(ភ្នំពេញ)៖ សារនយោបាយរបស់ លោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៉ី និងជាប្រធានកិត្តិយស នៃគណបក្សឆន្ទៈខ្មែរនៅថ្ងៃនេះ គឺលោកបានចាត់ទុកអតីតគណបក្សសង្រ្គោះជាតិ គឺជាព្រលឹងគ្មានរូបកាយ ដែលគ្មានអនុភាពទាំងនៅក្នុងមជ្ឈដ្ឋានច្បាប់ជាតិ និងអន្តរជាតិ។

លោក គង់ គាំ បានសរសេរនៅលើ Facebook របស់លោកយ៉ាងដូច្នេះថា៖ «(សុំទោស) ព្រោះខ្ញុំនិយាយដដែលៗថា៖ កុំដាស់អ្នកដែលធ្វើជាដេកលក់ កុំប្រាប់អ្នកដែលធ្វើជាថ្លង់ កុំបង្ហាញអ្នកដែលធ្វើជាខ្វាក់។ អ្នកដែលនៅមានវិចារណញ្ញាណ ប្រាកដជាចេះគិតត្រូវ ចេះយល់ត្រូវ និងចេះធ្វើត្រូវ ដើម្បីឱ្យខ្លួនរួចផុតចាកទុក្ខ ឱ្យអ្នកដទៃឱ្យសង្គម និងឱ្យប្រទេសជាតិបានទទួលសេចក្តីសុខចម្រើន តែតាមរយៈការចូលរួមការបោះឆ្នោតទាំងអស់គ្នា ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌តទៅ តែម៉្យាងប៉ុណ្ណោះ។ កុំប្រើកម្លាំងក្រៅសំឡេងឆ្នោត ទារឱ្យអ្នកឈ្នះ(ចុះពីអំណាច) កុំប្រើបដិវត្តផ្តួលរំលំ ប្តូរថ្មីទាំងអស់ រៀបចំថ្មីទាំងអស់ ជាក្រុមអ្នកនយោបាយកូនអុកលោកខាងលិច ប្រឆាំងចិននៅកម្ពុជាទាំងងងឹតងងល់»។

លោកបានបញ្ជាក់បន្តថា៖ «ព្រលឹងសេសសល់ ដែលគ្មានរូបកាយ គឺគ្មានអានុភាព (ច្បាប់ជាតិ/អន្តរជាតិ) ណាក្រៅពីពាក្យថា អតីត CNRP (រស់ក្នុងចិត្ត/ចូលរួមក្នុងចិត្ត/ឈ្នះក្នុងចិត្ត) តទៅលុះអវសាន្តនេះឡើយ។ ស្ថានភាពខ្លួនជួយខ្លួន និងរំពឹងអន្តរជាតិជួយ គឺមិនត្រឹមត្រូវតាមកាលៈទេសៈឡើយ»

អតីតគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលកាត់ទោសរំលាយចោល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយពីមានការឃាត់ខ្លួន លោក កឹម សុខា ប្រធានគណបក្សនេះ ដែលជាប់ព័ ន្ធនឹងការឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ របស់កម្ពុជា។ ជាមួយនឹងការកាត់ទោសគណបក្សនេះ តុលាការកំពូល ក៏បានហាមឃាត់ថ្នាកដឹកនាំអតីតគណបក្សនេះសរុបចំនួន១១៨រូប មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី ក្រោមច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ រាល់បុគ្គលដែលជាប់បម្រាមតុលាការ មិនឱ្យធ្វើនយោបាយ នឹងអាចទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ តាមរយៈការដាក់លិខិតស្នើទៅក្រសួងមហាផ្ទៃ ដើម្បីសុំរាជរដ្ឋាភិបាល ទូលថ្វាយព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្តល់នីតិសម្បាទា។

រហូតមកដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន១២រូបហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ ដែលក្នុងនោះរួមមាន ទី១៖ លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ទី២៖ លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ទី៣៖ លោក ស៊ីម សុវណ្ណនី និងទី៤៖ លោក រៀល ខេមរិន្ទ ដែលជាអតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ, ទី៥៖ លោក អ៊ូ ច័ន្ទរ័ត្ន, ទី៦៖ លោកស្រី ទេព សុទ្ធី, ទី៧៖ លោក កង គឹមហាក់ ទី៨៖ លោក ជីវ កត្តា និង ទី៩៖ លោក ច័ន្ទ សិលា ទី១០៖ លោក សុន ឆ័យ ទី១១៖ លោក តាវ គឹមឈន និងទី១២៖ លោកវ៉ា សាម៉ុន ជាដើម។

លោក គង់ គាំ បានអះអាងថា ជាងបីឆ្នាំមកនេះ ក្រុមអ្នកនយោបាយអតីត CNRP មានសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការនាយក អតីតតំណាងរាស្ត្រខ្លះ (ទាំងនៅថ្នាក់ក្រោមជាតិ) មានថ្នាក់រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់អតីត CNRP ជាប់ឆ្នោតខ្លះ ដែលអស់ការអត់ធ្មត់ អស់សង្ឈឹម អស់ជំនឿលើគុណសម្បត្តិរបស់ CNRP និងអតីតមេដឹកនាំ CNRP របស់ខ្លួនគ្រប់គ្នា បានសម្រេចដកខ្លួនទាន់ពេលវេលាជាបន្តបន្ទាប់។

លោកបញ្ជាក់បន្តថា ការដកខ្លួននេះ ដើម្បីតម្លៃជីវិតនយោបាយខ្លួនផ្ទាល់ និងភាពថ្លៃថ្នូរក្នុងការគោរពគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការអភិវឌ្ឍពិតប្រាកដ ដែលកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ បានត្រួសត្រាយជាគំរូ មិនធ្លាប់មានដូចទាំងក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា និងរបស់ពិភពលោក គឺបន្តចូលរួមឈរឈ្មោះ និងចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ក្នុងរដ្ឋសភានៅឆ្នាំ២០២៣ខាងមុខនេះ ដោយមិនអាចខកខានបាន តាមការបោកប្រាសរបស់ក្រុមជ្រុលនិយម ឬអាត្មានិយម នោះឡើយ៕