Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញកាន់បិណ្ឌវេន១៣ នៅវត្តស្ទឹងអង្កាញ់ នៅស្រុកអូររាំងឪ

15-09-2020 14:14

(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរស្រុក មន្ត្រីរាជការ ស.ស.យក ពុទ្ធបរិស័ទជិតឆ្ងាយចូលរួមកាន់បិណ្ឌវេនទី១៣ នៅវត្តសុវណ្ណគិរី ហៅវត្តស្ទឹងអង្កាញ់ ស្ថិតក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ដោយសទ្ធាជ្រះថ្លា ក្នុងការចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន និងសម្តេចពញាចក្រី ហេង សំរិន និងពលរដ្ឋពុទ្ធបរិស័ទ្ធក្នុងខេត្តត្បូងឃ្មុំ ក៍ដូចជាទូទាំងប្រទេស លើការបន្តថែរក្សាទំនៀមទំលាប់ប្រពៃណីខ្មែរដ៏ល្អផូរផង់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានប្រគេននូវគ្រឿងឧបភោគបរិភោគ និងបច្ច័យដល់ព្រះសង្ឃ ព្រមទាំងប្រគេនបច្ច័យមួយចំនួនទៀតចូលរួមកាន់បិណ្ឌទី១៣ ទុក
កសាងសមិទ្ធផលនានាជាបន្ត នៅវត្តទីអារាមមួយនេះ។

សូមជម្រាបថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៍ធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក និងក៏ជាឱកាសសម្រាប់ពុទ្ធបរិស័ទ ក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមបណ្ដាទីវត្តអារាមនានា។

សម្រាប់ពិធីបុណ្យកាន់បិណ្ឌឆ្នាំ២០២០នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០៕