(ភ្នំពេញ)៖ មិនថាឱកាសបុណ្យភ្ជុំ ឬបុណ្យចូលឆ្នាំថ្មីនោះឡើយ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តែងតែកាន់ស្រោមសំបុត្រថវិកាចែកជូនមន្ត្រីរាជការបម្រើការនៅក្នុងក្រសួងគ្រប់រូប។

នៅឆ្នាំ២០២០នេះ ក៏ដូចជាឆ្នាំកន្លងទៅដែរ នៅមុនថ្ងៃឈប់សម្រាកបុណ្យភ្ជុំមកដល់ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានឆ្លៀតជួបជូនពរ និងផ្តល់កញ្ចប់ថវិកាបន្តិចបន្តួចជូនមន្ត្រីរាជការបម្រើការនៅទីស្តីការក្រសួង ជាការលើកទឹកចិត្ត និងជាការអរគុណចំពោះការខិតខំប្រឹងប្រែងយ៉ាងស្វាហាប់របស់ពួកគេ ដើម្បីនាំមកនូវសមិទ្ធផលសម្រាប់ជាតិ និងប្រជាជន។

ការជួបជូនពរ និងផ្តល់ថវិកាលើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទនេះ មិនមែនជារឿងថ្មីឡើយសម្រាប់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។ លោករដ្ឋមន្ត្រី តែងបានធ្វើបែបនេះតាំងពីលោកនៅធ្វើជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្នុងអាណត្តិទី៥មកម្ល៉េះ។

កាយវិការរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាននាំឱ្យមានការពេញចិត្ត និងគោរពពីមន្ត្រីក្រោមឱវាទ។ មិនត្រឹមតែមន្ត្រីក្រោមឱវាទរបស់លោកនោះទេ សូម្បីតែប្រជាពលរដ្ឋដែលបានឃើញកាយវិការនេះ ក៏បានបង្ហាញកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមានចិត្ត និងរបៀបរបបនៃការដឹកនាំរបស់លោកផងដែរ៕