(តាកែវ)៖ ឧត្តមសេនីយ៍ឯក មាស ប៊ុនឡី អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យរួមគ្នាការពារសុខសន្តិភាព ការអភិវឌ្ឍ និងប្រយុទ្ធជំងឺកូវីដ-១៩ ឱ្យបានខ្លាំងក្លាបន្ថែមទៀតទោះបីប្រទេសកម្ពុជាមានសភាពធូរស្រាលយ៉ាងណាក្តីតែមិនត្រូវធ្វេសប្រហែសនោះឡើយ។

ការអំពាវនាវបែបនេះ របស់ឧត្តមសេនីយ៍ឯក មាស ប៊ុនឡី បានធ្វើឡើងនាក្នុងឱកាសដែលលោកបានដឹកនាំ ក្រុមការងារកាន់បិណ្ឌវេនទី១៤ និងសំណេះសំណាលជាមួយប្រជាពុទ្ធបរិស័ទ នៅវត្តអង្គកែវ ស្ថិតក្នុងឃុំអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះ។

ជាមួយគ្នានេះដែរ ឧត្តមសេនីយ៍ឯក មាស ប៊ុនឡី បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងនាយឧត្តមសេនីយ៍ ចៅ ភិរុណអគ្គនាយក អគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ ជូនដល់ពុទ្ធបរិស័ទប្រជាពលរដ្ឋកងកម្លាំងប្រដាប់អាវុធនៅក្នុងស្រុកទ្រាំង ខេត្តតាកែវ ផងដែរ។

ឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា គុណតម្លៃសន្តិភាពបាននាំមកនូវការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន។ អគុណតម្លៃនៃយុទ្ធសាស្ត្រ «ឈ្នះ-ឈ្នះ» ដែលបាននាំមកនូវសុខសន្តិភាព និងវឌ្ឍនភាពគ្រប់វិស័យ រួមទាំងលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរឹងមាំ ដែលជាបច្ច័យសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ ររបស់ប្រជាពលរដ្ឋ។

ឧត្តមសេនីយ៍ឯក បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរធ្លាប់បានឆ្លងកាត់នូវភ្លើងសង្គ្រាមរ៉ាំរ៉ៃ ហើយត្រូវបានគណបក្សប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាលកម្ពុជា ដែលសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំបានរំដោះប្រជាពលរដ្ឋឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានប្រែក្លាយប្រទេសកម្ពុជា ពីវាលពិឃាតឱ្យក្លាយទៅជាប្រទេសមានការអភិវឌ្ឍលើគ្រប់វិស័យទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ដូច្នេះសូមកុំភ្លេចអរគុណសន្តិភាព។

លោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី បានគូសបញ្ជាក់ថា បើទោះបីប្រទេសកម្ពុជា មានសភាពធូរស្រាលពីជំងឺកូវីដ-១៩ ក៏ដោយតែត្រុវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការបង្កាទប់ស្កាត់ជំងឺនេះ មិនឱ្យឆ្លងរាលដាលដល់សហគមន៍ជាដាច់ខាត គឺត្រូវធ្វើអនាម័យជាប្រចាំលាងដៃនិងសាប៊ូ ជែល អាល់កុល និងនៅគម្លាតគ្នាឱ្យបាន ១,៥ម៉ែត្រ និងពាក់ម៉ាសនៅកន្លែងទីប្រជុំជន។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ឯក បានអំពាវនាវដល់អាជ្ញាធរកងកម្លាំងប្រដាប់អាវុធទាំងអស់ រួមគ្នាការពារសុខសុវត្ថិភាពនៅមូលដ្ឋានឱ្យបានល្អប្រសើរ និងអប់រំកូនចៅឱ្យចៀសឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទព្រមទាំងនាំគ្នាគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ។

នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក មាស ប៊ុនឡី បាននាំនូវបច្ច័យចូលបុណ្យវត្តអង្គកែវ ចំនួន១លានរៀល ជូនយាយជីតាជី ២០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១ម៉ឺនរៀល និងប្រគេនព្រះសង្ឃ ១៥អង្គ ក្នុងមួយអង្គទទួលបានបច្ច័យ ៥មុឺនរៀល ប្រជាការពារ ១៥នាក់ ក្នុងម្នាក់ទទួលបានថវិកា ២ម៉ឺនរៀល ព្រមទាំងជាវផ្ទាំងគំនូរមួយផ្ទាំងតម្លៃ៣០០ដុល្លារ ផងដែរ៕