(កណ្ដាល)៖ លោកបណ្ឌិត គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ សូមអញ្ជើញមកកម្សាន្តនៅក្នុងមូលដ្ឋានខេត្តកណ្តាល ក្នុងឱកាស បុណ្យភ្ជុំបិណ្ឌ ខណៈខេត្តព័ទ្ធជុំវិញរាជធានីភ្នំពេញ មួយនេះមានតំបន់កម្សាន្តជាច្រើនទាំងបែបធម្មជាតិ និងកម្សាន្តបែបកែច្នៃ។

ការអំពាវនាវបែបនេះរបស់លោកបណ្ឌិត គង់់ សោភ័ណ្ឌ បានធ្វើឡើងនាគ្រាដែលលោកដឹកនាំមន្ត្រីជាច្រើននាក់កាន់បិណ្ឌទី១៣ នៅវត្តនៅវត្តព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ នាថ្ងៃទី១៥ ខែកញ្ញា ម្សិលមិញ។ បន្ថែមពីនេះលោកក៏បានក្រើនរំឮកអាជ្ញាធរដែនដីត្រូវរៀបចំឱ្យបានល្អនូវសេវាកម្មទេសចរណ៍មួយនេះឱ្យមានប្រសិទ្ធភាព និងតម្លាភាព ដោយមិនឱ្យភ្ញៀវទេសចរណ៍មានការអាក់អន់ស្រពន់ចិត្តឡើយ និងជាពិសេសត្រូវថែរក្សាសណ្ដាប់ធ្នាប់ សន្តិសុខ របៀបរៀបរយឱ្យបានល្អបំផុត។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត គង់ សោភ័ណ្ឌ បានអរគុណសន្តិភាព និងសូមអរគុណដល់នយោបាយឈ្នះ ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកដែលបានដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើនសំបូរសប្បាយ និងលូតលាស់ទៅមុខពីមួយជំហ៊ានទៅមួយជំហ៊ាន។

អភិបាលខេត្តក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែល ឬទឹកអាល់កុល និងត្រូវពាក់ម៉ាសក្នុងពេលចូលរួមពិធីដែលមានអ្នកចូលរួមច្រើន ដូចជាក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះជាដើម។ ជាពិសេសសូមកុំធ្វេសប្រហែស ឬមើលស្រាលជំងឺវីដ-១៩ ឱ្យសោះព្រោះជាជំងឺឆ្លងរាតត្បាតសាហាវបំផុត ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយ និងសូមធ្វើដំណើរប្រកបដោយសុវត្ថិភាព សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា សូមកុំបើកបរលើសល្បឿនកំណត់ សូមកុំបើកបរក្នុងស្ថានភាពស្រវឹងសូមពាក់មួកសុវត្ថិភាព និងខ្សែក្រវ៉ាត់សុវត្ថិភាពក្នុងពេលបើកបរ។

លោកអភិបាលខេត្តបានចូលរួមប្រារព្ធកិច្ចរាប់បាត វេប្រគេនចង្ហាន់ រួមទាំងទេយ្យមានអង្ករ ១០បាវ ទឹកបរិសុទ្ធ ១០កេស មី១០កេស ទឹកក្រូច១០កេស បច្ច័យកសាងចំនួន៨៤០០០០០រៀល និងបានប្រវរណាបច្ច័យបួន ដល់ព្រះសង្ឃចំនួន៨អង្គ ក្នុងនោះប្រគេនព្រះពុទ្ធឃោសាចារ្យ ស ប៊ុនណា ព្រះបាឡាត់គណខេត្តកណ្តាល និងជាព្រះចៅអធិការវត្តវេឡុការាម នូវបច្ច័យ ៤០ម៉ឺនរៀល និងព្រះសង្ឃ៧អង្គ ក្នុងមួយអង្គប្រគេនបច្ច័យ ១០ម៉ឺនរៀល ព្រមទាំងបង្សុកូលពហូទេវាឆ្លង និងផ្សាយផល្លាអានិសង្ឃ ក្នុងឱកាសនៃបុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តព្រែកឬស្សី ស្ថិតនៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅខេត្តកណ្តាល ដើម្បីឧទ្ទិសកុសលជូន ដល់ដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណមាន ជីតា ញាតិការទាំង៧សន្តាន ព្រមទាំងបុព្វបុរសជាតិ វីរៈជនជាតិ មន្ត្រីរាជការស៊ីវិល នគរបាល យុទ្ធជន យុទ្ធនារីទាំងឡាយ ដែលមានគុណូប្បការៈចំពោះជាតិ និងប្រជាជនកម្ពុជា។

កន្លែងកម្សាន្តធម្មជាតិ, កែច្នៃ និងវប្បធម៌ទាំងនោះរួមមាន៖

ទី១៖ ភ្នំព្រះរាជទ្រព្យ ឬភ្នំឧត្តុង្គ មានរូបរាងដូចជាសត្វនាគ លាតសន្ធឹងពីជើងទៅត្បូងប្រវែងប្រមាណ ១,៥០០ម៉ែត្រ និងទទឹង ៧០០ម៉ែត្រ មានទេសភាពធម្មជាតិខៀវខ្ចីស្រស់ស្អាតព័ទ្ធជុំវិញភ្នំ និងស្រឡះល្អពោរពេញដោយខ្យល់អាកាសបរិសុទ្ធ ដោយអាចទាក់ទាញភ្ញៀវទេសចរណ៍ចង់ទៅលំហែកាយ។

