(ត្បូងឃ្មុំ)៖ រថយន្ដយីឌុបបុកគ្នាជាមួយរថយន្ដដឹកទឹកកកពេញទំហឹង បណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល ខណៈរថយន្ដខ្ទេចស្ទើរទាំងស្រុង។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំណុចជិតសាលាបឋមសិក្សា ម្រាមទាក ស្ថិតក្នុងឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តម៉ាក Hyundai (V1) ពណ៌ស ពាក់ផ្លាកលេខកំពង់ចាម 3A-6757 ប្រភេទសណ្តោងសឺមីរ៉ឺម៉កលេខកំពង់ចាម 4A-0202 បើកបរដោយឈ្មោះ ខន ខៀវ អាយុ២៣ឆ្នាំ នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ (របួសធ្ងន់) រួមដំណើរដោយឈ្មោះ ជិន សុជាតិ អាយុ១៧ឆ្នាំ នៅភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម (របួសធ្ងន់)។

ដោយឡែករថយន្តបង្ក Hyundai ពណ៌បៃតងខ្ចី ពាក់ផ្លាកលេខភ្នំពេញ3A-6831 បើកបរដោយឈ្មោះ ផាន រីន អាយុ៥២ឆ្នាំ នៅភូមិវាលវង់ ឃុំរការពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (របួសធ្ងន់) រួមដំណើរដោយឈ្មោះ ហួង សុភាព អាយុ២៤ឆ្នាំ នៅភូមិស្រះ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ (របួសស្រាល) ក្នុងទិសដៅបញ្រ្ចសគ្នា រថយន្តម៉ាក Hyundai (V1) បើកបរមកពីកើតទៅលិច ប្រើប្រាស់ល្បឿន រអិលវេចង្កូត ទៅបុករថយន្តម៉ាក Hundai ពណ៌បៃតងខ្ចី ពាក់ផ្លាកលេខភ្នំពេញ3A-6831 បើកបរមកពីលិច ទៅកើត។

ក្រោយកើតហេតុ កម្លាំងនគរបាលជំនាញបានស្ទួចយករថយន្តទាំងពីរគ្រឿង និងសម្រួលចរាចរណ៍ឡើងវិញ រួចយកទៅរក្សាទុកនៅអធិការនគរបាស្រុកត្បូងឃ្មុំ ដើម្បីរង់ចាំដោះស្រាយតាមនីតិវីធី ហើយបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ៕