(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសុខាភិបាលតាមរយៈ ប្រព័ន្ធវីដេអូ ស្ដីពីការគ្របដណ្ដប់សុខភាពជាសកល (Universal Health Coverage) របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៉ី និង ប៉ាស៉ីហ្វិក ដែលមានប្រទេសជាង៣០ បានចូលរួម។

ក្នុងឱកាសនោះ លោក ម៉ម ប៊ុនហេង បានប្រាប់ប្រទេសសមាជិក របស់អង្គការសុខភាពពិភពលោក ប្រចាំតំបន់អាស៉ី និងប៉ាស៉ីហ្វិក ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើការគ្រប់គ្រងជំងឺកូវីដ១៩ បានយ៉ាងល្អ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីប្រកាសព័ត៌មាននេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្ដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណដល់អង្គការសុខភាព និងធនាគារអភិវឌ្ឍន៍អាស៉ី ចំពោះការរៀបចំកិច្ចប្រជុំដ៏មានសារសំខាន់នេះ។ ឆ្លៀតក្នុងឱកាសក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្ត្រី ក៏បានចែករំលែកនូវបទពិសោធរបស់កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន រហូតមកដល់បច្ចុប្បន្ន កម្ពុជាអាចគ្រប់គ្រងបានការរីករាលដាលនៃជំងឺកូវីដ១៩ ដែលករណីទាំងអស់ សុទ្ធតែជាករណីនាំចូលពីក្រៅប្រទេសចូលមកកម្ពុជា ជាពិសេសបញ្ចៀសបាននូវការចម្លងចូលសហគមន៍»

លោកបន្តថា យុទ្ធសាស្ត្រនេះ ជាឱកាសសម្រាប់កម្ពុជាពង្រឹង និងពង្រីកសេវា សុខភាពសាធារណៈ ដើម្បីធានាបាននូវការផ្តល់ សេវាប្រកបដោយតុណភាព និងសមភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល ពោលគឺគ្មាននរណាម្នាក់ត្រូវបានទុក ចោលដោយមិនបានទទួលនូវសេវាថែទាំ។

សូមបញ្ជាក់ថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសុខាភិបាលនេះ មានគោលបំណង ៣រួមមាន៖

* ១៖ ពិនិត្យមើលពី ផលប៉ះពាល់ដោយជំងឺកូដ-១៩ ទៅលើគោលដៅការបដណ្ដប់សុខភាពជាសាកល
* ២៖ កំណត់ និងចែករំលែក ពីការអនុវត្តប្រព័ន្ធសុខាភិបាលបច្ចុប្បន្ន ដើម្បីដោះស្រាយបញ្ហាកូរីដ-១៩ និងទាញយកកាលានុវត្តភាពនៃវិបត្តិនេះ សម្រាប់ឈានទៅដល់ការគ្របដណ្ដប់សុខភាពជាសកល
* ៣៖ ពិភាក្សាថាតើត្រូវវិនិយោគចេញពីវិបត្តិនៃជំងឺកូដ១៩ យ៉ាងដូចម្ដេច ដើម្បីជាមូលដ្ឋាន ឈានទៅសម្រេចគោលដៅការគ្របដណ្ដប់សុខភាពជាសកល៕