(ភ្នំពេញ)៖ លោក ផន សុភាព ប្រធានការដ្ឋានសាងសង់ OCIC តំណាងអ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ បានចុះចែកអំណោយ ជូនដល់ប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តចូលមករស់នៅក្នុងបុរីរុងរឿង នៃតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។

ប្រជាពលរដ្ឋ ដែលកំពុងរស់នៅយ៉ាងសុខដុមរមនា ក្នុងបុរីរុងរឿង បានសម្ដែងភាពសប្បាយរីករាយយ៉ាងក្រៃលែង ព្រោះមានផ្ទះរស់នៅសមរម្យ មានប្រព័ន្ធទឹកស្អាត ប្រើប្រាស់មានប្រព័ន្ធ លូត្រឹមត្រូវ និងលើសពីនេះទៀត ទាំងលក្ខណៈជីវភាពររស់នៅ ក៏កាន់តែល្អប្រសើរឡើងជាលំដាប់។

តំណាងប្រជាពលរដ្ឋ បានឲ្យដឹងថា ក្នុងនោះមានផ្សារ មានសាលារៀន សម្រាប់កូនចៅ មានមន្ទីរពេទ្យ មានប្រជាពលរដ្ឋរស់នៅយ៉ាងច្រើនកុះករ ដែលបង្កលក្ខណៈ ឲ្យអាចប្រកបអាជីវកម្ម បង្កើនប្រាប់ចំណូលប្រចាំថ្ងៃ ល្អប្រសើរ និងខ្លះទៀត ទទួលបានការងារក្នុងបុរី និងទទួលបានប្រាក់បៀវត្សសមរម្យផងដែរ។

លោក ផន សុភាព បានឲ្យដឹងថា កន្លងមកក្រុមហ៊ុន បានធ្វើការចែកអំណោយសប្បុរសធម៌ ជូនដល់ប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរស់នៅក្នុងបុរីរុងរឿង តំបន់អភិវឌ្ឍន៍ជ្រោយចង្វារ រាជធានីភ្នំពេញ បានចំនួន២៥លើករួចមកហើយ ហើយនេះក៏ជាលើកទី២៦ផងដែរ។

សូមបញ្ជាក់ថា អំណោយសប្បុរសធម៌របស់អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរស់នៅក្នុងបុរីរុងរឿង បើគិតពីការ ចំណាយតាំងពីលើកទី១ ដល់លើកទី២៦នេះ អ្នកឧកញ៉ា ពុង ឃាវសែ បានចំណាយអស់ទឹកប្រាក់សរុប មានចំនួនប្រមាណ៧៤១លានរៀលហើយ។

ប្រជាពលរដ្ឋ ដែលមកទទួលអំណោយនៅពេលនេះ កាលពីមុនពួកគាត់រស់នៅផ្ទះតូចៗ ធ្វើអំពីឈើប្រក់ស័ង្កសី ឬប្រក់ស្បូវនៅឡើយ មិនតែប៉ុណ្ណោះពួកគាត់រស់នៅ ជួបការលំបាកយ៉ាងខ្លាំងដូចជា៖ គ្មានទឹកស្អាតប្រើប្រាស់ គ្មានភ្លើងអគ្គិសនី រស់នៅលើទឹកកខ្វក់ បរិស្ថានមិនល្អ ងាយរងគ្រោះជាដើម -ល-។

ប៉ុន្តែក្រោយ ពីតំបន់ជ្រោយចង្វារនេះ ត្រូវបានរាជរដ្ឋាភិបាលសម្រេចប្រគល់សិទ្ធិ ឲ្យក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ដើម្បីធ្វើការអភិវឌ្ឍន៍តំបន់នេះ ឲ្យទៅជាទីក្រុងរណបថ្មីមួយទៀត នៅក្នុងរាជធានីភ្នំពេញឃើញថាតំបន់នេះ ត្រូវបានផ្លាស់ប្តូរមុខមាត់ថ្មី ស្របតាមការអភិវឌ្ឍន៍របស់ប្រទេសជាតិ៕