(ស្ទឹងត្រែង)៖ ប្រជាពលរដ្ឋជិត៥០០គ្រួសារ នៅឃុំសេកុង និងឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ចង់ប្រើប្រាស់ភ្លើងផ្ទាល់ពីអគ្គិសនីកម្ពុជា ក្រោយក្រុមហ៊ុនផ្គត់ផ្គង់នាពេលបច្ចុប្បន្ននេះ បង្កការលំបាកដល់ពួកគាត់ និងមានភាពមិនប្រក្រតីជាច្រើន ដែលអាចនាំឲ្យពួកគាត់មានការខាតបង់ថវិកាក្នុងការប្រើប្រាស់។

សំណើរបស់ប្រជាពលរដ្ឋ៤៤៣គ្រួសារនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលអាជ្ញាធរ និងមន្ដ្រីជំនាញមកពីក្រសួងស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យស្រាវជ្រាវ លើភាពមិនប្រក្រតីក្នុងការផ្ដល់សេវាផ្គត់ផ្គង់ថាមពលអគ្គិសនី របស់ក្រុមហ៊ុនលោកស្រី ហ៊ុយ ចេង នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ជាលទ្ធផល នៃការស្រាវជ្រាវរកឃើញភាពមិនប្រក្រតីរបស់លោកស្រី ហ៊ុយ ចេង ដូចខាងក្រោម៖

* ការកាត់ត្រាអំណានលេខកុងទ័រសម្រាប់ចេញវិក្កយបត្រ ប្រចាំខែ មិថុនាលើស១២ថ្ងៃ ធ្វើឲ្យតម្លៃនៃការប្រើប្រាស់ថាមពលអគ្គិសនី មានការកើនឡើងដែលជាប្រភពនៃទំនាស់

* ក្នុងអំឡុងពេលមានបញ្ហា មានការដោះដូរកុងទ័រ និងកែខ្សែក្នុងប្រអប់កុងទ័រ មួយចំនួនមិនបានជូនដំណឹងដល់អ្នកប្រើប្រាស់ ធ្វើឲ្យប្រជាពលរដ្ឋ មិនសប្បាយចិត្ត និងមានការមន្ទិលសង្ស័យ

* សេវាករមិនបានយកចិត្តទុកដាក់ ក្នុងការចុះអត្តលេខកុងទ័រ (ID) ឲ្យបានត្រឹមត្រូវ ហើយការកត់ត្រាលេខអំណានរបស់អ្នកប្រើប្រាស់មួយចំនួន មិនបានត្រឹមត្រូវដើម្បីចេញវិក្កយបត្រ

* ឌីសង់ទ័រមួយចំនួនក្នុងប្រអប់ គឺខុសពីក្នុងវិក្កយបត្រ (ក្នុងប្រអប់20A ក្នុងវិក្កយបត្រ10A) ឬ (ក្នុងប្រអប់06A ក្នុងវិក្ក័យបត្រ10A) ខុសពីការព្រមព្រៀងរវាងសេវាករ និងអ្នកប្រើប្រាស់ ដែរបានទូទាត់ប្រាក់កក់

* មានការយឺតយ៉ាវក្នុងការផ្ដល់សេវា ដូចជា ការដោះដូរកុងទ័រខូច ឌីសង់ទ័រលោត (ជាពិសេសប្រអប់ដែកមួយចំនួនបិទជិត ថែមទាំងចាក់សោរជាប់ទៀត) ហើយប្រអប់ដាក់នាឡិការស្ទង់មួយចំនួន មិនបានរៀបចំឲ្យបានត្រឹមត្រូវ

* ក្នុងអំឡុងពេលមានបញ្ហាសេវាករ បានផ្ដាច់ចរន្ដអគ្គីសនីតាមខ្នងផ្ទះមួយចំនួន ដោយមិនបានជូនដំណឹងដល់អាជ្ញាធរពាក់ព័ន្ធ និងអ្នកប្រើប្រាស់

* សេវាករខ្វះបុគ្គលិកជំនាញច្បាស់លាស់ និងមានចំនួនមិនសមស្រប ក្នុងការបម្រើសេវា ហើយប្រើប្រាស់ពាក្យសម្ដីមិនបានសមរម្យ

* សេវាករមិនសូវមានវត្តមាននៅក្នុងស្រុកជាប់លាក់ ដើម្បីដោះស្រាយបញ្ហា អ្នកប្រើប្រាស់ឲ្យបានទាន់ពេលវេលា

* សេវាករយកថ្លៃភ្ជាប់ចរន្ដ និងប្រាក់កក់មិនបានត្រឹមត្រូវ តាមការកំណត់របស់អាជ្ញាធរអគ្គីសនីកម្ពុជា។

តាមរយៈជំនួបជាមួយប្រជាពលរដ្ឋនេះ អាជ្ញាធរ និងមន្ដ្រីពាក់ព័ន្ធសន្យាថា នឹងដោះស្រាយជូនប្រជាពលរដ្ឋ ខណៈប្រជាពលរដ្ឋសរុប៤៤៣គ្រួសារ ស្នើឲ្យបញ្ចប់អាជ្ញាបណ្ណរបស់លោកស្រី ហ៊ុយ ចេង ហើយចង់ប្រើប្រាស់ភ្លើងផ្ទាល់ពីអគ្គិសនីកម្ពុជាវិញ៕