(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួន លោក ហាក់ វណ្ណា ប្រធានសភាពាណិជ្ជកម្មខេត្តកំពត-តាកែវ-កែប និងកូនប្រុសឈ្មោះ ហាក់ ឈុនឌី ពាក់ព័ន្ធករណីឆបោកប្រាក់។ នេះបើតាមដីការបស់លោក ម៉ៅ ស៉ីណា ចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០។

ក្នុងដីកានោះចៅក្រមជំនុំជម្រះ ម៉ៅ ស៉ីណា បានបញ្ជាក់ថា លោក ហាក់ វណ្ណា អាយុ៦០ឆ្នាំ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៦១ ផ្លូវ៥០BT សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានគេចខ្លួន បន្ទាប់ពីប្រព្រឹត្តបទល្មើស ហើយត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ ចំនួន២ឆ្នាំ ដោយកំបាំងមុខ។

ពីបទ «ឆបោក» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែកុម្ភៈ ឆ្នាំ២០១៦ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។ តាមពាក្យបណ្ដឹងរបស់ឈ្មោះ ស៊ុន សេងហ៊ាង ស្នាក់នៅផ្ទះភូមិខ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ចៅក្រមជំនុំជម្រះ ក៏បានបង្គាប់ឲ្យកងកម្លាំងសាធារណៈស្រាវជ្រាវរកចាប់ និងនាំខ្លួនឈ្មោះ ហាក់ វណ្ណា ដែលមានអត្តសញ្ញាណដូចខាងលើនេះផងដែរ។ ព្រមទាំងបង្គាប់ឲ្យប្រធានមណ្ឌលអប់រំកែប្រែទី១ នៃក្រសួងមហាផ្ទៃ ទទួល និងឃុំខ្លួនជននេះរហូតដល់មានសេចក្ដីសម្រេចផ្សេង។

ជាមួយគ្នានេះ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ ចៅក្រមជំនុំជម្រះ ម៉ៅ ស៉ីណា ក៏បានចេញដីកាបញ្ឈប់ការចាប់ខ្លួន លោក ហាក់ វណ្ណា និងឈ្មោះ ហាក់ ឈុនឌី វិញផងដែរ ក្រោមហេតុផលថាឈ្មោះនេះបានប្ដឹងជំទាស់៕