(កោះកុង)៖ សាលាអប់រំកុមារឆ្នើមកម្ពុជា សាខាខេត្តកោះកុង បានសម្ពោធដាក់ឱ្យដំណើការ នូវសាខាថ្មីរបស់ខ្លួនមួយទៀត នៅក្នុងទឹកដីនៃខេត្តកោះកុង ដែលពិធីសម្ពោធត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង។

ក្នុងឱកាសបើកដំណើរសាខាថ្មីនេះ ដែលបានធ្វើឡើងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០កន្លងមកនេះ លោកស្រីអភិបាលខេត្តកោះកុង បានចាត់ទុកថា សាលាអប់រំកុមារឆ្នើមកម្ពុជា ដែលបានបើកសាខានៅក្នុងខេត្តកោះកុងនាពេលនេះ ដែលជាឱកាសដ៏ល្អមួយសម្រាប់សិស្សានុសិស្ស ក្នុងខេត្តកោះកុង ដែលត្រូវការសិក្សារៀនសូត្រ ដើម្បីទទួលបាននូវចំណេះដឹងថ្មីៗ បែបទំនើប ជាការបង្កើតដោយខ្មែរ ធ្វើដោយខ្មែរ គ្រប់គ្រងដោយខ្មែរ គុណភាពលំដាប់អន្តរជាតិ។ ជាមួយគ្នានេះដែរ លោកស្រីមានក្តីសង្ឃឹមយ៉ាងមុតមាំថា សាលានឹងអនុវត្តតាមគោលការណ៍ណែនាំនានា របស់មន្ទីរអប់រំ យុវជន និងកីឡាយ៉ាងខ្ជាប់ខ្ជួន ព្រមទាំងសេចក្តីណែនាំរបស់ក្រសួងអប់រំ និងក្រសួងសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

លោក អ៊ូច អានភក្តី ស្ថាបនិកសាលាអប់រំកុមារឆ្នើមកម្ពុជា បានឲ្យដឹងថា ដោយបានធ្វើការក្នុងវិស័យអប់រំតាំងពីជាសិស្សរហូតដល់បញ្ចប់ការសិក្សា ក្នុងនាមជាគ្រូបង្រៀនពីកម្រិតមត្តេយ្យសិក្សា រហូតដល់សាកលវិទ្យាល័យ និងធ្លាប់បានធ្វើជាអ្នកគ្រប់គ្រងកម្មវិធី និងជានាយកសាលាស្តង់ដារជាតិ និងអន្តរជាតិ លោកចង់បានសាលារៀនខ្មែរមួយដែលផ្តួចផ្តើមគំនិតដោយខ្មែរ រៀបចំដោយខ្មែរ អនុវត្តដោយខ្មែរ១០០% តែមានគុណភាពទទួលស្គាល់កម្រិតអន្តរជាតិ ទើបក្នុងឆ្នាំ២០១៥ លោកបានសម្រេចចិត្ត និងបានចាប់ផ្តើមបើកសាលា ដែលមានឈ្មោះថា សាលាអប់រំកុមារឆ្មើមកម្ពុជា ឈ្មោះជាភាសាអង់គ្លេសគឺ Super Children Education Cambodian School។

សាលានេះមានគោដៅ ចង់ឃើញសិស្សដែលរៀននៅក្នុងសាលា អាចក្លាយជាសិស្សឆ្នើមសម្រាប់អនាគតដ៏ល្អ ហើយក្នុងស្លាកសញ្ញាសាលានេះ គឺផ្តោតលើចំណេះដឹងទូលំទូលាយ រួមទាំងវិទ្យាសាស្រ្តពិត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈនិងគណិតវិទ្យា សិស្សមានសមត្ថភាពប្រើប្រាស់ភាសា មានភាពជាអ្នកដឹកនាំ និងសហគ្រិនភាព ដែលត្រូវឲ្យសិស្សម្នាក់ៗទទួលបាន តែត្រូវបង្រៀនដោយជនជាតិខ្មែរទាំងអស់ ពីព្រោះដាក់ឈ្មោះសាលានេះថាសាលាកម្ពុជា។

លោកបន្តថា ដោយមានការគាំទ្រច្រើនពីមាតាបិតាសិស្ស ឲ្យមានការបើកថ្នាក់បឋមសិក្សា នៅតាមបណ្តាខេត្តទើបលោកបើកនៅទីនេះ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអប់រំ និងជំរុញប្រទេសកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០។

សូមជម្រាបថា សាលាអប់រំកុមារឆ្នើមកម្ពុជា ក៏បានចុះកិច្ចសហការជាមួយកម្មវិធីអភិវឌ្ឍន៍ខួរក្បាលកុមារអន្តរជាតិ ALOHA Mental Arithmetic International ដើម្បីយកកម្មវិធីដែលគិតលេខរហ័ស ដោយមាននៅច្រើនជាង៤០ប្រទេសនេះមកកម្ពុជា ហើយសាលាបានសហការនាំចូលកម្មវិធី STEAM ពីប្រទេសម៉ាឡេស៉ី ដើម្បីត្រៀមសិស្សឲ្យចូលក្នុងយុគសម័យឧហស្សកម្ម៤.០ ប្រទេស និងទីក្រុងដែលអាចក្លាយជា ប្រទេសនិងទីក្រុងឆ្លាតវ័យ។ ដោយកម្មវិធីសិក្សាក្នុងថ្នាក់បឋម មានទូរទស្សន៍ធំ ដែលអាចភ្ជាប់និងប្រព័ន្ធ Internet និងកុំព្យូទ័រគ្រប់បន្ទប់សិក្សា ដើម្បីបង្រៀន ដើម្បីបានបញ្ចូលសកម្មភាពបន្ថែមជាច្រើនក្នុងការបង្រៀន៕