(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពោលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា គ្មានការធ្វើកំណែទម្រង់ណាមួយដែលងាយស្រួលនោះឡើយ។ លោក ក៏បានរំលេចទៀតថា ដើម្បីឱ្យការធ្វើកំណែទម្រងនេះទទួលបានជោគជ័យ ត្រូវពឹងផ្អែកលើកត្តាសំខាន់ៗចំនួន៤។

តាមរយៈទំព័រ Facebook នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា កត្តាដែលនាំឱ្យការធ្វើកំណែទម្រង់ទទួលបានជោគជ័យនោះរួមមាន៖
១៖ ចក្ខុវិស័យច្បាស់លាស់ (ដោយផ្អែកលើមូលដ្ឋាននៃផលប្រយោជន៍រួម និងយូរអង្វែង)
២៖ ការប្តេជ្ញាចិត្តខ្ពស់ (របស់អ្នកអនុវត្តន៍)
៣៖ ការចូលរួមដោយស្មោះត្រង់ (ពីគ្រប់ភាគីពាក់ព័ន្ធ)
៤៖ ការលះបង់ (ផលប្រយោជន៍បុគ្គលទោះបីក្នុងកម្រិតណាមួយ ដើម្បីផលប្រយោជន៍រួម)

បច្ចុប្បន្នក្រៅតែពីការមានតួនាទីជាន់ខ្ពស់ក្នុងស្ថាប័នកងទ័ពហើយនោះ នៅក្នុងជួរគណបក្សប្រជាជនកម្ពុជាវិញ លោក ហ៊ុន ម៉ាណែត ក្នុងវ័យ ៤២ឆ្នាំ ក៏មានតួនាទីជាសមាជិកគណៈអចិន្ត្រៃយ៍វ័យក្មេងជាងគេក្នុងគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចផងដែរ។

តាមអ្វីដែលគណបក្សប្រជាជនកម្ពុជាកំពុងរៀបចំនេះ នាំឱ្យអ្នកតាមដាននយោបាយនៅកម្ពុជាសម្លឹងឃើញថា លោក ហ៊ុន ម៉ាណែត ជាគ្រាប់ពូជថ្មីនៃគណបក្សប្រជាជនកម្ពុជា ដែលអាចនឹងឈានទៅរកតំណែងកំពូលក្នុងជួររាជរដ្ឋាភិបាលមកពីគណបក្សប្រជាជនកម្ពុជានាពេលអនាគត។

សម្រាប់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជារយៈពេលជាង៤០ឆ្នាំមកនេះ កំណែទម្រង់លើការដឹកនាំ និងកសាងប្រទេស ត្រូវបានគណបក្សមួយនេះធ្វើជាបន្តបន្ទាប់ ហើយក៏បាននិងកំពុងប្រកាន់យកលើមាគ៌ាដឹកនាំរបស់ខ្លួនទៅមុខទៀតផងដែរ។

ការចេញសារបង្ហាញនូវទស្សនៈជាយុទ្ធសាស្ត្រក្នុងការធ្វើកំណែទម្រង់របស់លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាំឱ្យមានការចាប់អារម្មណ៍ខ្ពស់ពីអ្នកនយោបាយ អ្នកតាមដានស្ថានការណ៍នយោបាយ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាផងដែរ។

កំណែទម្រង់សម្រាប់កម្ពុជា គឺជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ដោយគេរំពឹងថា ការធ្វើកំណែទម្រង់ដោយកែលំអរលើភាពអសកម្មមួយចំនួន នឺងនាំឱ្យសង្គមកម្ពុជាកាន់តែរីកចម្រើន និងលូតលាស់ខ្លាំង៕