(កំពង់ចាម)៖ ករណីក្មេងស្ទាវ២ក្រុម ដែលកាប់ប្រហារគ្នានៅតំបន់រមណីយដ្ឋានទឹកឆា ស្ថិតក្នុងភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម ត្រូវកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម តាមស្រាវជ្រាវបង្ក្រាបបាន៤នាក់ ដកហូតបានកាវមួយដើម និងម៉ូតូ២គ្រឿង។

ស្នងការនគរបាលខេត្ដកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះថា នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចព្រៃម៉ៃសាក់ តំបន់រមណីយដ្ឋានទឹកឆា ស្ថិតក្នុងភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានករណីហិង្សាដោយចេតនា ដែលបង្កសកម្មភាព ឡើងដោយក្មេងទំនើងពីរក្រុម។

បើតាមលោកឧត្តមសេនីយ៍ស្នងការ មូលហេតុដែលនាំឲ្យកើតអំពើហិង្សានេះ គឺបណ្ដាលមកពីជិះម៉ូតូប្រជែងឌឺដងដាក់គ្នា ខណៈពេលជនរងគ្រោះ នាំគ្នាចេញពីលេងកម្សាន្ដចំណុចក្បាលទឹក តំបន់រមណីយដ្ឋានទឹកឆា។

ក្រោយហេតុការណ៍កើតឡើងភ្លាម លោកបានបញ្ជាកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ និងកម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រូច ដឹកនាំដោយ លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុក ព្រមទាំងកម្លាំងប្រចាំការគោលដៅ ចុះដល់កន្លែងកើតហេតុ ធ្វើការបង្ក្រាបចាប់ឃាត់ខ្លួន បានជនសង្ស័យចំនួន០៤នាក់ ចំណែក០២នាក់ទៀត បានរត់គេចខ្លួន ព្រមទាំងដកហូតវត្ថុតាងរួមមាន ដាវចំនួន០១ និងម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព ចំនួន០២គ្រឿង។

បច្ចុប្បន្នជនសង្ស័យចំនួន០៤នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ច នាំមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ចំណែកជនសង្ស័យពីរនាក់ផ្សេងទៀត សមត្ថកិច្ចកំពុងតែស្វែងរកយកមកអនុវត្តតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ឯម កុសល តែងតែយកចិត្តទុកដាក់ និងដាក់បទបញ្ជាក់យ៉ាងម៉ឹងម៉ាត់បំផុត ដល់គ្រប់កងកម្លាំងនៅតាមបណ្ដាអធិការដ្ឋាននគរបាលស្រុក-ក្រុងទាំង១០ ចំពោះវិធានការបង្កាប់រាល់សកម្មភាពក្មេងទំនើង ក៏ដូចជាបទល្មើសផ្សេងៗ ដែលកើតមានឡើង ព្រមទាំងធ្វើការបង្ក្រាបានជាច្រើនករណីមកហើយ នាពេលកន្លងមកនេះ៕