(ភ្នំពេញ)៖ ថ្ងៃពុធ ១៤ រោច ខែភទ្របទ ឆ្នាំជូន ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះ គឺជាថ្ងៃទី១ ដែលរាជរដ្ឋាភិបាលអនុញ្ញាតឲ្យបងប្អូនមន្ត្រីរាជការ កម្មករនិយោជិត ឈប់សម្រាកប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៦-១៧ និង ១៨ ខែកញ្ញា ឆ្នាំ២០២០។

នៅថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋ បានសម្រុកធ្វើដំណើរ ទៅធ្វើបុណ្យនៅស្រុកកំណើត និងតាមទីវត្តអារ៉ាមនានា ដើម្បីឧទ្ទិសនូវកុសលផលបុណ្យ ជូនបុព្វការីជនរបស់ខ្លួន។ នៅតាមដងផ្លូវជាតិនានា សង្កេតឃើញចរាចរណ៍មានការមមាញឹកខ្លាំង ដោយមានការកកស្ទះចរាចរណ៍ផងដែរ។ បើទោះបីជាមានការស្ទុះចរាចរណ៍ក្តី ក៏សទ្ធាជ្រះថ្លារបស់បងប្អូនប្រជាពលរដ្ឋខ្មែរ នៅតែមានមោះមុតជាមួយនឹងការធ្វើបុណ្យសន្សំកុសល។

នៅតាមផ្លូវសមត្ថកិច្ច និងកងកម្លាំង បានជួយសម្រួលចរាចរណ៍យ៉ាងសកម្មបំផុត ដើម្បីអាចឲ្យប្រជាពលរដ្ឋ ធ្វើដំណើរទៅធ្វើបុណ្យទាន ជួបជុំគ្រួសារ ដោយក្តីសប្បាយរីករាយ។

យ៉ាងណាក៏ដោយធ្វើបុណ្យទានប្រកបដោយសទ្ធាជ្រះថ្លារបស់បងប្អូនប្រជាពលរដ្ឋនេះ គឺបានមកពីបច្ច័យនៃសុខសន្តិភាព។

ដោយសារតម្លៃនៃសន្តិភាពនេះហើយ ទើបប្រជាពលរដ្ឋត្រូវតែបន្តចូលរួមថែរក្សាសុខសន្តិភាព ឲ្យបានគង់វង្ស ដើម្បីកម្ពុជានៃយើង បន្តរីកចម្រើនជឿនលឿនថែមទៀត។ អរគុណសន្តិភាព យើងរួមគ្នាថែរក្សាសន្តិភាព ៕