(ស្វាយរៀង)៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់សមាជិកបក្ស ពីលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជន កម្ពុជា ចុះជួយខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានចាត់ឲ្យលោក កែរ រដ្ឋា ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយសង្កាត់ស្វាយរៀង ចុះសួរសុខទុក្ខ និងនាំអំណោយជូនលោក គង់ សារូ ចៅសង្កាត់ស្វាយរៀង ដែលមានជំងឺបំពង់ក និងជំងឺសួត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។

លោក កែរ រដ្ឋា បានថ្លែងពាំនាំនូវការសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីលោកស្រីកិត្តិសង្គហបណ្ឌិត មែន សំអន ដែលជានិច្ចកាលលោកស្រីតែងតែនឹករលឹកដល់ សមាជិក សមាជិការបស់គណបក្សជាពិសេសចំពោះសមាជិកបក្សដែលមានជីវភាពខ្វះខាត នឹងមានជំងឺសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានា និងចាត់ឲ្យក្រុមការងារ ឫលោកស្រីចុះផ្ទាល់ នាំអំណោយជាថវិកានិងសម្ភារដើម្បីចែកជូនផងដែរ។

លោកបានបញ្ជាក់ថា មានតែសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលជានិច្ចជាកាលតែងតែគិតគូរពីសុខទុក្ខ, ការលំបាក, សេចក្តីត្រូវការ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងតែងតែនៅជាប់ជាមួយប្រជាជនគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់។

លោក កែរ រដ្ឋា ក៏បានជំរុញដល់ក្រុមគ្រូពេទ្យទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការព្យាបាលអ្នកជំងឺ និងជាពិសេសចំពោះលោក គង់ សារូ ដែលជាចៅសង្កាត់ស្វាយរៀង ក្រុងស្វាយរៀងរបស់គណបក្សប្រជាជនកម្ពុជា ជាប់ឆ្នោតជាច្រើនអាណត្តិមកហើយ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្ត។ សូមលោកចៅសង្កាត់ ត្រូវប្រតិបត្តិតាមវេជ្ជបញ្ជាររបស់គ្រូពេទ្យក្នុងការពិសារថ្នាំឲ្យបានទៀងទាត់ ឆាប់ជាសះស្បើយដើម្បីបន្តការងារជាចៅសង្កាត់ស្វាយរៀង ក្នុងការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត។

អំណោយលោក កែរ រដ្ឋា នាំយកជូនលោក គង់ សារូ ចៅសង្កាត់ស្វាយរៀង រួមមាន៖ ទឹកដោះគោឆៅ ២ឡូ មី ១កេស ទឹកផ្លែឈើ ១កេស និងថវិកា ៥០០,០០០រៀល។

សូមបញ្ជាក់ថា បន្ទាប់ពីចុះសួរសុខទុក្ខ និងនាំអំណោយទៅចែកជូនដល់លោកចៅសង្កាត់ស្វាយរៀងរួចមក លោក កែរ រដ្ឋា បានដឹកនាំក្រុមការងារ ទៅចូលរួមរំលែកទុក្ខ សពភរិយារបស់លោក រស់ ឆាយ សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២០ កន្លងទៅនេះផងដែរ៕