 ទី២៖ រមណីយដ្ឋានធម្មជាតិ កៀនស្វាយក្រៅ រមណីយដ្ឋានធម្មជាតិនេះនេះមានផ្ទៃដីប្រមាណជាង ១០ហិកតា មានធម្មជាតិធំតូចនៅអមមាត់ទឹកត្រជាក់ល្ហឹម មានដំណាំចម្ការ និងដំណាំហូបផ្លែនៅក្បែរនោះថែមទៀតផង។ ភ្ញៀវទេសចរច្រើនសម្រាកលំហែអារម្មណ៍នឹងធម្មជាតិ ជិះទូកកម្សាន្ដលេង ញាំចំណីលក់តាមទូក និងផ្ដិតយកទេសភាពលើមាត់ទឹកនៅកន្លែងនេះ។

ទី៣៖ វត្តទួលរាជា អាចនិយាយបានថាជាអារាមដ៏ស្កឹមស្កៃនៃព្រះពុទ្ធសាសនា ដែលហូរហៀរទៅដោសមិទ្ធិផលជាច្រើននៅផ្ដុំគ្នា ហើយក៏មានសំណង់បដិមាព្រះពុទ្ធធំជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជា គឺរូបសំណាកដ៏ធំនេះហើយដែលអ្នកនឹងមើលឃើញពីចម្ងាយនៅឡឹមៗ ខណៈធ្វើដំណើរទៅកាន់ទីអារាមមួយនេះ ដោយមានទីតាំងនៅទីខ្ពស់មួយ តាមមាត់ទន្លេបាសាក់នាត្រើយខាងកើត ក្នុងភូមិពោធិបាន ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល។

ទី៤៖ រមណីយដ្ឋានទេសចរណ៍ឆ្នេរខ្សាច់កោះដាច់ មានឆ្នេរយ៉ាងស្រស់ស្អាតដែលកើតឡើងដោយទន្លេមេគង្គ មានខ្សាច់សក្បោះនិងម៉ដ្ឋល្អ រីឯទឹកទន្លេក៏ថ្លាល្អត្រជាក់ស្រឹបគួរឱ្យចង់លេង ដោយផ្អល់អារម្មណ៍ស្រស់ថ្លា និងទាក់ចិត្តភ្ញៀវទេសចរឱ្យចង់សម្រាកលំហែ ដោយមានតូបប្រក់ដំបូរស្បូរនៅអមមាត់ឆ្នេរយ៉ាងច្រើនសន្ធឹកសន្ធាប់ចាំទទួលភ្ញៀវទេសចរទៅសម្រាកលំហែនៅកន្លែងនេះ។

ទី៥៖ រមណីយដ្ឋានចំការស្នេហ៍ នៅរមណីយដ្ឋានចំការស្នេហ៍ មានខ្យល់អាកាសបរិសុទ្ធល្អ បរិយាកាសស្ងប់ស្ងាត់ មានកន្លែងសម្រាប់ភ្ញៀវស្នាក់នៅដោយទទួលអារម្មណ៍ប្លែក ត្បិតមានការរៀបចំជាកូនផ្ទះជនជាតិព្នង កូនកញ្ចុះតូចៗ ទីកន្លែងហែលទឹកធម្មជាតិ មានសត្វព្រៃសម្រាប់ភ្ញៀវទស្សនា និងផលដំណាំហូបផ្លែជាច្រើនត្រូវបានដាំដុះនៅក្នុងកន្លែងនេះ។

ទី៧៖ រមណីយដ្ឋានព្រែកលាប និងបាក់ខែង គឺជារមណីយដ្ឋានប្របនឹងមាត់ទឹក ដោយអ្នកនឹងឃើញមានកញ្ចុះ ឬតូបស្បូវលើទឹកជាច្រើនតាមដងទន្លេ សម្រាប់ទទួលភ្ញៀវទេសចរសម្រាកលំហែអារម្មណ៍ ស្រូបយកខ្យល់អាកាសបរិសុទ្ធតាមបណ្ដោយមាត់ដងទន្លេមេគង្គ។

ទី៨៖ សួនសត្វភ្នំពេញសាហ្វារី ជាទីកន្លែងកម្សាន្ដថ្មីមួយ នៅចន្លោះរវាងភ្នំពេញ និងខេត្តកណ្ដាល ដោយមានទីតាំងនៅភូមិព្រែកតារ័ត្ន ឃុំ ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានចម្ងាយប្រមាណ ១៨គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។សួនសត្វដែលលាតសន្ធឹងលើផ្ទៃដីល្វឹងល្វើយជាង ៦០ហិកតានេះ មានសត្វសម្រាប់ឱ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិទស្សនា ច្រើនជាង ៦០ប្រភេទ រួមមានដូចជា សត្វខ្លា ខ្លាឃ្មុំ ក្រពើ ស្វា ត្រី សត្វស្លាប និងសត្វផ្សេងៗជាច្រើនទៀត។

ទី៩៖ រមណីយដ្ឋាន 7NG នៅតំបន់នេះអ្នកអាចនឹងមានជម្រើសដើរកម្សាន្ដបានច្រើនកន្លែង ដោយមានកញ្ចុះលក់ម្ហូបអាហារអមតាមដងផ្លូវនៅទីនោះជាច្រើន។ ហើយទីកន្លែងនេះអ្នកក៏អាចចូលលេងកន្លែងកម្សាន្ដដ៏ធំមួយទៀត គឺ Jet's Garden Park ដោយក្នុងនោះជារមណីយដ្ឋានរៀបចំ មានធម្មជាតិស្រស់ស្អាត ខ្យល់អាកាសស្រឡះល្អ ដោយបង្កើតឱ្យមាន កូនភ្នំតូចៗ កន្លែងលេងទឹក និងរូបសំណាកជាច្រើនប្រភេទដូចជាសត្វព្រៃ និងព្រះពុទ្ធ៕