ២៥គីឡូ , ទឹកត្រី១យួរ , ទឹកស៊ីអ៉ី១យួរ , មី១កេស ,ភេសជ្ជៈ៥កំប៉ុង និងថវិកា ១ម៉ឺនរៀល ។ ដោយឡែក ប្រជាការពារ និងលោកតា លោកយាយ១២នាក់ ទទួលបានអង្ករ ២៥គីឡូ , ទឹកត្រី១យួរ , ទឹកស្អីវ១យួរ, មី១កេស, ភេសជ្ជៈ៥កំប៉ុង និងថវិកា ១ម៉ឺនរៀល និងថវិកា៥ម៉ឺនរៀល ៕