(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ លោក ឆាយ ខេមរ័ត្ន អធិការនគរបាលក្រុងកំពង់ឆ្នាំង និងលោក ម៉ា យុន ប្រធានផ្នែកនគរបាលយុត្តិធម៌ក្រុង បានប្រគល់ម៉ូតូជូនក្រុមគ្រួសារ ជនរងគ្រោះដែលត្រូវបានចោរវាយប្លន់យកម៉ូតូកាលពីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ខណៈដែលជនរងគ្រោះបានដឹកជនសង្ស័យទៅចំណុចភូមិចុងកោះ។

ករណីប្រើហិង្សា វាយប្លន់យកម៉ូតូខាងលើនេះ បានកើតឡើងនៅផ្លូវខាងក្រោយកន្លែងទីពិឃាដសត្វ ស្ថិតក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង០៧ និង០០នាទីយប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០។

លោកវរសេនីយ៍ឯក ឆាយ ខេមរ័ត្ន អធិការក្រុងកំពង់ឆ្នាំង បានឲ្យអង្គភាពព័ត៌មាន Fresh News ដឹងនៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះថា ជនរងគ្រោះដែលជាអ្នករត់ម៉ូតូឌុបខាងលើនេះ មានឈ្មោះ ស្រី សុភ័ក្រ អាយុ៤៧ឆ្នាំ មានទីលំនៅភូមិសាលាផ្លូវវាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ មានមុខរបររត់ម៉ូតូឌុប។ ម៉ូតូរបស់គាត់ដែលត្រូវបានចោរវាយប្លន់យកនោះ គឺម៉ាកហុងដា សេ ១២៥ពណ៌ខ្មៅ សេរីឆ្នាំ២០១០ ពាក់ស្លាកលេខកំពង់ឆ្នាំង 1C-4386 ។

នៅវេលាខាងលើ ជនសង្ស័យបានហៅម៉ូតូរបស់គាត់ ឱ្យឌុបពីចំណុចសួនកុមារ ទៅចំណុចភូមិចុងកោះ លុះឌុបដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យក៏បានធ្វើសកម្មភាពដោយយកដបស្រា វាយទៅលើក្បាលជនរងគ្រោះពីក្រោយ បណ្ដាលឱ្យរងរបួសធ្ងន់។ បន្ទាប់ពីប្រវាយប្រតប់គ្នាមួយសន្ទុះមកជនរងគ្រោះ ក៏បានរត់ចេញស្រែកហៅឲ្យគេជួយ ឃើញដូច្នេះជនសង្ស័យក៏បានលើកម៉ូតូជន រងគ្រោះ ហើយជិះចេញពីកន្លែងកើតហេតុភ្លាមដែរ ចំណែកជនរងគ្រោះត្រូវបានសមត្ថកិច្ច បញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងទាំងយប់។

លោកអធិការបានបន្តឲ្យដឹងទៀតថា ក្រោយកើតហេតុ កម្លាំងអធិការដ្ឋាននគរបាល បានចុះដល់កន្លែងកើតហេតុ និងដោយមានការបញ្ជាផ្ទាល់ពីស្នងការខេត្ត កម្លាំងខាងក្នុងបានចេញល្បាត និងត្រួតពិនិត្យផ្ទះសំណាក់ ផ្ទះជួល និងបានជូនដំណឹងពីភិនភាគជនល្មើស ម៉ាក និងស្លាកលេខម៉ូតូ ទៅតាមបណ្ដាស្រុក ឱ្យដាក់កម្លាំងល្បាតត្រួតពិនិត្យជាបន្ទាន់នៅ តាមគោលដៅរៀងៗខ្លួន។

ជាលទ្ធផល ជនសង្ស័យបានគេចខ្លួនទៅខាងស្រុកទឹកផុស ជួបនិងកម្លាំងអធិការទឹកផុស កំពុងល្បាតនៅចំណុចដើមចំបក់ ពេលឃើញសមត្ថកិច្ជ ជនសង្ស័យក៏បានផ្តួលម៉ូតូចោល ហើយរត់គេចខ្លួនចូលក្នុងព្រៃបាត់ ចំណែកម៉ូតូជនរងគ្រោះ ត្រូវបានលោកអធិការនគរ បាលស្រុកទឹកផុស ប្រគល់ជូនមកកាន់អធិ ការដ្ឋាននគរបាលក្រុងកំពង់ ឆ្នាំងទាំងយប់ ដើម្បីរយកប្រគល់ជូនជនរងគ្រោះវិញផងដែរ៕