(បន្ទាយមានជ័យ)៖ ព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កត្តិយស និងព្រះមេគណខេត្តបន្ទាយមានជ័យ បានមានសង្ឃដីការ ក្រើនរំឮកដល់មន្ត្រីសង្ឃ និងព្រះសង្ឃទូទាំងខេត្ត ត្រូវធ្វើទឹកចិត្តឱ្យជ្រះថ្លា និងមិនត្រូវប្រព្រឹត្តទង្វើណាមួយដែលនាំឱ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា ជាពិសេសត្រូវខិតខំរៀនសូត្រក្បួនច្បាប់ វិន័យព្រះពុទ្ធសាសនាឱ្យបានម៉ត់ចត់។

ការមានដីការបែបនេះ របស់ព្រះឧត្តមសីលញាណ ធុល សុធា បានធ្វើឡើងនៅក្នុងឱកាសដែលព្រះអង្គបាននិមន្តប្រកាសតែងតាំងមន្រ្តីសង្ឃព្រះភិក្ខុអភិច្ឆន្ទោ ផូ សំអូន គង់នៅវត្តមុនីសាគររហាល ជាទីប្រឹក្សាព្រះឧត្តមសីលញាណ ធុល សុធា ផ្ទាល់ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ នៅស្រុកព្រះនេត្រព្រះ ដែលមានការនិមន្ត និងអញ្ជើញចូលរួមពីឧត្តមសេនីយ៍ទោ ខេង រ៉ា មេបញ្ជាការរងនគរបាលជាតិ ប្រចាំទិសភូមិភាគទី៤ និងលោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត។

នាឱកាសនោះព្រះឧត្តមសីលញាណ ធុល សុធា បានមានថេរដីការយ៉ាងដូច្នេះថា៖ «ចំពោះមន្រ្តីសង្ឃ មិនត្រូវធ្វេីអ្វីដែលខុសពីច្បាប់វិន័យព្រះពុទ្ធសាសនា ត្រូវខិតខំដឹកនាំវិស័យព្រះពុទ្ធសាសនាឱ្យចម្រេីនរុងរឿងនឹងត្រូវខខិតខំក៏កសាងវត្តអារាមឱ្យកាន់តែមានភាពរីកចម្រេីន ដេីម្បីពុទ្ធបរិស័ទ្ធគោរពបូជានៅពេលមានពិធីបុណ្យសាសនាផ្សេងៗ»

ព្រះមេគណខេត្ត បានមានថេរដីការថា «ព្រះសង្ឃមានតួនាទីដឹកនាំវិស័យព្រះពុទ្ធសាសនាមិនត្រូវប្រព្រឹត្តធ្វេីអ្វី ដែលនាំឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា ត្រូវខិតខំរៀនសូត្រក្បួនច្បាប់នូវធម៌វិន័យឱ្យបានខ្ជាប់ខ្ជួន ជាពិសេសត្រូវចូលរួមជាមួយកិច្ចការងារសង្គមជាដេីម មិនត្រឹមតែប៉ុណ្ណោះ ក្នុងនាមជាមន្ត្រីសង្ឃ ក្នុងការងារដឹកនាំវត្តអារាម មិនត្រូវមានការបែងចែក ឬប្រកាន់បក្ខពួកឡេីយ ដែលនាំឱ្យព្រះពុទ្ធសាសនាដ៏បវរនៃយេីងមានការធ្លាក់ចុះ»

ស្ថិតនៅក្នុងឱកាសនោះដែរ លោកឧត្ដមសេនីយ៍ទោ ខេង រ៉ា ក៏បានសំណេះសំណាលជាមួយប្រជាពលរដ្ឋ ពុទ្ធបរិស័ទ សិស្សានុសិស្ស ព្រមទាំងបានក្រេីនរំលឹកឱ្យប្រយុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ជាពិសេសសូមកុំភ្លេចអនុវត្តនូវវិធានណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងធម្មការ និងសាសនា ដែលបានដាក់ចេញក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ គឺតម្រូវឱ្យគ្រប់វត្តអារាមត្រូវមានទឹកអាល់កុល ឬជែលសម្លាប់មេរោគ និងត្រូវរក្សាគម្លាតសង្គមឱ្យបានពី១,៥ ទៅ ២ម៉ែត្រពីគ្នា៕